spot_img
spot_img
Homeទូទៅហេតុអ្វីបានជាត្រូវវេចខ្ចប់ផលិតផលឲ្យបានល្អ?

ហេតុអ្វីបានជាត្រូវវេចខ្ចប់ផលិតផលឲ្យបានល្អ?

-

ការ​វេច​ខ្ចប់​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ចំពោះ​ផលិត​ផល​។ ​បើ​យើង​ប្រៀប​ធៀប​ការ​វេច​ខ្ចប់​ជា​មួយ​នឹង​​មនុស្ស​វិញ​នោះ​ វា​ហាក់​បី​ដូច​ជា​សំលៀក​បំពាក់​ដែល​យើង​ពាក់​ដូច្នេះ​ដែរ​។ សំលៀក​បំពាក់​បង្ហាញ​ពី​សំបក​ក្រៅ​ និង​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​។ ប៉ុន្តែ​ក៏​មាន​ពាក្យ​មួយ​ឃ្លា​ថា​ “កុំ​មើល​មនុស្ស​តែ​សំបក​ក្រៅ​” ​ហើយ​បើ​យើង​ចង់​ស្គាល់​គេ​ច្បាស់​ លុះ​ត្រា​តែ​យើង​ចំណាយ​ពេល​វេលា​ក្នុង​ការ​សិក្សា​ពី​គេ​។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​និយាយ​ពី​ការ​វេច​ខ្ចប់​នៃ​ផលិត​ផល​វិញ​ គ្មាន​អតិថិជន​ណា​មក​ចំណាយ​ពេល​វេលា​របស់​គេ​មក​ស្វែង​យល់​ពី​ផលិត​ផល​របស់​យើង​នោះ​ទេ។ បើ​យើង​សង្កេត​មើល​នៅ​តាម​ផ្សារ​ទំនើប​​និង​ហាង​ធំៗ​ ផលិត​ផល​ដែល​គេ​ដាក់​លក់​គឺ​សុទ្ធ​តែ​មាន​ការ​វេច​ខ្ចប់​ល្អ​។ កាល​ពី​មុន​ ភាគ​ច្រើន​នៃ​ផលិត​ផល​ដែល​ដាក់​លក់​នោះ​ គឺ​មិន​មែន​ជា​ទំនិញ​នៅ​ក្នុង​ស្រុក​ឡើយ​។ តែ​សព្វ​ថ្ងៃ​នេះ​យើង​សង្កេត​ឃើញ​ថា​ មាន​ផលិត​ផល​ក្នុង​ស្រុក​ច្រើន​ជាង​មុន​បាន​ដាក់​លក់​នៅ​តាម​ផ្សារ​និង​ហាង​ទាំង​នោះ​។ ការ​វេច​ខ្ចប់​បាន​ល្អ​ផ្តល់​សារៈ​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ផលិត​ផល?

  • បង្កើន​ទំនុក​ចិត្ត

ការ​វេច​ខ្ចប់​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​អារម្មណ៍​ថា​មាន​ទំនុក​ចិត្ត​ទៅ​លើ​ផលិត​ផល​នោះ​ជាង​ផលិត​ផល​ដែល​គ្មាន​ការ​វេច​ខ្ចប់​បាន​ត្រឹម​ត្រូវ​ល្អ​។ វា​ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផលិត​ផល​របស់​អ្នក​ ហើយ​អ្នក​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ទិញ​ដែរ​ ព្រោះ​អ្នក​បាន​ចំណាយ​ពេល​ក្នុង​ការ​រចនា​សំបក​ផលិត​ផល​ ដូច្នេះ​គុណ​ភាព​នៃ​ផលិត​ផល​ក៏​គួរ​តែ​ល្អ​ដូច​ការ​វេច​ខ្ចប់​ដែរ​។ រីឯ​ផលិត​ផល​ដែល​វេច​ខ្ចប់​មិន​បាន​ល្អ​ ​គ្មាន​អាស័យ​ដ្ឋាន​ លេខ​ទូរស័ព្ទ​​​ឬ​ឈ្មោះ​របស់​ម៉ាក​សញ្ញា​ផង​នោះ​ ទោះ​បី​ជា​ផលិត​ផល​នោះ​ល្អ​ប៉ុណ្ណា​ក៏​មិន​ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ដែរ។​

  • ការ​វេច​ខ្ចប់​ជួយ​បង្កើន​តម្លៃ​ទំនិញ

ការ​វេច​ខ្ចប់​ជួយ​ឲ្យ​អ្នក​ទិញ​មាន​អារម្មណ៍​ថា​ ទំនិញ​នោះ​មាន​គុណ​ភាព​ល្អ​និង​គួរ​ចង់​ទិញ​ជាង​ទំនិញ​ដទៃ​។ ឧ​ទាហរណ៍ៈ ចំពោះ​ផលិត​ផល​ពីរ​ដែល​មាន​វត្ថុ​ធាតុ​និង​គុណ​ភាព​ដូច​គ្នា​ ផលិត​ផល​ទី១​ វេច​ខ្ចប់​បាន​ល្អ​ស្រស់​ស្អាត​ មាន​ព័ត៌​មាន​ជាក់​លាក់​ពី​ផលិត​ផល​និង​ម៉ាក់​សញ្ញា​។ រីឯ​ផលិត​ផល​ទី​២ ​វេច​ខ្ចប់​តែ​ក្នុង​ថង់​ធម្មតា​ឬ​មិន​បាន​ត្រឹម​ត្រូវ​ គ្មាន​ព័ត៌​មាន​ជាក់​លាក់​ពី​ផលិត​ផល​និង​ម៉ាក់​សញ្ញា​។ បើ​ទោះ​បី​ជា ​ផលិត​ផល​ទី​១ ​មាន​​តម្លៃ​ថ្លៃ​ជាង​ផលិត​ផល​ទី​២​បន្តិច​ គេ​ប្រាកដ​ជា​ជ្រើស​រើស​ទិញ​ផលិត​ផល​ទី​១​ជា​មិន​ខាន​ឡើយ​ ព្រោះ​អតិថិជន​មាន​អារម្មណ៍​ថា​ការ​វេច​ខ្ចប់​និង​គុណ​ភាព​នៃ​ផលិត​ផល​ទី១​សាក​សម​នឹង​តម្លៃ​ដែល​បាន​ដាក់​លក់​ជាង​។

