spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងហេតុអ្វីបានជាមនុស្សជោគជ័យអានសៀវភៅច្រើន?

ហេតុអ្វីបានជាមនុស្សជោគជ័យអានសៀវភៅច្រើន?

-

Elon Musk បាននិយាយថានៅក្នុងបទសម្ភាសន៍ថា គាត់រៀនពីវិធីនៃការបង្កើតរ៉ុកកែតតាមរយៈការអានសៀវភៅជារៀងរាល់ថ្ងៃ។តួយ៉ាងខណៈពេលដែលនិយាយពិភាក្សាគ្នាជាមួយ The New York Times លោក Bill Gate បាននិយាយថា គាត់បានអានសៀវភៅប្រហែលជាជាង៥០ក្បាល នៅក្នុង១ឆ្នាំ។ រីឯស្ថាបនិកហ្វេសបុកលោក Mark Zuckerberg បានចាប់ផ្ដើមក្លឹបសៀវភៅរបស់គាត់នៅក្នុងឆ្នាំ២០១៥ ដើម្បីលើកទឹកចិត្តខ្លួនឯង និង អ្នកដទៃឲ្យអានសៀវភៅជារៀងរាល់២សប្ដាហ៍។ Warren Buffett ដោយសារតែការឈ្លក់វង្វេងនឹងការអានជាទម្លាប់ ហើយតែងតែយកពេលដែលគាត់ទំនេរបន្តិចបន្តួចមកអានសៀវភៅដែលទាក់ទងទៅនឹងការរកស៊ី និង ផ្នែកឧស្សាហកម្ម ទើបធ្វើឲ្យគាត់ក្លាយទៅជាអ្នកវិនិយោគដ៏ជោគជ័យបំផុតនៅក្នងប្រទេសអាមេរិក។តើមានមូលហេតុអ្វីដែលធ្វើឲ្យមនុស្សជោគជ័យដូចជាពួកគាត់អានសៀវភៅច្រើនក្បាលយ៉ាងនេះ? ដូចនេះខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលមនុស្សជោគជ័យភាគច្រើនចូលចិត្តអានសៀវភៅច្រើន៖

Bill Gates and Elon Musk Reveal Secret to Remember More of What You Read |  Ask Aunty Grace

១.​ ចង់បង្កើនការផ្ដោតអារម្មណ៍ទៅលើអ្វីមួយ

ការងារអ្វីក៏ដោយគឺសុទ្ធតែត្រូវការការផ្ដោតអារម្មណ៍ ការគិត ការវិភាគទាំងអស់ ទើបការងារទាំងនោះទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់។ ការផ្ដោតអារម្មណ៍ឲ្យមូល ឲ្យនឹងនមិនមែនជារឿងងាយដែលយើងអាចធ្វើភ្លាមៗ រៀនភ្លាមៗចេះនោះទេ តែវាត្រូវការចំណាយពេលច្រើនដើម្បីធ្វើវា និងហ្វឹកហាត់វា។ នៅពេលដែលពួកគេមានការផ្ចង់អារម្មណ៍ខ្ពស់ទៅលើបញ្ហាអ្វីមួយ ដូចជាបញ្ហានៃការងារ ការសិក្សា ឬ ការរកស៊ី  ពួកគេប្រាកដជាអាចស្វែងរកនូវគុណវិបិត្ត និង គុណសម្បិត្តរបស់បញ្ហានោះជាមិនខាន។ដូចនេះហើយទើបមនុស្សជោគជ័យភាគច្រើនតែងជ្រើសរើសសៀវភៅជាអ្នកជួយបង្វឹកនូវសមត្ថភាពនៃការផ្ចង់អារម្មណ៍មួយនេះឡើង តាមរយៈការអានសៀវភៅជារៀងរាល់ថ្ងៃ។

២. រៀនកំណត់គោលដៅតាមរយៈការអាន

អ្នកអានសៀវភៅតែងតែធ្វើការកំណត់គោលដៅបានជាក់លាក់និងច្បាស់លាស់ថាខ្លួនត្រូវបញ្ចប់នៃការអានចំពោះសៀវភៅមួយក្បាលនេះត្រឹមថ្ងៃណា ពេលណា ឬ កំណត់ថា តើខ្លួនត្រូវអានសៀវភៅប៉ុន្មានទំព័រនៅក្នុងថ្ងៃនេះជាដើម។ ការធ្វើបែបនេះនឹងធ្វើឲ្យជីវិតនាពេលអនាគតរបស់គេបានប្រសើរឡើង ដូចទៅនឹងអ្វីដែលគេបានត្រៀមទុកចំពោះការអានសៀវភៅដែរ។ ក្នុងចំណុចនេះគឺចង់បង្ហាញថា ការអានសៀវភៅនឹងធ្វើឲ្យអ្នកចេះ រៀបចំកាលវិភាគ រៀបចំគម្រោងការ រៀបចំគោលដៅជីវិត និង រៀបចំអនាគតឲ្យមានភាពត្រចះត្រចង់។

