spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារអត្ថប្រយោជន៍នៃការប្រើប្រាស់ Facebook សម្រាប់ធ្វើអាជីវកម្ម

អត្ថប្រយោជន៍នៃការប្រើប្រាស់ Facebook សម្រាប់ធ្វើអាជីវកម្ម

-

Facebook បានកកើតឡើងតាំងពីឆ្នាំ​2004 មកម្ល៉េះ ដែលត្រូវបានបង្កើតឡើងដោយលោក Mark Zuckerberg ហើយបើយោងតាមគេហទំព័រ Statista បានឱ្យដឹងថា អ្នកប្រើប្រាស់ Facebook ទូទាំងពិភពលោក មានសកម្មប្រចាំខែប្រមាណ 2.89 ពាន់លាននាក់ គិតត្រឹមត្រីមាសទី 2 ឆ្នាំ2021នេះ។

ចំពោះអ្នកប្រើប្រាស់ Facebook នៅប្រទេសកម្ពុជាវិញ មានចំនួន71.3% នៃចំនួនប្រជាជនដែលមានសកម្មភាពលើបណ្ដាញសង្គម បើគិតនៅក្នុងឆ្នាំ 2021នេះ។ ដូច្នេះហើយ Facebook ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយ Facebook ជាកម្មវិធីមួយដែលមនុស្សអាចប្រាស្រ័យទាក់ទងគ្នា អាចចែករំលែកព័ត៌មាន បង្ហោះរូបភាព វីដេអូ អាចធ្វើទីផ្សារ អាចបង្កើនប្រាក់ចំណូល អាចតាមដានព័ត៌មាន ចំណេះដឹងថ្មីៗ និងមានអត្ថប្រយោជន៍ជាច្រើនទៀត។

លើសពីនេះ ចំពោះការធ្វើអាជីវកម្មវិញ ការប្រើប្រាស់កម្មវិធី Facebook ក៏វាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរ រួមមាន៖

1. ចំណាយលើការធ្វើយុទ្ធសាស្រ្តទីផ្សារទាប

សកម្មភាពធ្វើទីផ្សារជាទូទៅ មានការចំណាយថវិការាប់ពាន់ដុល្លារ ប៉ុន្តែការធ្វើទីផ្សារនៅលើបណ្ដាញសង្គម Facebook ជាការចំណាយកញ្ចប់ថវិកាតិចតាមការកំណត់ ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ជាងមុន ដោយងាយទៅដល់អតិថិជនគោលដៅ។ ដូច្នេះម្ចាស់អាជីវកម្មគ្រប់រូប ត្រូវតែឈ្វេងយល់បន្ថែមអំពីការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ដើម្បីទាញប្រយោជន៍លើការផ្សាយក្នុងការកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងបង្កើនប្រាក់ចំណូល។

2. ចែករំលែកព័ត៌មានសំខាន់ៗអំពីអាជីវកម្មរបស់អ្នក

សំដៅលើការបង្កើតហ្វេសប៊ុកផេកផ្លូវការសម្រាប់អាជីវកម្មរបស់អ្នក ក្នុងគោលបំណងបង្កើនទំនុកចិត្តទៅកាន់អតិថិជនគោលដៅ តាមរយៈការបង្ហាញពីព័ត៌មានសំខាន់ៗនៃអាជីវកម្មរបស់អ្នកលើផេកផ្លូវការនោះ ដូចជាឈ្មោះអាជីវកម្ម ទីតាំងអាជីវកម្ម និងព័ត៌មានទំនាក់ទំនងជាដើម។ លើសពីនេះ អ្នកអាចបង្កើតអ្វីថ្មីៗលើការផ្សព្វផ្សាយលើផេក ដើម្បីទាញចំណាប់អារម្មណ៍អតិថិជនគោលដៅដែលកំពុងប្រើប្រាស់ប្រព័ន្ធ Facebook ។

3. បង្កើនប្រសិទ្ធភាពទំនាក់ទំនងជាមួយអតិថិជន

សម័យមុន ដើម្បីទំនាក់ទំនងជាមួយអតិថិជន គឺការខលទំនាក់ទំនងនិយាយជាមួយអតិថិជន ប៉ុន្តែនៅពេលដែលប្រើប្រាស់ Facebook គឺកាន់តែមានភាពងាយស្រួលទំនាក់ទំនង ដោយអាចបង្ហាញជារូបភាពសំខាន់ៗដើម្បីនិយាយពន្យល់ ឬសរសេរពន្យល់ ឬអាចបង្ហាញជាវីដេអូ និងអាចខលជាមួយគ្នាតាមអនឡាញថែមទៀត លើកម្មវិធី messenger នៅក្នុង​Facebook។ លើសពីនេះ ក៏អាចដោះស្រាយបញ្ហា ក៏ដូចជាជួយរាល់ទុក្ខកង្វល់របស់អតិថិជនបានលឿនជាងមុន។

4. ការផ្សព្វផ្សាយពាណិជ្ជកម្មនានា គឺត្រូវនឹងគោលដៅច្រើនជាងមុន

Facebook អាចវិភាគព័ត៌មានទាំងអស់ដែលអ្នកប្រើប្រាស់រាប់លាននាក់ដែលបានបង្កើតគណនីផ្ទាល់ខ្លួនដើម្បីប្រើប្រាស់ ដូច្នេះម្ចាស់អាជីវកម្មកាន់តែងាយស្រួលក្នុងការផ្សាយ និងអាចបង់ប្រាក់បន្ថែមដើម្បីប្រើទិន្នន័យទាំងនោះក្នុងការផ្តល់ការផ្សាយពាណិជ្ជកម្មឱ្យត្រូវនឹងគោលដៅជាក់លាក់ ដូចជា Boost page ឱ្យត្រូវនឹងអតិថិជនគោលដៅ ជាដើម។

5. អាចសិក្សាស្រាវជ្រាវពីដៃគូប្រកួតប្រជែង

អ្នកអាចសិក្សាបន្ថែមលើការប្រើប្រាស់ និងរបៀបធ្វើទីផ្សារនៅលើបណ្ដាញសង្គម Facebook បន្ទាប់មកអាចឈ្វេងយល់បន្ថែមអំពីរបៀបដែលអាចធ្វើឱ្យអ្នកធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយកាន់តែល្អ និងមានសិទ្ធិភាពជាងមុន ដើម្បីទាក់ទាញអតិថិជនគោលដៅ អាចបំពេញតម្រូវការរបស់អតិថិជន និងអាចដោះស្រាយបញ្ហានានាដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចធ្វើបាន។

6. អាចបង្កើតមាតិកាល្អៗ ដើម្បីផ្សព្វផ្សាយបង្កើនការលក់

នៅក្នុងសម័យនេះ មនុស្សចំណាយពេលលើប្រព័ន្ធអនឡាញច្រើន ជាពិសេសលើបណ្ដាញសង្គម Facebook ដូច្នេះជាឱកាសក្នុងការបង្កើនការលក់ តាមរយៈការផ្សព្វផ្សាយមាតិកាល្អៗ មានគុណតម្លៃ និងទាញចំណាប់អារម្មណ៍ ការសម្រេចចិត្ត ក្នុងការទិញលើផលិតផលឬសេវាកម្មរបស់អ្នក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