  • ទាក់​ទាញ​ចំណាប់​អារម្មណ៍​

ជា​ទូទៅ​ មនុស្ស​តែង​តែ​ចាប់​អារម្មណ៍​និង​ចូល​ចិត្ត​ទិញ​ផលិត​ផល​ណា​ដែល​មើល​ពី​ខាង​ក្រៅ​ទៅ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​ក្រសែ​ភ្នែក​ជាង​ជាក់​ជា​មិន​ខាន​ឡើយ។​ បើ​​ផលិត​​ផល​របស់​អ្នក​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ជាង​ផលិត​ផល​ដទៃ​ទៀត​នោះ​ លទ្ធ​ភាព​នៃ​ការ​លក់​បាន​ក៏​ខ្ពស់​ជាង​ដែរ​។

ជា​មួយ​គ្នា​នេះ​ដែរ​​ យើង​ក៏​មិន​គួរ​ភ្លេច​ពី​គុណ​ភាព​របស់​ផលិត​ផល​ដែរ​។ បើ​ការ​វេច​ខ្ចប់​បាន​ល្អ​អតិថិជន​នឹង​សាក​ល្បង​ទិញ​ ហើយ​បើ​ផលិត​ផល​មាន​គុណ​ភាព​ល្អ​គេ​នឹង​ប្រើ​ប្រាស់​បន្ត​ទៀត​។ ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​ប្រាស់​ហើយ​គុណភាព​មិន​ល្អ​នោះ​ទេ​​ គេ​ក៏​ឈប់​ប្រើ​ប្រាស់​ផលិត​ផល​នោះ​ទៀត​ដែរ​។

សរុប​មក​បើ​ចង់​ឲ្យ​ផលិត​ផល​អាច​លក់​បាន​ថ្លៃ​ជាង​មុន​ ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​ទំនុក​ចិត្ត​ និង​ទាក់​ទាញ​ការ​ទិញ​នោះ​ អ្នក​គួរ​តែ​ចំណាយ​ពេល​វេលា​រចនា​កញ្ចប់​ផលិត​ផល​និង​វេច​ខ្ចប់​ឲ្យ​បាន​ល្អ​។ អត្ថ​បទ​នេះ​មាន​បំណង​ចង់​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ដល់​អាជីវកម្ម​ក្នុង​ស្រុក​ឲ្យ​ងាក​មក​គិត​គូរ​ពី​អត្ថប្រយោជន៍​នៃ​ការ​វេច​ខ្ចប់​ ព្រោះ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជម្រុញ​ការ​លក់​នៃ​ផលិត​ផល​របស់​អ្នក​ ក៏​ដូច​ជា​ផលិត​ផល​ក្នុង​ស្រុក​របស់​យើង​ដែរ។

Sreylen Vong
Sreylen Vong
វង្ស​ ​ស្រី​ឡែន​​មាន​​តួ​​នាទី​​ផ្នែក​​ Media Communication ​​នៅ​​គំនិត​​ដែល​​ផ្តោត​​ទៅ​លើ​​ការ​​បង្កើត​​មាតិកា​​ធុរ​​កិច្ច​​ ​សហ​គ្រិន​​ ​យុទ្ធសាស្ត្រ​​អាជីវកម្ម​​សម័យ​​ទំនើប​​ ​ព្រម​​​ទាំង​​ធ្វើ​​ករណី​​សិក្សា​​ទៅ​​លើ​​អាជីវកម្ម​​ក្នុង​​ស្រុក​​។ ​គាត់​​ជា​​និស្សិត​​ដែល​​កំពុង​​សិក្សា​​ថ្នាក់​​បរិញ្ញាប័ត្រ​​នៅ​​វិទ្យាស្ថាន​​ជាតិ​​ប្រៃសណីយ៍​​ ​ទូរគមនាគមន៍​​ បច្ចេកវិទ្យា​​គមនាគមន៍​ ​​និង​​ព័ត៌មាន​ ផ្នែក​​ពាណិជ្ចកម្ម​​អេឡិច​​ត្រូ​និច​។ ​ក្រៅ​​ពី​​ការ​​សិក្សា​​រៀន​​សូត្រ​​នៅ​​ក្នុង​​​សាលា​​ គាត់​​ក៏​​បាន​​ចូល​​រួម​​សិក្ខា​​សាលា​​និង​​វគ្គ​​បណ្តុះ​​បណ្តាល​​ផ្សេងៗ​​ដូច​ជា​​ ​ការ​​ធ្វើ​​ទី​​ផ្សារ​​សម័យ​​ទំនើប​​ ​ជំនាញ​​ទន់​​និង​​ថែម​​ទាំង​​បាន​​ធ្វើ​ការ​​ស្ម័គ្រ​​ចិត្ត​​ក្នុង​​សកម្មភាព​​សង្គម​​ផង​​ដែរ​។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