ថ្ងៃនេះ «គំនិត» សូមលើកយកអត្ថបទមួយអំពី អាតូមមកចែករំលែកជាមួយមិត្តអ្នកអានទាំងអស់គ្នា។ ពាក្យថា «អាតូម» ជាពាក្យខ្ចីមកពីភាសាក្រិចដែលជាភាសាកំណើតនៃអ្នកប្រាជ្ញក្រិចម្នាក់ឈ្មោះ ឌីមូក្រីធូស (Democritus)។ នាពេលនោះមានតែលោកទេ ដែលគិតថាចុះបើយើងពុះច្រៀកអ្វីទាំងអស់នៅក្នុងពិភពលោកយើងនេះឲ្យទាល់តែដល់ទីបំផុតមួយដែលវាមិនអាចបំបែកតទៅទៀតបានតើយើងទទួលបានអ្វីទៅដែរ?គាត់បានឆ្លើយចម្លើយនេះដោយខ្លួនឯងដោយឲ្យឈ្មោះទៅបំណែកទាំងនោះថា អាតូម (Atom ជាភាសាក្រិចបានន័យថាមិនអាចបំបែកបន្តទៀតបាន)។ «គំនិត» សូមសង្ខេបចំនុចនេះត្រឹមនេះសិន ព្រោះប្រវត្តិនៃអាតូមបើសរសេរវិញគឺ អាចវែងជាង ៥សៀវភៅទៅទៀត។ ក៏ប៉ុន្តែថ្ងៃនេះ «គំនិត» នឹងលើកយកចំណុចសំខាន់ខ្លះៗទាក់ទងនឹងអាតូមដូចនេះសូមរីករាយ និង សួរសំណួរនៅខាងក្រោមបើមានចម្ងល់។
បរមាណូ
តើពាក្យថាអាតូមនៃភាសាក្រិចមានទំនាក់ទំនងអ្វីនឹងពាក្យបរមាណូដែរឬទេ?
នៅក្នុងភាសាខ្មែរយើងពាក្យថា «បរមាណូ» មានន័យថាផង់ដែលមានទំហំតូចល្អិតក្រៃលែង បើបកស្រាយតាមវចនានុក្រមដែលរៀបរៀងដោយសម្តេចសង្ឃជួនណាត។ ហើយបើយើងវិភាគពាក្យនេះឲ្យបានដិតដល់មែនទែនអត្ថន័យនេះពាក្យនេះប្រហាក់ប្រហែលទៅនឹង និយមន័យនៃពាក្យអាតូមនាសម័យបុរាណរបស់
លោក ឌីមូក្រីធូស (Democritus) ដែរ។ ចំណុចនេះទាមទារការស្រាវជ្រាវដែលទាក់ទងនឹងវិស័យគីមីវិទ្យា អក្សរសាស្រ្ត និង វិទ្យាសាស្រ្ត ជាច្រើនទៀត។ ទោះជាបច្ចុប្បន្ននេះអ្នកវិទ្យាសាស្រ្តបានរកឃើញនៅបំណែកដែលតូចជាងអាតូមដែលគេឲ្យឈ្មោះថា គ្វក (Quark)* ក៏ដោយក៏ទ្រឹស្តីនៃលោកឌីមូក្រីធូស (Democritus) ត្រូវបានគេឲ្យតម្លៃព្រោះគំនិតលោក ជាអ្វីដែលដឹកនាំអ្នកវិទ្យាសាស្រ្តឲ្យបន្តសិក្សារហូតសម្រេចបាននូវរបកគំហើញសព្វថ្ងៃ។
*«គំនិត»នឹងលើកយកអត្ថបទទាក់ទងនឹង គ្វក មកចែករំលែកនាពេលក្រោយ។
ទម្រង់នៃអាតូម
តើអាតូមមានរូបរាងយ៉ាងដូចម្តេចទៅ? តើវាមានព៌ណដែរឬទេ?
