០៦ សំណួរពីការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល

121

ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ដែលភាសាអង់គ្លេសហៅថា Digital Marketing នោះគឺកំពុងតែមានប្រជាប្រិយភាពមែនទែន ពិសេសនៅក្នុងសម័យកូវីត១៩ នេះតែម្តង ក៏ព្រោះតែវាជួយសម្រួលដល់ការចំណាយរបស់ម្ចាស់អាជីវកម្មបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយឲ្យអាជីវកម្មរបស់លោកអ្នក អាចទៅដល់អតិថិជនគោលដៅបានលឿនផងដែរ។

ដូច្នោះ តើអ្វីទៅជាការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល? ហើយវាខុសគ្នាពីការធ្វើទីផ្សារបែបប្រពៃណីយ៉ាងដូចម្ត៉េចខ្លះ? ទាំងអស់នេះសុទ្ធសឹងតែជាសំណួរ ដែលប្រិយមិត្តយើងភាគច្រើនបានចោទសួរមកកាន់ក្រុមការងារ គំនិត ។ តោះមកតាមដានទាំងអស់គ្នា ថាតើមានសំណួរអ្វីខ្លះ?

១. តើការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលគឺជាអ្វី?

បើយោងទៅតាមគេហទំព័រ WebFX ដែលជាគេហទំព័រក្រុមហ៊ុនផ្តល់ដំណោះស្រាយលើផ្នែកទីផ្សារតាមប្រព័ន្ធឌីជីថលលំដាប់អន្តរជាតិមួយ បានបង្ហាញឲ្យដឹងថា ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល​គឺសំដៅទៅលើការធ្វើទីផ្សារ ឬការផ្សព្វផ្សាយអំពីអាជីវកម្ម មនុស្ស ផលិតផលឬសេវាកម្ម ផ្សេងៗ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដូចជា៖ ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាតិចណូឡូជីឌីជីថល។ ចំណែកឯលោក Neil Patel ដែលជាកំពូលអ្នកធ្វើទីផ្សារមួយរូបក្នុងចំណោមអ្នកធ្វើទីផ្សារកំពូលទាំង១០នៅលើពិភពលោក នេះបើយោងតាមការដកស្រង់ចេញពីតារាងរបស់កាសែត Forbes លោកបានមានប្រសាសន៍ថា៖ “ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល គឺជាការលក់ផលិតផល និងសេវាកម្មតាមរយៈមធ្យោបាយផ្សេងៗដូចជា៖ បណ្តាញសង្គម ម៉ាស៊ីនស្វែងរក (SEO) អ៊ីម៉ែល និងកម្មវិធីទូរស័ព្ទជាដើម។ ជារួម ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល គឺជាការធ្វើទីផ្សារតាមទម្រង់ទាំងឡាយណាដែលមានជាប់ទាក់ទងជាមួយឧបករណ៍អេឡិចត្រូនិក”។

២. តើការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល ខុសគ្នាពីការធ្វើទីផ្សារបែបប្រពៃណីយ៉ាងដូចម្ត៉េចខ្លះ?

តាមពិតទៅ ភាពខុសគ្នារវាងការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល និងការធ្វើទីផ្សារបែបប្រពៃណី គឺងាយស្រួលយល់នោះទេ។ ការធ្វើទីផ្សារតាមបែបប្រពៃណីគឺប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបែបក្រៅបណ្តាញ (offline) ដែលមានដូចជាការផ្សព្វផ្សាយតាមរយៈ ទូរទស្សន៍ វិទ្យុ កាសែត ផ្ទាំងប៉ាណូ ខិតប័ំណ្ណផ្សព្វផ្សាយជាដើម។ ចំណែកឯការផ្សារតាមប្រព័ន្ធឌីជីថល ដែលមានដូចជាការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម ប្លូក (blog) អ៊ីម៉ែល ឬ វេបសាយជាដើម។

៣. ហេតុអ្វីបានជាការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមានសារៈសំខាន់?

មូលហេតុដែលការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមានសារៈសំខាន់ក៏ព្រោះតែ៖

  • មានទិន្នន័យពីអតិថិជនគោលដៅរបស់អ្នកច្បាស់លាស់៖ ព័ត៌មានអំពី អាយុ ទីតាំង ចំណាប់អារម្មណ៍ ទម្លាប់ និងសម្ភារដែលអតិថិជនប្រើប្រាស់ជាដើម សុទ្ធសឹងតែជាព័ត៌មានសំខាន់ដែលលោកអ្នកពុំគួរមើលរំលង ព្រោះវាអាចជួយដល់ការសម្រេចចិត្តរបស់អ្នកក្នុងការប្រើប្រាស់យុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយអំពីអាជីវកម្មរបស់លោកអ្នក​។​ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការតាមដានពីលទ្ធផលរបស់មាទិកាទីផ្សាររបស់លោកអ្នក ដែលកំពុងតែផ្សព្វផ្សាយ ឬបានផ្សព្វផ្សាយរួចផងដែរ។​
  • ជួយសន្សំសំចៃលើការចំណាយរបស់ម្ចាស់អាជីវកម្ម៖ ការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលក៏បានជួយឲ្យម្ចាស់អាជីវកម្មអាចសន្សំសំចៃទៅលើការចំណាយក្នុងការផ្សព្វផ្សាយ ដោយវាជួយឲ្យពួកគាត់ចំណាយត្រូវតាមគោលដៅដែលពួកគាត់ចង់បាន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ផងដែរ ដែលវាផ្ទុយពីការធ្វើទីផ្សារតាមបែបប្រពៃណី ដែលតម្រូវឲ្យម្ចាស់អាជីវកម្មចំណាយលុយជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានការប្រកួតប្រជែងដណ្តើមពេលវេលាមាស (golden hour) ថែមទៀតផង។

៤. តើអ្នកធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល មានតួនាទីអ្វីខ្លះ?

អ្នកធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមានតួនាទីបង្កើត អនុវត្ថ​ គ្រប់គ្រង និងវ៉ាស់ស្ទង់ទៅលើយុទ្ធសាស្ត្រទីផ្សារ ឬការធ្វើយុទ្ធនាការផ្សព្វផ្សាយរបស់ស្ថាប័នការងាររបស់ខ្លួន។ នៅក្នុងនោះ អ្នកធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល អាចធ្វើការទៅតាមជំនាញរបស់ពួកគេនីមួយៗ ដូចជាទៅលើការគ្រប់គ្រងបណ្តាញសង្គម អភិវឌ្ឍម៉ាស៊ីនស្វែងរក (SEO) និងការធ្វើមាទិការទីផ្សារជាដើម។ ជាទូទៅ អ្នកធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលធ្វើការទៅតាម គោលដៅ និងការដាក់ចេញរបស់ស្ថាប័នខ្លួន ដូចជា៖

  • បង្កើនចំនួននៃការលក់
  • បង្កើនចំនួនអតិថិជន ចូលទៅកាន់ វេបសាយ លក់ទំនិញរបស់ខ្លួន
  • បង្កើនចំនួនការចូលចិត្ត និងតាមដាន ផេក នៅលើបណ្តាញសង្គម។

ក្រៅពីនោះ អ្នកធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលនៅមានតួនាទីមួយសំខាន់ទៀតនោះ គឺធ្វើការតាមដាន និងវ៉ាស់វែង ទៅលើប្រសិទ្ធភាពនៃការងារខាងលើនោះ តាមប្រចាំសប្តាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ។

៥. តើការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមានប៉ុន្មានប្រភេទ?

ភាគច្រើនមនុស្សទូទៅស្គាល់តែការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល នៅលើប្រព័ន្ធបណ្តាញសង្គមតែប៉ុណ្ណោះ តែតាមពិតទៅវាមានប្រភេទជាច្រើនទៀត ដែលអ្នកទាំងអស់គ្នាគួរតែដឹង៖

