ជាទូទៅក្រុមហ៊ុនភាគច្រើន តែងតែមានការបែងចែករវាងក្រុមបុគ្គលិកផ្នែកលក់ ដើម្បីធ្វើការបិទការលក់ និងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនតាមការរំពឹងទុក ហើយមួយក្រុមទៀតគឺជាក្រុមបុគ្គលិកផ្នែកសេវាកម្មអតិថិជន ដើម្បីជួយសម្រួលដល់អតិថិជនដែលមានស្រាប់ នៅពេលពួកគេមានបញ្ហា ឬមានសំណួរនានា។ បន្ថែមពីនេះ ក៏មានក្រុមហ៊ុនមួយចំនួនប្រើប្រាស់ឧបករណ៍ CRM ក្នុងការជួយដល់ក្រុមបុគ្គលិកទាំងផ្នែកលក់ និងផ្នែកសេវាកម្មអតិថិជន ដើម្បីចូលប្រើប្រាស់ព័ត៌មានអតិថិជនបានយ៉ាងងាយស្រួល ដោយក្នុងនោះមានទាំងឈ្មោះអតិថិជន កាលបរិច្ឆេទកិច្ចសន្យា បរិមាណបញ្ជាទិញ និងទំនាក់ទំនងជាមួយអតិថិជនចុងក្រោយជាដើម។
ចំណាំ៖ CRM មកពីពាក្យពេញ Customer Relationship Management មានន័យថា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន។ អ្នកអាចចូលមើលគំរូ និងអាចយកប្រើប្រាស់នៃឧបករណ៍ CRM តាមតំណរភ្ជាប់នេះ https://salesflare.com/ ។
ភាពពាក់ព័ន្ធរវាងផ្នែកលក់ និងផ្នែកសេវាកម្មអតិថិជន
ក្រុមអ្នកលក់ ជាទូទៅចំណាយពេលវេលាត្រឹមតែ 37% ប៉ុណ្ណោះក្នុងការលក់របស់ពួកគេ ដោយពេលវេលានៅសេសសល់ គឺពួកគេចំណាយលើការថែរក្សានូវទំនាក់ទំនងជាមួយអតិថិជនទាំងអស់ តាមរយៈការហៅទូរស័ព្ទ ផ្ញើសារតាមឆាតឬអ៊ីម៊ែល និងកំណត់ពេលជួបជាមួយអតិថិជនជាដើម ក្នុងគោលបំណងស្ដាប់ការព្រួយបារម្ភរបស់អតិថិជន ដោះស្រាយតម្រូវការដល់អតិថិជន និងតាមដានជាប្រចាំលើចំណាប់អារម្មណ៍នូវអ្វីដែលពួកគេទទួលបានពីក្រុមហ៊ុនដែលផ្ដល់ជូន។ ហើយទាំងនេះសុទ្ធតែបានមកពីការសិក្សាស្រាវជ្រាវកាលពីឆ្នាំ 2017 របស់ InsideSales.com។
ចំណុចខាងលើនេះ អ្នកច្បាស់ជាគិតថា អ្វីដែលក្រុមអ្នកលក់ធ្វើសកម្មភាព វាហាក់បីដូចជាផ្នែកសេវាកម្មអតិថិជនកំពុងតែធ្វើដែរ។ ហើយវាជាការពិត ទាំងផ្នែកលក់ និងផ្នែកសេវាកម្មអតិថិជន ទាំងពីរនេះ មានសារៈសំខាន់ដូចគ្នា ពីព្រោះវាជាផ្នែកមួយដែលអាចចងចិត្តអតិថិជន និងអាចបិទការលក់ជាមួយអតិថិជន។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន អ្នកក៏ត្រូវបណ្ដុះបណ្ដាលផ្នែកអ្នកលក់ទាំងអស់ឱ្យចេះនូវជំនាញសេវាកម្មអតិថិជន ដើម្បីធ្វើជាតំណាងផ្នែកសេវាកម្មអតិថិជន ក្នុងការអាចផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំងអាចធ្វើឱ្យការបិទការលក់មានប្រសិទ្ធខ្ពស់ជាងមុន ទោះបីជាក្រុមហ៊ុនរបស់អ្នកកំពុងមានផ្នែកសេវាកម្មអតិថិជនមួយក្រុមហ៊ុនក៏ដោយ។
