បច្ចុប្បន្នអ្នកតែងតែឮពាក្យការជួបផ្ទាល់រវាងបុគ្គលិកនិងអ្នកដឹកនាំអាចមួយសប្តាហ៍ម្តងឬក៏ជួបពិភាក្សានៅពេលបុគ្គលិកមានបញ្ហាជាដើមក្នុងរូបភាពជាការប្រជុំបូកសរុបលទ្ធផលឬការរិះរកគំនិតថ្មីទាក់ទិននឹងបញ្ហាណាមួយ។ ការជួបផ្ទាល់រវាងបុគ្គលិកនិងអ្នកដឹកនាំបែបនេះគឺពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះអាជីវកម្មរបស់អ្នក។
ទី១ អ្នកដឹកនាំគួរមានចម្ងល់ចំពោះកិច្ចការផ្សេងៗនិងមិនចោទប្រកាន់ផ្តេសផ្តាស
អ្នកដឹកនាំល្អមិនចេះតែចោទប្រកាន់ផ្តេសផ្តាសពីមូលហេតុដែលធ្វើឲ្យការបំពេញការងារនៃបុគ្គលិករបស់ខ្លួនអន់ថយនោះទេ តែគាត់បែរជាមានចម្ងល់ទៅលើរឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងបញ្ហាដែលបុគ្គលិករបស់គាត់ប្រឈម។ កត្តាមួយចំនួនអាចធ្វើឲ្យបុគ្គលិកសម្រេចចិត្តធ្វើអ្វីមួយមិនបានត្រឹមត្រូវ បញ្ហាដែលធ្វើឲ្យពួកគាត់ខកខានបំពេញការងារ ឬក៏គាត់មិនមានអារម្មណ៍ក្នុងការធ្វើការជាដើម។ នៅពេលដែលអ្នកដឹកនាំមានចម្ងល់ដូចនេះគាត់តែងតែប្រើឱកាសនៃការជួបផ្ទាល់ដើម្បីសាកសួរពីបញ្ហាទាំងនោះដែលនេះអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកគ្រប់គ្រងនិងបុគ្គលិកកាន់តែប្រសើរឡើង។
ទី២ អ្នកដឹកនាំត្រូវស្តាប់ដោយយកចិត្តទុកដាក់
នៅពេលអ្នកដឹកនាំជួបផ្ទាល់ជាមួយបុគ្គលិក គាត់យល់កាន់តែច្បាស់ពីបុគ្គលិករបស់គាត់ព្រោះគាត់បានស្តាប់ពីបញ្ហារបស់បុគ្គលិកឬចំណុចផ្សេងៗដែលបុគ្គលិកទាមទារពីក្រុមហ៊ុន។ នៅពេលដែលជួបផ្ទាល់បែបនេះ អ្នកដឹកនាំមានឱកាសស្តាប់ច្រើនពីបុគ្គលិកជាជាងការនិយាយទៅកាន់ពួកគេតែម្យ៉ាង។ មួយវិញទៀត ប្រសិនបើបុគ្គលិកស្តាប់ដោយយកចិត្តទុកដាក់ពីសម្តីឬពាក្យណែនាំរបស់យើងដូចគ្នានោះយើងអាចវាយតម្លៃបានច្បាស់ពីអត្តចរិករបស់ពួកគេ។ កាលៈទេសៈនៃការជួបផ្ទាល់ជាពេលវេលាអាចឲ្យម្នាក់ៗអាចបង្ហាញពីទឹកចិត្តរៀងៗខ្លួនចំពោះស្ថាប័ននិងការបំពេញការងារកន្លងមក។
ទី៣ អ្នកដឹកនាំគួរតែប្រើប្រាស់ភាពស្ងៀមស្ងាត់
