តាមការសង្កេតឃើញភាគច្រើន តម្លៃដែលម្ចាស់អាជីវកម្មបានកំណត់ គឺតែងតែមានកន្ទុយលេខ 9 ដូចជា 0.99$ 0.49$ 29$ 99$ 199$ 999$ ។ល។ សូម្បីតែក្រុមហ៊ុន Apple ក៏បានដាក់តម្លៃទូរស័ព្ទស៊េរីថ្មី iPhone 13 mini តម្លៃ 699$ និង iPhone 13 តម្លៃ 799$ ជាដើម។ ហេតុអ្វី?
បើយោងតាមទ្រឹស្តីកំណត់តម្លៃបញ្ចប់ដោយលេខ9 និងលេខ99 គេបានកំណត់ថា ខួរក្បាលមនុស្សយើងចូលចិត្តមើលពីឆ្វេងមកស្ដំា បើឃើញលេខខាងឆ្វេងតូច នោះគេនឹងគិតដោយស្វ័យប្រវត្តិថាលេខមានចំនួនតិច ដោយយើងអាចកំណត់ឈ្មោះថា “អំណាចនៃតួលេខខាងឆ្វេង (the left-digit effect) ឬ តម្លៃទាក់ទាញ (charm pricing)”។ ហើយនេះជាមូលហេតុដែលអ្នកដើរទិញឥវ៉ាន់ភាគច្រើនចូលចិត្តទិញផលិតផលក្នុងតម្លៃ 4.99$ ជាជាងផលិតផលដូចគ្នាដែលមានតម្លៃ 5$ ដូច្នេះហើយតម្លៃដែលបញ្ចប់ដោយលេខ 9 ជាយុទ្ធសាស្រ្តកំណត់តម្លៃដ៏មានឥទ្ធិពលបំផុត។
អ្វីដែលសំខាន់ ការកំណត់តម្លៃដោយបញ្ចប់ដោយលេខ9 ក៏ជាយុទ្ធសាស្រ្តទីផ្សារដើម្បីទាក់ទាញចិត្តអតិថិជនដ៏មានប្រសិទ្ធភាព និងជាការកំណត់តម្លៃដ៏មានប្រជាប្រិយនាពេលបច្ចុប្បន្នផងដែរ។
អត្ថប្រយោជន៍នៃការយុទ្ធសាស្រ្តកំណត់តម្លៃបញ្ចប់ដោយលេខ 9
- ងាយធ្វើឱ្យអតិថិជនសម្រេចចិត្តទិញបានលឿនជាងមុន
- ប្រសិទ្ធភាពលើការធ្វើយុទ្ធសាស្រ្តទីផ្សារលើការកំណត់តម្លៃ
- ផ្ដល់នូវភាពជឿជាក់ដល់អតិថិជនលើការប្រើប្រាស់ផលិតផលរបស់អ្នក
- ធ្វើឱ្យអតិថិជនមានអារម្មណ៍ថា គាត់ចំណេញជាងមុន
សរុបមក ការកំណត់តម្លៃដោយបញ្ចប់នូវលេខ 9 គឺជាយុទ្ធសាស្រ្តទីផ្សារកំណត់តម្លៃបែបចិត្តសាស្រ្ត ដែលអាចទាញចិត្តអតិថិជនឱ្យមានអារម្មណ៍ថា តម្លៃមានភាពធូរថ្លៃជាងមុន ទោះបីជាពេលខ្លះតម្លៃនោះខុសត្រូវគ្នាតែ0.01$ ក៏ដោយ។ ហើយនេះ ក៏ជាការកំណត់តម្លៃ តាមបែបចរិតលក្ខណៈរបស់អតិថិជនផងដែរ ព្រោះអតិថិជនភាគច្រើនគាត់ចូលចិត្តមើលតម្លៃមុនគេ ដោយមើលតម្លៃពីខាងឆ្វេងមុន។