ផ្នែកសំខាន់ក្នុងការបង្រៀនដល់ក្រុមអ្នកលក់ទាំងអស់
ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវតែផ្ដល់ការបណ្ដុះបណ្ដាលលើផ្នែកសំខាន់ចំនួនពីរឱ្យក្រុមអ្នកលក់របស់អ្នកទាំងអស់បានយល់ដឹងបន្ថែម ដើម្បីធ្វើឱ្យពួកគេក្លាយជាអ្នកលក់ដ៏ល្អផង និងក្លាយជាតំណាងផ្នែកសេវាកម្មអតិថិជនដ៏ល្អផង ដោយលុបបំបាត់នូវការគិតរបស់អ្នកលក់ទាំងអស់ថា ខ្លួនឯងមិនត្រឹមជាអ្នកលក់នោះទេ ប៉ុន្តែក៏ជាអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អផងដែរ។
1. ការលក់ គឺជាការផ្ដល់សេវាកម្មអតិថិជនយ៉ាងសកម្មបំផុត
អ្នកត្រូវបណ្ដុះបណ្ដាលដល់ក្រុមអ្នកលក់ទាំងអស់ឱ្យបានដឹងថា ការលក់ គឺជាផ្នែកមួយដែលសំខាន់ ព្រមទាំងក៏ជាផ្នែកមួយដែលត្រូវផ្ដល់សេវាកម្មអតិថិជនដ៏ល្អយ៉ាងសកម្មភាពជាងគេ ពីព្រោះការលក់បានជោគជ័យ លុះត្រាតែអាចធ្វើឱ្យអតិថិជនជឿជាក់ អាចដោះស្រាយនូវតម្រូវការរបស់ពួកគេ និងមានទំនាក់ទំនងល្អជាមួយពួកគេផងដែរ។ បន្ថែមពីនេះ អ្នកផ្តល់សេវាអតិថិជនល្អបំផុត គឺជាអ្នកដោះស្រាយបញ្ហាដែលអត់ធ្មត់ខ្លាំងបំផុត ដែលធ្វើឱ្យអតិថិជនពេញចិត្ត ហើយរឿងទាំងនេះ ភាគច្រើនក្រុមអ្នកលក់ជួបច្រើនជាមួយអតិថិជន និងក៏ត្រូវដោះស្រាយជូនអតិថិជនផងដែរ។
ចូរចងចាំថា អ្នកត្រូវតែបង្ហាញឱ្យក្រុមអ្នកលក់ដឹងថា ការលក់ គឺជាប់ពាក់ព័ន្ធខ្លាំងជាមួយការផ្ដល់សេវាកម្មអតិថិជន ដូច្នេះត្រូវតែយកចិត្តទុកដាក់ទាំងជំនាញលក់ និងជំនាញផ្ដល់សេវាកម្មអតិថិជនឱ្យបានខ្លាំងដំណើរគ្នា ទើបអាជីពក៏រីកចម្រើន និងប្រាក់ចំណូលផ្ទាល់ខ្លួនក៏កាន់តែកើន ព្រមទាំងក្រុមហ៊ុនក៏ជោគជ័យផងដែរ។
2. បង្វឹកអ្នកលក់របស់អ្នកឱ្យគិតដូចអ្នកបម្រើសេវាអតិថិជន
នៅក្នុងចំណុចនេះ ក្នុងនាមជាអ្នកដឹកនាំត្រូវតែឱ្យក្រុមអ្នកលក់ទាំងអស់ចេះរៀនសង្កេតរាល់ការគិត និងទស្សនៈផ្សេងៗរបស់អ្នកផ្ដល់សេវាកម្មអតិថិជន ដូចជាអ្នកផ្ដល់សេវាកម្មអតិថិជនតែងតែព្យាយាមយល់អំពីអតិថិជនទាំងបញ្ហា តម្រូវការ និងទុក្ខកង្វល់នានា ដោយធ្វើជាអ្នកស្ដាប់ដ៏ល្អ បន្ទាប់មកព្យាយាមដោះស្រាយជូនអតិថិជន។ល។ បន្ថែមពីនេះ អ្នកក៏ត្រូវបង្រៀនដល់ក្រុមអ្នកលក់ពីរបៀបនៃការផ្ដល់សេវាកម្មដ៏ល្អ និងរបៀបយល់ចិត្តអតិថិជនជាដើម ដោយមិនមែនគ្រាន់តែគិតថា ក្នុងនាមជាអ្នកលក់ គ្រាន់តែបញ្ចុះបញ្ចូលអតិថិជនឱ្យបង់លុយទិញទៅបានហើយ។