កិច្ចការងារនៅសាលាក៏ច្រើន ការងារនៅកន្លែងធ្វើការក៏មិនតិច រីឯការងារនៅផ្ទះក៏គរជាន់ជើងគ្នា ធ្វើមិនទាន់ហើយ។ អ្នកពិតជាពិបាកខ្លាំងហើយមែនអត់ ពិបាកអត់ដឹងថាត្រូវធ្វើការងារណាមុនទុកការងារណាក្រោយមែនអត់ បើវាមកស្របពេលគ្នាបែបនេះ។ ដូច្នេះ ថ្ងៃនេះពន្លកនឹងចែករំលែកអំពីចំណុចសំខាន់ៗចំនួន4ដើម្បីជួយសម្រាលការលំបាករបស់អ្នកទាំងអស់គ្នា។ បើសិនជាអ្នកចង់បញ្ចប់ការងារទាំងអស់នោះឲ្យឆាប់ហើយអ្នកគប្បី៖
១. សរសេរពីអ្វីដែលអ្នកគិតថាវាចាំបាច់ត្រូវធ្វើមុន
ការងារច្រើនពេក គោលដៅច្រើនពេក អ្នកប្រហែលជាអត់ដឹងថាត្រូវធ្វើកិច្ចការងារណាមួយមុនទេមែនអត់? ដើម្បីដឹងថាការងារណាជាការងារបន្ទាន់ ហើយការងារណាជាការងារបន្ទាប់បន្សំ ជាដំបូងអ្នកត្រូវរំឮកដាស់តឿនខ្លួនឯងជារៀងរាល់ថ្ងៃ ថា៖
- តើការងារអ្វីដែលខ្ញុំត្រូវធ្វើមុនគេ? ( list down ៥ចំណុចដែលអ្នកគិតថាវាជាការងារចាំបាច់ដែលអ្នកត្រូវធ្វើ រួចចាប់ផ្ដើមធ្វើវាម្ដងមួយៗ)
- តើវាចាំបាច់ដែរឬទេដែលត្រូវធ្វើកិច្ចការទាំងនោះ?
- តើគោលដៅមួយណាដែលសំខាន់បំផុតសម្រាប់ខ្ញុំដើម្បីសម្រេចឲ្យបានជោគជ័យនៅក្នុងឆ្នាំនេះ?
- តើខ្ញុំត្រូវផ្ដោតទៅលើវាតាមវិធីណា?
បន្ទាប់ពីអ្នកសរសេរចូលនូវកិច្ចការសំខាន់ៗដែលអ្នកបានលើកឡើងហើយ នោះអ្នកនឹងកាន់តែមានភាពងាយស្រួល ដោយមិនចាំគិតខ្វល់ខ្វាយថាតើគួរធ្វើមួយណាមុនមួយណាឡើយ។
២. រកមើលថា តើអ្វីដែលតែងតែរំខានអ្នក
គឺអ្នកត្រូវរកមើលថាតើអ្វីដែលតែងតែរំខានអ្នកមិនឲ្យសម្រេចកិច្ចការដ៏សំខាន់នោះទៅបានរលូន និងតាមដានក៏ដូចជាសង្កេតមើលថា តើអ្វីដែលតែងតែធ្វើឲ្យអ្នកចំណាយពេលច្រើនទៅលើវា ប៉ុន្តែអត់ដែលទទួលបានផលអ្វីត្រលប់មកវិញសោះ។ យ៉ាងណាមិញប្រសិនបើអ្នកចង់ផ្ដោតទៅលើរឿងដែលសំខាន់ រឿងដែលមានប្រយោជន៍នៅក្នុងជីវិតរបស់អ្នក គឺអ្នកត្រូវតែបន្តគិតថាតើសកម្មភាពណាមួយដែលតែងតែចាំឆ្លបលួចពេលវេលាដ៏មានតម្លៃនោះចេញពីអ្នក? ព្រោះមនុស្សមួយចំនួនធំ ពុំដែលធ្លាប់ចាប់អារម្មណ៍ថា ពួកគេបានចំណាយពេលដ៏ច្រើនមហាសាលទៅលើរឿងកំប៉ិកកំប៉ុក ឬលើរឿងឥតបានការនោះទេ។ដូចនេះហើយទើបធ្វើឲ្យកិច្ចការរបស់ពួកគេមិនអាចបញ្ចប់បានសូម្បីតែម្ដង។
៣. កាត់ផ្ដាច់រាល់ការរំខាន
មុនពេលដែលអ្នកចាប់ផ្ដើមប្រតិបត្តិការធ្វើការងាររបស់អ្នក អ្នកត្រូវច្បាស់ក្នុងចិត្តថាត្រូវយកការរំខានទាំងប៉ុន្មានចេញឲ្យឆ្ងាយពីអ្នកដូចជា បិទសម្លេងទូរស័ព្ទ សម្លេងសារ ទឺងទឺង ដើម្បីកុំឲ្យអ្នកបែកអារម្មណ៍ ស្វែងរកកន្លែងដែលមានមនុស្សតិចដើម្បីប្រមូលស្មារតីធ្វើការ ចេញឆ្ងាយពីភាពអ៊ូអរ។ល។ បើសិនជាអ្នកអាចធ្វើបែបនេះបាន នោះរាល់កិច្ចការងាររបស់អ្នក នឹងទៅមុខយ៉ាងរលូនបូករួមនឹងភាពល្អឥតខ្ចោះដែលអ្នកបានធ្វើទៀតនោះធ្វើឲ្យការងារអ្នកមានសោភ័ណភាពល្អឥតទាស់តែម្ដង។
៤. បញ្ឃប់ការធ្វើការងារច្រើនមុខក្នុងពេលតែមួយ
ខ្ញុំទទួលស្គាល់ថាការ ធ្វើការងារច្រើនមុខអាចធ្វើឲ្យអ្នកចេះបានគ្រប់រឿង ដឹងគ្រប់បញ្ហា ប៉ុន្តែផលប៉ះពាល់នៃការធ្វើការងារច្រើនមុខពេក គឺធ្វើឲ្យអ្នកបាត់បង់នូវការផ្ចង់អារម្មណ៍ និងគុណភាពនៃការងារ(ធ្លាក់ទឹកដៃ) ដែលធ្វើឲ្យអ្នកមិនអាចបញ្ចប់កិច្ចការទាន់ពេល ដោយសារតែអ្នកត្រូវគិតរឿងរ៉ាវផ្សេងៗគ្នាក្នុងកំឡុងពេលតែមួយនេះឯង។ដូចនេះការធ្វើការងារច្រើននឹងធ្វើឲ្យគុណភាពការងាររបស់អ្នកធ្លាក់ចុះក៏ដូចជាធ្វើឲ្យអ្នកពិបាកក្នុងការផ្ដោតទៅលើរឿងអ្វីមួយជាក់លាក់។