បើអ្នកទាំងអស់គ្នាធ្លាប់រៀន ឬ ចងចាំខ្លះៗនូវអ្វីដែលោកអ្នកបានរៀននៅក្នុងមុខវិជ្ជាគីមីវិទ្យាអ្នកនឹងឆ្លើយថា អាតូមមានរាងមូលដូចបាល់ឬយើងហៅថាស្វ៊ែរ (Sphere)។ អ្នកប្រហែលជាបន្ថែមទៀតថាអាតូមទាំងអស់សុទ្ធតែមានព៌ណទៅតាមប្រភេទអាតូមដូចជា អុកស៊ីសែន(ខៀវផ្ទៃមេឃ) អាស៊ូត (ក្រហម) ជាដើមទៅតាមការបង្ហាញរបស់សៀវភៅផ្សេងៗ។ តាមការពិតអាតូមទាំងនោះមិនប្រាកដថាមានរាងជាស៊្វែរទេហើយវាក៏គ្មា ព៌ណអ្វីដែរព្រោះអ្នកប្រាជ្ញមិនអាចទាន់អាចកំណត់នូវលក្ខណៈទាំងនោះបាននៅឡើយទេដោយហេតុថា អាតូម ជាភាល្អិតមួយដែលអ្នកប្រាជ្ញពឹងផ្អែកលើ យុទ្ធវិធីប្រយោលមួយចំនួនដោយប្រើប្រាស់ឧបរណ៍ផ្សេងៗដើម្បីសិក្សាពួកវា។ ការកំណត់អាតូមឲ្យមានរាងជាស្វ៊ែរនេះដើម្បីសម្រួលដល់ការសិក្សាវាតែប៉ុណ្ណោះ។ ដូចបានពន្យល់ខាងលើទោះជានិយមន័យនៃពាក្យអាតូមមានន័យថាបំណែកតូចបំផុតដែលមិនអាចពុះច្រៀកបន្តនោះក៏ដោយបច្ចុប្បន្នអ្នកវិទ្យាសាស្រ្តបានរកឃើញថានៅក្នុងអាតូមគេអាចចែកវា ជាបំណែកតូចជាងនេះដែលគេឲ្យឈ្មោះថា «អេឡិចត្រុង» (electron) ដែលមានបន្ទុក ដក «ប្រូតុង» (proton)ដែលមានបន្ទុក បូក និង «ណឺត្រុង» (neutron) ដែលគ្មានបន្ទុក (ណឺត)។ តាមការបកស្រាយនិងការរកឃើញរបស់អ្នកវិទ្យាសាស្រ្តទម្រង់នៃអាតូមត្រូវទទួលកំណែប្រែជាច្រើនលើកច្រើនសាមកហើយ។ ហើយទម្រង់និមួយៗដែលពន្យល់ដោយទ្រឹស្តីទាំងនោះអាចផ្លាស់ប្តូរបានទៅតាមទិន្នន័យថ្មីដែលទ្រឹស្តីចាស់មិនអាចពន្យល់បាន។ សូម្បីតែទម្រង់អាតូមបច្ចុប្បន្នដែលរកឃើញដោយ លោក អែរវីន ស្ឆ្រែតឌីងហ្គឺរ (Erwin Schrödinger) ដែលត្រូវបានគេគាំទ្រហើយជាទម្រង់ដែលមានលក្ខណៈសមស្របទៅនឹងទិន្នន័យនិងមានភាពជាក់ស្តែងបំផុងក៏អាចនឹងទទួលកំណែប្រែបានដែរនៅពេលដែលទ្រឹស្តីនេះមិនអាចពន្យល់នូវ ទិន្នន័យថ្មីដែលអាចនឹងត្រូវបានរកឃើញនាពេលអនាគត។
«គំនិត»សូមស្លេះអត្ថបទនេះត្រឹមប៉ុណ្ណេះសិន។បើមានចម្ងល់អ្វីសូមសរសរវានៅក្នុង «ខមមិន» ខាងក្រោមអត្ថបទ។
ឯកសារយោង
ដកស្រង់ចេញពី សៀវភៅ Basic Chemistry by Zumdahl, 4th Edition, 2000.
ដកស្រង់ចេញពី http://en.wikipedia.org/wiki/Atom
ដកស្រង់ចេញពីhttp://nobeliefs.com/atom.htm
រូបភាពទី១៖ http://www.clker.com/cliparts/R/S/G/C/9/K/stylized-atom-md.png
រូបភាពទី១៖ http://www.nrc.gov/reading-rm/basic-ref/students/images/ask.gif