  • Search Engine Optimization (SEO)៖
    • SEO គឺជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលជួយបង្កើនវិសាលភាពនៃការស្វែងរកនៃស្ថាប័ន ឬអាជីវកម្មមួយ នៅពេលដែលអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត ចង់ស្វែងរកពាក្យពេចន៍ ឬកន្លែង និងរបស់អ្វីមួយនៅលើ Google ឬម៉ាស៊ីនស្វែងរក។
    • អត្ថប្រយោជន៍នៃការប្រើប្រាស់ SEO នោះវាធ្វើឲ្យស្ថាប័ន ឬអាជីវកម្មរបស់អ្នកអាច បង្កើនចំនួនអ្នកចូលទៅកាន់គេហទំព័ររបស់ខ្លួន អាចទទួលបានចំនួនអតិថិជនគោលដៅ និងជម្រុញដល់ប្រសិទ្ធនៃការលក់ថែមទៀតផង។
  • Content Marketing៖
    • Content Marketing សំដៅដល់ការប្រើវិធីសាស្ត្រ ដែលជួយដល់ការបង្កើតមាតិកា ដែលមានភាពជារបស់ខ្លួន និងមានប្រយោជន៍សម្រាប់ទស្សនិកជន និងអតិថិជនរបស់ខ្លួន ដោយ​នៅក្នុងនោះ លោកអ្នកអាចបង្កើតជាអត្ថបទ និងវីដេអូអប់រំ ឬណែនាំទៅកាន់អតិថិជន និងទស្សនិកជន អំពីផលិតផល ឬសេវាកម្ម និងស្ថាប័នរបស់លោកអ្នក។
    • អត្ថប្រយោជន៍នៃការប្រើប្រាស់ Content Marketing គឺវាជួយសន្សំសំចៃម្ចាស់អាជីវកម្ម ឬស្ថាប័នទៅលើការប្រើប្រាស់ថវិកាក្នុងការផ្សព្វផ្សាយ ក៏ដូចជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការឈានទៅកាន់អតិថិជនរយៈ បន្ទន់ចិត្តអតិថិជន និងទាញយកអតិថិជនឲ្យមកសាកល្បងប្រើប្រាស់នូវផលិតផល ឬសេវាកម្មរបស់លោកអ្នក។ នេះបើយោងតាមគេហទំព័រ WebFX មាទិការដែលមានភាពជារបស់ខ្លួន និងមានអត្ថប្រយោជន៍ខ្ពស់អាចជួយឲ្យអាជីវកម្មរបស់អ្នកអាចបង្កើនចំនួនអតិថិជនគោលដៅបានរហូតដល់ ៥៤% បើប្រៀបធៀបទៅនឹងមាទិការដែលចម្លងពីគេ។
  • Pay-Per-Click Advertisement៖
    • Pay-Per-Click (PPC) Advertisement គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រក្នុងការធ្វើទីផ្សាររតាមប្រព័ន្ធឌីជីថលផ្សេងទៀត ដែលប្រ៉ូម៉ូតអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់លោកអ្នក តាមរយៈ ម៉ាស៊ីនស្វែងរក គេហទំព័រ និងកម្មវិធីទូរស័ព្ទ ជាដើម។ Pay-Per-Click មានន័យថា លោកអ្នកនឹងត្រូវចំណាយ នៅពេលដែលមានមនុស្សចុចទៅលើ ផ្ទាំងពាណិជ្ជកម្មរបស់លោកអ្នកតែប៉ុណ្ណោះ។
    • អត្ថប្រយោជន៍នៃការប្រើ Pay-Per-Click (PPC) Advertisement គឺវាមានភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ហើយទាល់តែអ្នកដែលចាប់អារម្មណ៍លើផលិតផល ឬសេវាកម្មយើង ទើបពួកគេចុចលើផ្ទាំងពាណិជ្ជកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រ WebFX ក៏បានចុះផ្សាយថា ប្រមាណជាង ៦០% នៃអាជីវកម្មទាំងអស់ បានកំពុងតែនឹង ប្រើប្រាស់វិធីសាស្ត្រមួយនេះក្នុងការផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួន។
  • Social Media Marketing៖