៣. ចំណាយពេលទំនេរទៅអានសៀវភៅ

ដូចដែលគេបាននិយាយ “ បើអ្នកមិនឲ្យតម្លៃនូវពេលវេលាដែលអ្នកមាន នោះពេលវេលាក៏មិនឲ្យតម្លៃមកអ្នកវិញដែរ”។ មនុស្សដែលទទួលបានជោគជ័យមិនថានៅក្នុងវិស័យណាក៏ដោយ ពួកគេតែងតែចំណាយពេលដែលខ្លួនទំនេរពីការងារទៅអានសៀវភៅឬ ទៅអានព័ត៌មានដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែរីកដុះដាលឡើង ជាជាងអង្គុយដកដង្ហើមចោល ឬធ្វើអ្វីដែលគ្មានប្រយោជន៍។ដូចនេះកុំចំណាយពេលដ៏មានតម្លៃរបស់អ្នកទៅលើរឿងអត់ប្រយោជន៍ច្រើនពេក ត្រូវអាន អានឲ្យបានច្រើន អានហើយអនុវត្តវាឲ្យចេញជាលិទ្ធផល។

៤. មានផ្នត់គំនិត

នៅពេលដែលអ្នកអានសៀវភៅខុសៗគ្នា អ្នកនឹងទទួលបានតម្លៃអប់រំផ្សេងៗគ្នា និង យល់ដឹងពីផ្នត់គំនិតដោយឡែកៗពីគ្នា នោះអ្នកនឹងផ្លាស់ប្ដូរ ពោលគឺផ្លាស់ប្ដូរនូវអ្វីដែលអ្នកមាន(ចំណុចមិនល្អ ចំណុចខ្វះខាត) ឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានការគិតត្រឹមត្រូវ មានគំនិតល្អៗ ជាមនុស្សដែលពូកែនិងមានសមត្ថភាពខ្ពស់ដែលអ្នកដទៃមិនមាន។

៥. បង្កើននូវជំនាញនៃការសរសេរ និង ការនិយាយបានយ៉ាងល្អ

ពេលណាដែលយើងអានច្រើន យើងនឹងមានគំនិតច្រើន ពេលយើងមានគំនិតច្រើនយើងនឹងមានពាក្យពេចន៍ច្រើនសម្រាប់និយាយអប់រំទៅកាន់មនុស្សរាល់គ្នា ហើយជាពាក្យពេចន៍ដែលស្ដាប់ទៅមិនចេះជិនណាយ និងជាពាក្យពេចន៍ដែលមានប្រយោជន៍។ តួយ៉ាងអ្នកដឹងស្រាប់ហើយថា អ្នកនិយាយដ៏អស្ចារ្យនៅលើវេទិកា គឺសុទ្ធតែជាអ្នកដែលនិយាយពោរពេញទៅដោយថាមពល សក្តានុពល និង ជំនឿជឿជាក់ខ្លាំងមកលើខ្លួនឯងនិងមនុស្សជុំវិញខ្លួន។តួយ៉ាងយើងឃើញថា លោក Demosthenes, Abraham Lincoln and Nelson Mandela គឺសុទ្ធតែជាអ្នកដឹកនាំដ៏អស្ចារ្យ និងជាអ្នកដែលនិយាយពោរពេញទៅដោយថាមពល ហើយសមិទ្ធផលរបស់គាត់នេះដែរគឺបានដោយសារតែការអានសៀវភៅជារៀងរាល់ថ្ងៃនេះឯង។

៦. អានដើម្បីសម្រាកនិងបន្ធូរអារម្មណ៍

ការអានប្រៀបបានទៅនឹងការសម្រាកនូវកាយសម្បទាដែរ ព្រោះវាអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយក្នុងចិន្ដា។ ដោយយើងសង្កេតឃើញថា មនុស្សខ្លះមានទម្លាប់មួយដែលត្រូវធ្វើ គឺត្រូវអានសៀវភៅយ៉ាងហោចណាស់ក៏៣ទៅ៤ទំព័រដែរយ៉ាងតិចមុនពេលចូលគេង ព្រោះសកម្មភាពបែបនេះអាចព្យាបាលនូវផ្លូវអារម្មណ៍របស់ពួកគេឲ្យមានភាពស្ងប់ស្ងាត់ និង គេងបានស្ងប់ តែបើសិនជាពួកគេមិនបានអានសៀវភៅបន្តិចនោះទេ អារម្មណ៍របស់ពួកគេនិងរសាប់រសល់គេងមិនលក់ជាដើម.

ប្រភពពីបរទេស

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