ផ្លូវទេពផនជាផ្លូវដេលខ្ញុំតែងតែធ្វើដំណើរទៅមកដើម្បីធ្វើការរាល់ថ្ងៃ។ សំខាន់គឺផ្លូវនេះមានមនុស្សច្រើនធ្វើដំណើរទៅមករៀងរាល់ថ្ងៃហើយបង្កឲ្យមានការកកស្ទះជាញឹកញាប់។ ជាពិសេសនៅចំណុចស្តុបផ្សារដេប៉ូតែម្តង។
អ្នកដែលធ្លាប់ធ្វើដំណើរតាមផ្លូវនេះដែលសង្កេតមើលទេថានៅចំណុចស្តុបនោះគេមានដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយ? ជាក់ស្តែងនៅទីនោះមានផ្ទាំងBannerធំមួយដែលបង្ហាញពីម៉ាកទូរស័ព្ទដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាដែលមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង។ ម៉ាកទូរស័ព្ទរបស់ Sumsung គឺGalaxy S8 S8+
គឺជាម៉ាកទូរស័ព្ទដែលទើបតែនឹងចេញថ្មីភ្ជាប់ជាមួយភាពស្រស់ស្អាតនិងបំពាក់ដោយបច្ចេកវិទ្យាថ្មីផងដែរ។ រីឯផ្ទាំងផ្សាយពាណិជ្ជកម្មរបស់វាវិញគឺមានលក្ខណៈទាក់ទាញខ្លាំងមែនទែនព្រោះអ្នកដែលបង្កើតវាឡើងមកបានជ្រើសរើសរូបភាពស្រស់ស្អាត មិនសាំញ៉ាំ ឯអក្សរវិញគឺមិនរញ៉េរញ៉ៃច្រើន និងមានឈ្មោះច្បាស់ថែមទៀតផង។
ចុះហេតុអ្វីបានជាគេជ្រើសរើសទីតាំងនៅជាប់នឹងស្តុបបែបនេះ? ខ្ញុំជឿជាក់ថាអ្នកប្រហែលជាមានចម្លើយក្នុងចិត្តរួចជាស្រេចហើយ។ ជាការពិតណាស់ ដោយសារតែនៅទីនោះមានមនុស្សម្នាធ្វើដំណើរច្រើនមិនដាច់រៀងរាល់ថ្ងៃ។ ពិសេសជាងនេះទៅទៀតខណៈពេលដែលគេរង់ចាំ មនុស្សស្ទើរតែគ្រប់គ្នាតែងសម្លឹងមើលទៅស្តុបដែលកំពុងតែបញ្ចេញភ្លើងពណ៌ក្រហមដើម្បីរង់ចាំពេលវាលោតភ្លើងពណ៌បៃតងវិញ។ ក្នុងពេលប្រហែលជិតមួយនាទីនិងស្របពេលដែលគេមើលទៅភ្លើងស្តុបពណ៌ក្រហម គេប្រាកដជាមើលផ្ទាំងពាណិជ្ជកម្មរបស់ទូរស័ព្ទនោះផងដែរ។ ដូចបានរៀបរាប់ខាងលើថាផ្ទាំងនោះគឺពិតជាទាក់ទាញនិងមិនសាំញ៉ាំច្រើន ជាហេតុនាំឲ្យអ្នកដំណើរគឺងាយនឹងមើលជាពិសេសគឺងាយចងចាំ។ ហេតុផលសំខាន់មួយទៀតគឺមនុស្សមានពេលត្រឹមតែប្រហែលជិតមួយនាទីប៉ុណ្ណោះជាហេតុធ្វើឲ្យគេរើសយកការដាក់តែលក្ខណៈពិសេសនិងសំខាន់ដូចជាផ្ទាំងធំ រូបភាពស្អាតនិងទាក់ទាញ ឈ្មោះម៉ាកទូរស័ព្ទតែមួយបន្ទាត់ ព្រមទាំងលក្ខណៈពិសេសនៃទូរស័ព្ទផ្សេងទៀតតែប៉ុណ្ណោះ។
កាលពីអត្ថបទមុនដែលខ្ញុំបានសរសេរទាក់ទងនឹង Digital Marketing ហើយខ្ញុំក៏បានលើកឡើងដែរអំពីពាក្យថា “ការធ្វើទីផ្សារឬMarketing” នេះផងដែរដែលវាមានន័យថាគឺជាវិធីសាស្ត្រមួយដែលគេប្រើដើម្បីផ្សព្វផ្សាយផលិតផលឬសេវាកម្ម បង្ហាញពីគុណតម្លៃ ធ្វើឲ្យអតិថិជនស្គាល់ និងជឿទុកចិត្ត។ ជាក់ស្តែងសម្រាប់ការដាក់តាំងបង្ហាញបែបនេះគឺមានន័យថាជាការធ្វើឲ្យអតិថិជនស្គាល់ មើលឃើញជារឿយៗនាំឲ្យកើតមានជាទំនុកចិត្ត។ ការដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅជិតស្តុបជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនៃការធ្វើទីផ្សារផ្សេងៗទៀត។ ជាក់ស្តែងយើងក៏ឃើញមានផ្ទាំងផ្សាយពណិជ្ជកម្មផ្សេងទៀតដែលដាក់នៅតាមស្តុបផ្សេងៗដូចជាស្តុបផ្សារដើមគ ស្តុបសន្ធរមុខ និងស្តុបជិតពេទ្យលោកសង្ឃជាដើម។
តាមរយៈអត្ថបទខាងលើ អ្នកប្រហែលជាមានជម្រើសថាពេលដែលអ្នកចង់ដាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម អ្នកគួរតែដាក់នៅកន្លែងណាទើបមានប្រសិទ្ធភាពបំផុត។