    • Social Media Marketing គឺជាការប្រើប្រាស់នូវបណ្តាញសង្គមល្បីៗនានា ដែលមានអ្នកប្រើប្រាស់កើនឡើងជាច្រើនសន្ធឹកសន្ទាប់ជាប្រចាំ ដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់អាជីវកម្មណាមួយ។ វាជាធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមួយ ដែលកំពុងមានការពេញនិយម និងផ្តល់ប្រសិទ្ធភាពខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការធ្វើទីផ្សារតាមមធ្យោបាយដទៃទៀត។
    • អត្ថប្រយោជន៍នៃការធ្វើ Social Media Marketing គឺវាអាចឈានទៅដល់មនុស្សនៅគ្រប់តំបន់ គ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់។ ជាក់ស្តែង បណ្តាញសង្គម Facebook ជាបណ្តាញសង្គមមួយដែលមានអ្នកប្រើប្រាស់នៅជុំវិញពិភពលោករហូតដល់ទៅជាង ២.៨៥ពាន់លាននាក់ និងជាមធ្យមមានមនុស្សចំណាយពេលនៅលើវារហូតដល់ ២
  • Email Marketing៖
    • Email Marketing គឺជាការធ្វើទីផ្សារឌីជីថល តាមរយៈប្រព័ន្ធអ៊ីម៉ែល ដើម្បីផ្សព្វផ្សាយ ឬជូនដំណឹងដល់អតិថិជនរបស់លោកអ្នក អំពី ការបញ្ជុះតម្លៃ កម្មវិធីពិសេស ឬព័ត៌មានសំខាន់ៗផ្សេងទៀតនៃផលិតផល ឬសេវាកម្មរបស់លោកអ្នក។
    • ការធ្វើ Email Marketing នៅក្នុងប្រទេសកម្ពុជាយើងហាក់ដូចជាពុំផ្តល់ប្រសិទ្ធភាពត្រឡប់មកវិញខ្ពស់នោះទេ ក៏ព្រោះតែពុំសូវមានអ្នកប្រើប្រាស់ Email ញឹកញាប់ជាប្រចាំនោះឡើយ ដោយអ្នកដែលបើក និងប្រើប្រាស់ Email គឺជាអ្នកដែលប្រើប្រាស់ក្នុងវិស័យការងារតែប៉ុណ្ណោះ។
  • Social Media Advertising៖
    • Social Media Advertising គឺជាវិធីសាស្ត្រក្នុងការប្រើប្រាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising) ដែលមនុស្សភាគច្រើនស្គាល់ថាជាការប៊ូស (Boost) ដើម្បីជម្រុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយដល់ផលិតផល សេវាកម្ម និងស្ថាប័នរបស់លោកអ្នក។
    • អត្ថប្រយោជន៍នៃ Social Media Advertising៖ ជាការពិតណាស់ នៅពេលដែលអ្នកចង់បានលទ្ធផលនៃផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកកាន់តែមានប្រសិទ្ធខ្ពស់ អ្នកគួរតែប្រើការប៊ូស (Boost) ជាជំនួយដោយមូលហេតុថាវា អាចជួយឲ្យការផ្សព្វផ្សាយរបស់អ្នកឈានទៅដល់ក្រុមមនុស្ស និងអតិថិជនគោលដៅបានកាន់តែច្រើន​ និងចំតាមអ្វីដែលលោកអ្នកចង់កំនត់។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិទ្ធភាពនៃការចំណាយក៏មានតម្លៃទាប ហើយលទ្ធផលក៏ល្អប្រសើរផងដែរ។ ​
  • Video Marketing៖
    • Video Marketing គឺជាវិធីសាស្ត្រក្នុងការផ្សព្វផ្សាយដោយប្រើប្រាស់វីដេអូ ក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញអតិថិជន បង្កើតទំនាក់ទំនងជាមួយអតិថិជន បង្រៀន ឬពន្យល់អតិថិជន និងបញ្ចុះបញ្ចូលអតិថិជនរបស់អ្នកជាដើម។
    • អត្ថប្រយោជន៍នៃ Video Marketing នោះគឺវាអាចទាក់ទាញចំណាប់អារម្មណ៍អតិថិជន បានយ៉ាងមានប្រសិទ្ធភាព តាមរយៈសាច់រឿងដែលមាននៅក្នុងវីដេអូ ក៏ដូចជាផ្សារភ្ជាប់ទស្សនិកជនជាមួយនឹងអាជីវកម្មរបស់អ្នកផងដែរ។

