មានកត្តាជាច្រើនដែលធ្វើឲ្យអ្នកជំនួញជោគជ័យក្នុងស្រុកចង់ពង្រីកខ្លួនទៅក្រៅប្រទេស។ ការធ្វើអាជីវកម្មឆ្លងប្រទេសជួយឲ្យទីផ្សាររបស់អ្នកកាន់តែទូលំទូលាយប៉ុន្តែនៅពេលដែលចង់វាយលុកចូលទីផ្សារនៅប្រទេសដទៃនោះគឺពុំមានភាពងាយស្រួលទេ បើទោះបីជាអ្នកមានធនធានគ្រប់គ្រាន់ក៏ដោយ។ លុះត្រាតែអ្នកស្គាល់ច្បាស់ពីប្រទេសដែលអ្នកចង់ជ្រៀតខ្លួនចូលជាមុនសិនជាពិសេសគិតឲ្យបានជាក់លាក់។ ខាងក្រោមនេះគឺជាយុទ្ធសាស្រ្តដែលអាចជួយអ្នកស្គាល់ពីរបៀបពង្រីកជំនួញទៅក្រៅប្រទេស៖
- មានទំនាក់ទំនងជាមួយអ្នកក្រៅប្រទេស
នៅពេលចង់បង្កើតអាជីវកម្មនៅប្រទេសណាមួយ អ្នកគួរតែស្គាល់មនុស្សនៅទីនោះទើបជាការប្រសើរ។ ជាពិសេសមេធាវីផ្នែកពាណិជ្ជកម្មអន្តរជាតិ គណនេយ្យករ អ្នកផ្តល់ប្រឹក្សាពីការធ្វើពាណិជ្ជកម្មជាដើមដើម្បីជួយសម្រួលដល់ការនាំចូលផលិលផលរបស់អ្នកចូលមកប្រទេសពួកគេ។ ក្រៅពីនេះទៅទៀតការស្គាល់ពួកគេអាចឲ្យអ្នកដឹងកាន់តែច្បាស់ពីវប្បធម៌ ការរស់នៅ ទំនោរអតិថិជនគោលដៅ ប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ។ ដូច្នេះអ្នកងាយស្រួលក្នុងការធ្វើអាជីវកម្មនៅទីនោះ។
- ធ្វើការស្រាវជ្រាវ
នៅពេលដែលប្រទេសមួយរីកចម្រើន ទីផ្សារពាណិជ្ជកម្មក៏មានលក្ខណៈល្អប្រសើរដែរ។ នៅពេលដែលមានកំណើនខ្លាំង វាជាផលមួយដែលល្អសម្រាប់អ្នកចង់ពង្រីកជំនួញ។ ចំណែកឯប្រទេសដែលមិនមានភាពនឹងនរវិញគឺតែងមានបញ្ហាសង្គមនិងនយោបាយនាំឲ្យរាល់ពាណិជ្ជកម្មនានាងាយនឹងជួបហានិភ័យ។ ដូច្នេះអ្នកត្រូវសិក្សាឲ្យច្បាស់ពីប្រទេសដែលអ្នកចង់ទៅធ្វើជំនួញនៅទីនោះថាតើសេដ្ឋកិច្ចរបស់គេមានលក្ខណៈយ៉ាងណាជាពិសេសត្រូវស្រាវជ្រាវឲ្យជាក់លាក់ពីវិបត្តិដែលតែងតែកើតមាននៃប្រទេសនោះ។
- កុំខ្លាចក្នុងការតាំងនៅកន្លែងផ្សេងតែម្នាក់ឯង
ម្ចាស់អាជីវកម្មភាគច្រើនតែងតែពង្រីកសាខាពាណិជ្ជកម្មពួកគេទៅកាន់ទីកន្លែងដែលមានមនុស្សចូលចិត្តទៅច្រើន។ ប៉ុន្តែប្រសិនបើអ្នកទៅទីតាំងដែលមានដៃគូប្រកួតប្រជែងតិចក៏ជាជម្រើសល្អម្យ៉ាងដែរពីព្រោះថានៅពេលដែលយើងមិនសូវមានអ្នកប្រជែងនោះអ្នកអាចទាញយកអតិថិជនបានច្រើនជាពិសេសប្រសិនបើហាងរបស់អ្នកផ្តល់សេវាកម្មឬក៏ផលិតផលដែលអាចធ្វើឲ្យពួកគេចាប់អារម្មណ៍បាន។
- ប្រកាន់ខ្ជាប់ភាពអត់ធ្មត់