ពេលដែលអ្នកសួរសំណួរទៅកាន់បុគ្គលិកហើយពួកគាត់ឆ្លើយមិនបានអ្នកគួរប្រើភាពស្ងប់ស្ងាត់មួយសន្ទុះសិនដើម្បីទុកពេលឲ្យពួកគាត់បានគិតមុននឹងឆ្លើយជាជាងសួរសំណួរបន្តទៅទៀតឬក៏យើងអាចនិយាយថា “មិនអីទេ អ្នកអាចគិតតាមសម្រួលបាន”។ ទង្វើដូចនេះយើងកំពុងតែបង្ហាញពីយកចិត្តទុកដាក់និងឲ្យតម្លៃចំពោះការគិត អារម្មណ៍ និងគំនិតរបស់គាត់។ ការទុកពេលសម្រាប់បុគ្គលិកឲ្យគាត់គិតពិចារណាដូចជាការផ្តល់ពេលវេលាឲ្យគាត់ក្នុងការរៀនស្វែងយល់ពីខ្លួនឯង។
ទី៤ ការជួបផ្ទាល់ជាមួយបុគ្គលិកប្រៀបដូចការហ្វឹកហាត់ដើម្បីភាពរីកចម្រើន
ឧទាហរណ៍ដូចជាអ្នករត់កីឡា បើសិនជាគាត់ចង់ឲ្យសមត្ថភាពរបស់គាត់កាន់តែរឹងមាំ គាត់ត្រូវហ្វឹកហាត់ឲ្យកាន់តែប្រសើរ។ បើធៀបនឹងអ្នកដឹកនាំវិញ គាត់ក៏ត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យការជួបដោយផ្ទាល់ជាមួយបុគ្គលិកកាន់តែច្រើនគឺមានគោលបំណងធ្វើឲ្យការបំពេញការងាររបស់បុគ្គលិកកាន់តែប្រសើរឡើងដូចគ្នា។ ការប្តេជ្ញាចិត្តត្រូវមាន៣ដំណាក់កាល៖ ទី១ អ្នកដឹកនាំត្រូវត្រៀមសំណួរឲ្យបានត្រឹមត្រូវមុននឹងសួរទៅកាន់បុគ្គលិកធ្វើយ៉ាងណាឲ្យចាក់ចំចំណុចខ្វះខាតនៃលទ្ធផលការងារឬបញ្ហាដែលពាក់ព័ន្ធ។ ទី២ គាត់ត្រូវត្រិះរិះពីវិធីសន្ទនា។ ទី៣ គាត់ត្រូវរកមធ្យោបាយផ្សេងៗដែលនាំឲ្យការជួបផ្ទាល់ជាមួយបុគ្គលិកកាន់តែផ្តល់ផលប្រយោជន៍ច្រើន។
ទី៥ អ្នកដឹកនាំត្រូវពង្រឹងអាកប្បកិរិយាល្អជាងអាក្រក់
ក្នុងនាមជាអ្នកដឹកនាំល្អអ្នកត្រូវតែមានអាកប្បកិរិយាល្អវិជ្ជមានដូចជាលើកទឹកចិត្តបុគ្គលិក រិះគន់ដើម្បីស្ថាបនាការបំពេញការងាររបស់បុគ្គលិក វាយតម្លៃដោយយោងតាមទិដ្ឋភាពជាក់ស្ដែង និងផ្តល់ដំបូន្មានល្អៗទៅកាន់ពួកគេជាដើម។ ក្នុងពេលដែលបុគ្គលិកជួបទល់មុខគ្នាជាមួយអ្នកគ្រប់គ្រងរបស់ខ្លួនគឺងាយនឹងធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាចណាស់ ហេតុនេះអ្នកដឹកនាំគួរតែចៀសវាងការបញ្ចេញឥរិយាបថមិនល្អដូចជាស្តីបន្ទោស ខឹងសម្បារ មិនពេញចិត្ត មានទឹកមុខមិនល្អ ជេរប្រទេចផ្តាសា ឬប្រើប្រាស់អំពើហិង្សាតាមរូបភាពផ្សេងៗ។ ផ្ទុយមកវិញ អ្នកដឹកនាំគួរបង្កើតវប្បធម៌នៃសិទ្ធិបញ្ចេញមតិស្មើៗគ្នានិងបើកទូលាយចំពោះការរិះគន់គ្រប់បែបយ៉ាង។ ជាពិសេសអ្នកដឹកនាំគួរធ្វើឲ្យបុគ្គលិកមានអារម្មណ៍ស្និទ្ធស្នាលនិងមិនខ្លាចរអារដូចជាការជជែកលេងមុនពេលប្រជុំជាដើម។