ការចាប់ផ្ដើមអាជីវកម្ម តែងតែចង់ទទួលបានប្រាក់ចំណេញខ្ពស់ ប៉ុន្តែដើម្បីសម្រេចគោលដៅមួយនេះ ទាល់តែលក់ដាច់ ហើយដើម្បីលក់ដាច់ ទាល់តែអាជីវកម្មរបស់អ្នកមានអ្នកស្គាល់ច្រើន និងមានភ្ញៀវចូលមកក្នុងក្រុមហ៊ុនឬហាងរបស់អ្នកដើម្បីទិញឱ្យច្រើនដូចគ្នា។
ត្រង់ចំណុចនេះ អ្វីដែលជាបញ្ហាចោទនោះគេថា ហេតុអ្វីបានជាអាជីវកម្មមួយចំនួន មិនសូវមានភ្ញៀវចូលមកទិញសោះ? ហើយខាងក្រោមនេះ ជាមូលហេតុមួយចំនួន ដើម្បីជួយម្ចាស់អាជីវកម្មទាំងអស់ដើម្បីកែតម្រូវ ដោយធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនកាន់តែមានភ្ញៀវចូលមកទិញច្រើនជាងមុន។
1. ផ្ដល់បទពិសោធន៍មិនល្អដល់អតិថិជន
នៅពេលអតិថិជនបានទៅទិញអ្វីមួយពីក្រុមហ៊ុនឬហាងរបស់អ្នក ប៉ុន្តែអ្នកបែរជាបង្កើតកំហុសមួយដោយផ្ដល់បទពិសោធន៍មិនល្អដល់ពួកគេ ដូចជាសេវាកម្មយឺត សម្ដីអ្នកលក់មិនសូវល្អ បរិយាកាសជុំវិញអាប់អួរ និងហេតុការណ៍ផ្សេងៗដែលធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អ ហើយរៀងចាល់ដោយមិនចង់មកម្ដងទៀត។ ពេលខ្លះពួកគេបាននិយាយផ្សព្វផ្សាយពីចំណុចមិនល្អទាំងឡាយដែលក្រុមហ៊ុនរបស់អ្នកមាន ទៅកាន់មិត្តភក្តិ បងប្អូន និងអ្នកជុំវិញដែលពួកគេបានស្គាល់ទៀតផង។
2. ការផ្ដល់ផលិតផលឬសេវាកម្មមិនដូចការរំពឹងទុករបស់អតិថិជន
ពេលខ្លះក្រុមហ៊ុនរបស់អ្នកបានផ្សព្វផ្សាយរឿងរ៉ាវជាច្រើន ទាំងគុណប្រយោជន៍ និងចំណុចល្អៗលើផលិតផលសេវាកម្មរបស់អ្នកនៅលើបណ្ដាញសង្គម ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ អតិថិជនបានទិញផលិតផល និងប្រើសេវាកម្មរបស់អ្នកហើយ បែរជាមិនដូចការរំពឹងទុករបស់ពួកគេទៅវិញ។ ហេតុនេះអតិថិជនដែលខកចិត្តលើបញ្ហានេះ ពួកគេទំនងជាចែករំលែកការខកចិត្តរបស់ពួកគេជាមួយមិត្តភក្តិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយអតិថិជនដែលខឹងខ្លាំង នឹងបង្ហោះការវាយតម្លៃទាំងឡាយទៅកាន់មនុស្សជាច្រើនទៀត ជាពិសេសអនាគតអតិថិជនថ្មីៗរបស់អ្នកផ្សេងទៀតឱ្យបានមើលនិងឃើញ។
3. អតិថិជនមិនពេញចិត្តនឹងតម្លៃដែលអ្នកបានកំណត់
ការកំណត់តម្លៃ ជារឿងសំខាន់ណាស់ ពីព្រោះបើយើងកំណត់តម្លៃមួយដែលធ្វើឱ្យអតិថិជនគោលដៅមានអារម្មណ៍ថាថ្លៃពេក ឬតម្លៃមិនល្អ ឬតម្លៃហួសពីការស្មានរបស់ពួកគេ នោះអាជីវកម្មរបស់អ្នកនឹងបាត់បង់អតិថិជនមួយចំនួនធំមិនខាន ហើយពួកគេក៏មិនហ៊ានចូលមកកាន់ក្រុមហ៊ុន ឬហាងរបស់អ្នកម្ដងទៀតដែរ (ករណីថាអតិថិជនធ្លាប់ចូលមកទិញម្ដងហើយ) ។
4. ជ្រើសរើសទីតាំងខុស
ការជ្រើសរើសទីតាំង ក៏ជារឿងមួយសំខាន់ដែរ ពីព្រោះបើអ្នកជ្រើសរើសទីតាំងខុស ដោយជាទីតាំងមិនសូវអំណោយផល ជាទីតាំងដែលមិនមែនសម្បូរអតិថិជនគោលដៅរបស់អ្នក និងជាទីតាំងមួយដែលពិបាករកជាដើម។ ហើយកត្តានេះហើយ ក៏ជាហេតុធ្វើឱ្យមនុស្សមិនសូវចូលហាង ឬក្រុមហ៊ុនរបស់អ្នកឡើយ។
5. ខ្សោយយុទ្ធសាស្រ្តធ្វើទីផ្សារ
ប្រសិនបើអាជីវកម្មរបស់អ្នក មិនសូវមានការធ្វើទីផ្សារឱ្យខ្លាំងទេ នោះមនុស្សក៏មិនសូវស្គាល់ពីម៉ាកយីហោរបស់អ្នកដែរ ដូច្នេះទាមទារឱ្យអ្នកត្រូវតែខ្លាំងក្នុងការធ្វើទីផ្សារលើអាជីវកម្ម ក្នុងគោលបំណងផ្សព្វផ្សាយឱ្យមនុស្សបានស្គាល់ច្រើន និងយល់ច្បាស់ថាអាជីវកម្មរបស់អ្នកកំពុងលក់អ្វី និងផ្ដល់តម្រូវការអ្វីដល់ពួកគេជាដើម។