ប្រទេសនីមួយៗគឺមានការវិវត្តខុសៗគ្នាហើយការធ្វើពាណិជ្ជកម្មក៏ខុសគ្នាដែរ។ អ្នកត្រូវដឹងពីសាសនា ទំនៀមទម្លាប់ និងការរស់របស់អ្នកនៅទីនោះ។ នៅពេលដែលអ្នកចូលទៅធ្វើជំនួញនៅប្រទេសនោះ អ្នកក៏ត្រូវសម្របខ្លួនទៅតាមវប្បធម៌របស់ពួកគេ។ ការប្រកាន់ខ្ជាប់ភាពអត់ធ្មត់និងព្យាយាមបង្កើតមិត្តភាពជាមួយពួកគេឲ្យបានច្រើនបើទោះបីជាពេលខ្លះវាមានផលលំបាកពិតមែនតែវាអាចជួយអ្នកឲ្យជោគជ័យក្នុងអាជីវកម្មរបស់អ្នក។
- ការរៀបចំខ្លួន
ការតុបតែងខ្លួនក៏ជាផ្នែកមួយដែលសំខាន់សម្រាប់ពាណិជ្ជករផងដែរ។ សំខាន់បំផុតអ្នកគួររៀបចំខ្លួនឲ្យស្របតាមកាលៈទេសៈនិងតួនាទីរបស់អ្នកដោយអ្នកមិនចាំបាច់ត្រូវតែឆើតឆាយពេកហើយក៏មិនគួរហួសសម័យពេកដែរ។ នៅក្នុងចំណោមមនុស្សដែលមានឋានៈខ្ពស់គឺពួកគេប្រកាន់ណាស់ទៅលើការតុបតែងខ្លួនជាពិសេសការស្លៀកពាក់។ នៅពេលដែលអ្នកចង់ផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទាំងអស់ អ្នកត្រូវមានការស្លៀកពាក់ឲ្យបានត្រឹមត្រូវ។ ការស្លៀកពាក់សមរម្យគឺធ្វើឲ្យមនុស្សជុំវិញមើលមកអ្នកថាជាមនុស្សមានរបៀបរៀបរយនិងគួរឲ្យទុកចិត្ត បូករួមបើអ្នកជាមនុស្សមានចំណេះដឹងនិងជោគជ័យក្នុងជំនួញទៀតគឺកាន់តែធ្វើឲ្យពួកគេចង់មានទំនាក់ទំនងជាមួយអ្នកក្នុងវិស័យធុរកិច្ច។
- ត្រូវមានយុទ្ធសាស្ត្រលើសពីមួយ
ពាណិជ្ជករដែលជោគជ័យក្នុងវិស័យធុរកិច្ចគឺពុំដែលប្រើប្រាស់យុទ្ធសាស្ត្រតែមួយនោះទេ។ ចំពោះការធ្វើពាណិជ្ជកម្មឆ្លងប្រទេសក៏ដូចគ្នា អ្នកត្រូវប្រើវិធីសាស្ត្រដែលមិនតិចជាងពីរឬបីទេ។ មុននឹងចាប់ផ្តើមសម្រេចថាគួរធ្វើទីផ្សារដោយរបៀបណានោះ អ្នកត្រូវគិតពីគម្រោងឲ្យបានច្រើនជាមុនសិន។ ប្រសិនបើអ្នកប្រើយុទ្ធសាស្ត្រណាមួយហើយមិនអំណោយផល អ្នកគួរបង្វែរទៅរកយុទ្ធសាស្ត្រផ្សេងហើយត្រូវគិតឲ្យបានលិ្អតល្អន់។
- កុំវាយតម្លៃឬប្រៀបធៀប
ដូចដែលយើងបានដឹងហើយថាប្រទេសទាំងអស់គឺមិនដូចគ្នានោះទេ។ ជាពិសេសនៅពេលដែលអ្នកត្រូវបង្កើតផែនការធុរកិច្ច វិភាគហានិភ័យ និងគម្រោងនៃការធ្វើទីផ្សារនៅប្រទេសនោះ។ ម្យ៉ាងទៀតអ្នកត្រូវចាំថានៅពេលដែលអ្នកធ្វើអាជីវកម្មនៅប្រទេសណាមួយ អ្នកពុំគួរលើកយកការប្រៀបធៀបរវាងប្រទេសនោះនិងប្រទេសរបស់អ្នកនោះទេ។ វាអាចធ្វើឲ្យមនុស្សមួយចំនួនមិនចូលចិត្តអ្នកដោយសារតែជួនកាលអ្នកអាចបង្កើតកំហុសដោយមិនដឹងខ្លួនដូចជាការនិយាយប៉ះពាល់ចំណុចមិនល្អរបស់ប្រទេសគេ។ ហេតុនេះហើយបើចង់ឲ្យការរកស៊ីដើរទៅមុខ អ្នកត្រូវឲ្យតម្លៃខ្ពស់ទៅលើប្រទេសដែលអ្នកទៅធ្វើពាណិជ្ជកម្ម។