សេវាបម្រើអតិថិជនគឺជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុននីមួយៗ។ នៅពេលដែលយើងផ្តល់ជូនសេវាកម្មឬផលិតផលទៅដល់អតិថិជន អ្នកច្បាស់ជាទទួលបានពាក្យសម្ដីទាំងវិជ្ជមាននិងអវិជ្ជមានជាក់ជាមិនខានហើយពាក្យទាំងអស់នោះអាចជះឥទិ្ធពលដល់ជំនួញរបស់អ្នក។ ដូច្នេះការផ្តល់សេវាជូនអតិថិជនពិតជាសំខាន់ដែលយើងមិនគួរឲ្យមានកំហុសកើតឡើងនោះទេ។ ខាងក្រោមនេះគឺជាចំណុចទាំង៥ដែលជួយឲ្យយើងជាអ្នកធ្វើជំនួញចៀសវាងពីកំហុសទាំងនោះបាន។
១. សេវាបម្រើលក្ខណៈស្វ័យប្រវត្តិច្រើនពេក
ប្រាកដណាស់ថាការបម្រើសេវាលក្ខណៈស្វ័យប្រវត្តិគឺជាគំនិតមួយដ៏ល្អដែលអាចជួយឲ្យក្រុមហ៊ុនយើងមិនបាច់ចំណាយច្រើនក្នុងការជួលបុគ្គលិក ប៉ុន្តែវាក៏អាចផ្តល់ផលអវិជ្ជមានផងដែរព្រោះអតិថិជនមិនពេញចិត្តនឹងសេវាកម្មបែបនេះណាស់ណាដែរ។ ពួកគាត់គិតថាគាត់មិនទទួលបានព័ត៌មានគ្រប់គ្រាន់ ហេតុនេះអតិថិជនមួយចំនួនចង់បានការទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកជាង។ ដូច្នេះកុំខ្លាចក្នុងការចំណាយច្រើនចំពោះការបើកអាជីវកម្ម អ្នកគួរតែមានបុគ្គលិកច្រើនក្នុងផ្នែកបម្រើសេវាកម្មដើម្បីឲ្យអតិថិជនមានភាពងាយស្រួលហើយពួកយើងក៏ទទួលបានផលកម្រៃច្រើនមកវិញដែរ។
២. មិនស្តាប់ពីការសេចក្តីត្រូវការរបស់អតិថិជន
ជាទូទៅយើងតែងតែគិតថាយើងដឹងថាអតិថិជនចង់បានអ្វីហើយមិនបានស្តាប់មតិរបស់ពួកគាត់។ នេះគឺជាកំហុសមួយនៅក្នុងផ្នែកសេវាបម្រើអតិថិជន។ ការស្តាប់មតិរបស់អតិថិជនគឺពិតជាសំខាន់ណាស់នៅពេលដែលយើងយល់ពីតម្រូវរបស់ពួកគាត់ ការបម្រើសេវាកម្មរបស់យើងនឹងមានភាពប្រសើរដោយពួកគាត់ពេញចិត្តជាមួយយើង។ ហេតុនេះត្រូវហ្វឹកហាត់ជំនាញស្តាប់ទៅដល់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកផ្នែកបម្រើសេវាកម្ម។
៣. មិនសូវមានប្រតិកម្ម
ដើម្បីឲ្យសកម្មភាពនៃសេវាបម្រើរបស់អ្នករីកចម្រើន អ្នកគួរមានប្រតិកម្មទៅលើដំណើរការឲ្យបានច្រើន។ អ្នកត្រូវចំណាយពេលសិក្សាទៅលើផលិតផល គុណភាព ឬកែលម្អទៅលើចំណុចខ្វះខាតដែលអតិថិជនផ្តល់ឲ្យដើម្បីពួកគាត់រីករាយក្នុងការប្រើប្រាស់សេវាកម្មរបស់អ្នក។ អ្នកគួរប្រើយុទ្ធសាស្រ្តក្នុងមួយខែធ្វើការទំនាក់ទំនងទៅអតិថិជនដើម្បីដឹងពីការប្រើប្រាស់របស់ពួកគាត់ហើយធ្វើឲ្យពួកគាត់មានផ្នត់គំនិតថាក្រុមហ៊ុនអ្នកមានការយកចិត្តទុកដាក់ទៅលើអតិថិជន។
៤. ផ្តល់តម្លៃទាបដល់បុគ្គលិកខាងផ្នែកបម្រើសេវាកម្ម
ក្រុមហ៊ុនណាក៏ដូចមួយណាដែរភាគច្រើនគឺផ្តល់តម្លៃទាបដល់បុគ្គលិកខាងសេវាបម្រើអតិថិជនព្រោះគិតថាការងារពួកគាត់មិនសូវជាហត់ប៉ុន្មាននោះទេដោយគ្រាន់តែឈរចាំទទួលភ្ញៀវឬលើកទូរស័ព្ទតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញ ពួកគាត់គឺទទួលសម្ពាធពីអតិថិជនខ្លាំងណាស់ព្រោះអតិថិជនតែងមានសម្ដីល្អនិងអាក្រក់តែពួកគាត់នៅតែត្រូវបម្រើដោយភាពរាក់ទាក់។ បន្ថែមពីនោះ បើគាត់មិនសូវទទួលបានការយកចិត្តទុកដាក់ពីកន្លែងធ្វើការ គាត់នឹងពុំសូវមានការខំប្រឹងប្រែងក្នុងការងារហើយលទ្ធផលផ្តល់ឲ្យក្រុមហ៊ុនអ្នកវិញក៏មិនល្អដែរ។ ដូច្នេះដើម្បីចៀសវាងពីបញ្ហានេះ អ្នកគួរផ្តល់តម្លៃដល់ពួកគាត់ជាពិសេសប្រាក់ខែក៏គួរសមរម្យទៅតាមសមត្ថភាពគាត់ដែរទើបពួកគាត់រីករាយក្នុងការធ្វើការឲ្យអ្នក។
៥. មិនផ្តល់ឲ្យអតិថិជននូវអ្វីដែលពួកគាត់ចង់បាន
យោងតាមសម្ដីរបស់នាយកប្រតិបតិ្តនៃ TeamSupport គ្រុប លោក Robert C. Johnson បាននិយាយថាអតិថិជនតែងតែចង់បានព័ត៌មានច្បាស់លាស់ទើបពួកគេទុកចិត្តលើសេវាកម្មរបស់ពួកយើង។ អញ្ចឹងហើយអ្នកត្រូវប្រាកដថាបុគ្គលិកបម្រើផ្នែកនេះត្រូវដឹងពីព័ត៌មានរបស់ក្រុមហ៊ុនទាំងអស់ជាងការដែលនៅពេលដែលអតិថិជនសួរនាំឲ្យពួកគេឆ្លើយថាមិនសូវច្បាស់ហើយចាំផ្តល់ព័ត៌មានតាមក្រោយ។ ពេលនោះអតិថិជននឹងគិតថាសេវាកម្មក្រុមហ៊ុនអ្នកមិនសូវល្អហើយពួកគាត់នឹងលែងចង់ប្រើប្រាស់ទៀត។ ជារួមអ្នកត្រូវផ្តល់ឲ្យពួកគាត់ដោយរហ័សទាន់ចិត្ត បើសិនជាចៃដន្យមិនអាចផ្តល់ឲ្យបានភ្លាមៗត្រូវចេះផ្លាស់ប្តូរវិធីសាស្រ្តចាស់ចោល។