តើអ្នកមានធ្លាប់ឮ ឬក៏មានអ្នកដែលធ្លាប់ទៅយករ៉ែនៅតំបន់នានាប្រាប់ថាទឹកនៅតំបន់នោះមានរសជាតិជូរដែរឬទេ? តើអ្វីទៅដែលធ្វើឲ្យទឹកនៅតំបន់យករ៉ែខ្លះមានរសជាតិជូរ? ថ្ងៃនេះ «គំនិត»នឹងធ្វើការបកស្រាយជូនត្រួសៗស្តីពីបញ្ហានេះជូនដល់ប្រិយមិត្ត។
ក្នុងគីមីវិទ្យា ប្រសិនបើទឹកនោះមានរសជាតិជូរ វាប្រាកដជាមានកម្រិតpHទាបជាង៧ (ជាធម្មតាទឹកទាំងនោះមានpH<5)ដែលវាស្ថិតក្នុងស្ថានភាពជាអាស៊ីត។ តើហេតុអ្វីបានជាទឹកនៅតំបន់នោះសុខៗក្លាយទៅជាទឹកអាស៊ីតយ៉ាងដូច្នេះ?
ភាគច្រើននៃទឹកដែលមានស្ថានភាពជាអាស៊ីត គឺច្រើនស្ថិតនៅតំបន់ដែលមានរ៉ែមាស ប្រាក់ ទង់ដែង ធ្យូងថ្ម ។ល។ ប្រភេទរ៉ែទាំងនេះ គឺច្រើនតែស្ថិតនៅជាមួយក្រុមរ៉ែប្រភេទស៊ុលហ្វីត(Sulfide ដែលមានរូបមន្តគីមីS) ជាពិសេសនោះគឺរ៉ែភីរីត(Pyrite)ដែលមានរូបមន្តគីមី FeS2។ នៅពេលដែលដីនៅតំបន់នោះត្រូវបានគេជីកគាស់កកាយដើម្បីយករ៉ែ ហើយស្រទាប់ដីនៅទីនោះមានរ៉ែភីរីត ឬក៏ពពួករ៉ែស៊ុលហ្វីត ពេលដែលវាប៉ះទឹក និងខ្យល់(អុកស៊ីសែន) អាស៊ីតស៊ុលផួរិចក៏បានកើតឡើង។
ទឹកដែលមានស្ថានភាពជាអាស៊ីតនៅក្នុងតំបន់រ៉ែទាំងនោះច្រើនតែមានពណ៌រាងក្រហម។ ក្រៅពីវាមានជាតិអាស៊ីត នៅក្នុងទឹកនោះក៏មានសារធាតុលោហៈគ្រោះថ្នាក់ផ្សេងទៀតនៅលាយឡំជាមួយផងដែរ។ ទឹកអាស៊ីតទាំងនេះគឺអាចកើតមានគ្រប់ទីកន្លែងឲ្យតែរ៉ែក្នុងក្រុមស៊ុលហ្វីតប៉ះទឹក និងខ្យល់។ ប្រសិនបើទឹកនៅតំបន់យករ៉ែណាក្លាយទៅជាអាស៊ីតហើយនោះ វានឹងបង្កឲ្យមានផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ មិនថាតែនៅតំបន់នោះ ឬក៏តំបន់នៅក្បែរនោះទេ។ ផលប៉ពាល់ទាំងនោះរូមមានដូចជា៖
-ត្រីមិនអាចរស់នៅក្នុងទឹកនោះបាន
– ប៉ះពាល់ដល់សត្វពាហនៈដែលរស់នៅតំបន់នោះ និងតំបន់ក្បែរនោះ
– ធ្វើឲ្យរុក្ខជាតិ ស្វិតនិងងាប់
– ប៉ះពាល់ដល់សុខភាពប្រជាជនដែលរស់នៅតំបន់នោះប្រសិនបើពួកគេប្រើប្រាស់ទឹកដែលមានជាតិអាស៊ីតទាំងនោះ។ល។