៦. ដើម្បីបង្កើតយុទ្ធសាស្ត្រនៃការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលឲ្យមានប្រសិទ្ធភាពខ្ពស់ តើយើងត្រូវដឹងពីអ្វីខ្លះ?

ការបង្កើតយុទ្ធសាស្ត្រទីផ្សារត្រូវបានគេចាត់ទុកថា ជារឿងមួយដែលពិបាកក្នុងការធ្វើ ក៏ព្រោះវាទាមទារឲ្យអ្នកធ្វើការផ្នែកទីផ្សារមានភាព​​​ច្នៃប្រឌិតខ្ពស់ ការដូចជាផ្លាស់ប្តូររហ័សទៅតាមសម័យកាលរបស់សង្គម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដឹងពីចំណុចមួយចំនួនដូចខាងក្រោមនេះ លោកអ្នកពិតជាអាចបង្កើតនូវយុទ្ធសាស្ត្រទីផ្សារបានល្អជាក់ជាពុំខាន។

  • កំណត់នូវគោលដៅនៃការធ្វើទីផ្សាររបស់អ្នក៖
    • មុនពេលដែលអ្នកចាប់ផ្តើមគិតពីយុទ្ធសាស្ត្រទីផ្សារ ឬសរសេរពីមាទិកាផ្សព្វផ្សាយ អ្នកគួរគិតពីគោលដៅដែលអ្នកចង់បានជាមួយសិនថា តើអ្នកចង់សម្រេចអ្វីបន្ទាប់ពីធ្វើយុទ្ធសាស្ត្រទីផ្សារហើយ? ហើយដើម្បីឲ្យគោលដៅរបស់អ្នកកាន់តែមានភាពច្បាស់លាស់ នោះអ្នកគួរតែកំណត់គោលដៅតាមវិធាន S.M.A.R.T ដែលក្នុងនោះមាន៖
      • S = Specific: គោលដៅរបស់អ្នកដាច់ខាតត្រូវតែមានភាពច្បាស់លាស់។
      • M = Measurable: គោលដៅរបស់អ្នកចាំបាច់ត្រូវតែអាចវាស់វែងពីទំហំបាន។
      • A = Attainable: គោលដៅរបស់អ្នកគឺជាអ្វីដែលអាចសម្រេចបានយ៉ាងពិតប្រាកដ ដោយផ្អែកលើប្រភពទិន្នន័យដែលធ្លាប់មានពីមុនមក ហើយមិនមែនជាអ្វីដែលគ្រាន់តែកំនត់តែមិនអាចសម្រេចទៅរួចនោះទេ។
      • R = Relevant: គោលដៅរបស់អ្នកប្រាកដណាស់ត្រូវតែមានទំនាក់ទំនងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន ឬស្ថាប័នរបស់អ្នកបានកំណត់។ ឧទាហរណ៍៖ ប្រសិនបើគោលដៅរបស់ស្ថាប័នអ្នកចង់បង្កើនចំនូលនោះ គោលដៅក្នុងការធ្វើទីផ្សារឌីជីថលរបស់អ្នកគួរតែព្យាយាមបង្កើនចំនួនអតិថិជនដើម្បីគាំទ្រទៅដល់អ្វីដែលក្រុមហ៊ុន ឬស្ថាប័នអ្នកបានកំណត់។
      • T = Timely: គោលដៅរបស់អ្នកចាំបាច់ត្រូវតែមានកាលកំណត់ច្បាស់លាស់ ព្រោះថាវាអាចជួយក្រើនរំលឹកអ្នកពីរយៈពេលដែលអ្នកមានក្នុងការបំពេញការងារ ក៏ដូចជាជួយសន្សំសំចៃពេលវេលា និងថវិការក្នុងការធ្វើការងារនោះផងដែរ។
    • ជ្រើសរើសមធ្យោបាយក្នុងការផ្សព្វផ្សាយមាទិការបស់អ្នក៖
      • អ្នកគួរតែដឹងថា អតិថិជនគោលដៅរបស់អ្នកភាគច្រើនប្រើប្រាស់​ ឬចំណាយពេលនៅលើអ្វី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកចំណាយពេលវេលា និងថវិការក្នុងការគ្រោងបង្កើតយុទ្ធសាស្ត្រទីផ្សារបានត្រឹមត្រូវ និងទទួលបានផលត្រឡប់មកវិញគួរជាទីគាប់ចិត្ត។ លោកអ្នកសាកស្រម៉ៃមើល ប្រសិនបើអតិថិជនរបស់អ្នកភាគច្រើនជាយុវវ័យ ហើយចំណាយពេលរបស់ពួកគេភាគច្រើននៅលើបណ្តាញសង្គម ប៉ុន្តែលោកអ្នកបែរជាប្រើប្រាស់វិទ្យុដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់លោកអ្នកវិញ នេះប្រៀបបីដូចជាការចំណាយឥតប្រយោជន៍អ៊ីចឹងឯង។
    • វាស់វែងពីប្រសិទ្ធភាពយុទ្ធសាស្ត្រទីផ្សារនោះ៖
      • ហើយចំណុចដែលសំខាន់ជាងគេនោះគឺអ្នកត្រូវតែចេះតាមដាន និងវាស់វែងពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រទីផ្សាររបស់អ្នកផងដែរ ដើម្បីឲ្យដឹងថាយុទ្ធសាស្ត្រនោះពិតជាទទួលបានជោគជ័យដែរឬទេ? តើអ្នកគួរតែបន្តអនុវត្ថយុទ្ធសាស្ត្រទីផ្សារបែបនោះបន្តទៀតដែរឬទេ? តើវាបានផ្តល់លទ្ធផល ដូចតាមអ្វីដែលអ្នកបានគ្រោងទុកដែរឬទេ?
Previous articleសហគ្រិនភាពនៃអ្នកដឹកនាំ របស់លោក Dave Ramsey
Next articleតើតន្រី្តអាចជួយអ្វីខ្លះដល់ការងារនិងការសិក្សារបស់អ្នក?
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