spot_img
spot_img
Homeធុរកិច្ច៥ចំណុចសំខាន់ ដែលជួយឲ្យអាជីវកម្មរបស់អ្នកនៅលើបណ្តាញសង្គមកាន់តែមានភាពជោគជ័យ

៥ចំណុចសំខាន់ ដែលជួយឲ្យអាជីវកម្មរបស់អ្នកនៅលើបណ្តាញសង្គមកាន់តែមានភាពជោគជ័យ

-

ជាធម្មតា មនុស្សគ្រប់រូបតែងតែនិយមស្វែងរកព័ត៌មានទាក់ទងនឹងមុខទំនិញឬសេវាកម្មនានានៅ​លើ​បណ្តាញ​សង្គម ឬប្រព័ន្ធឌីជីថលផ្សេងៗ ជាមុនសិន មុនពេលដែលពួកគេសម្រេចចិត្តធ្វើការបញ្ជាទិញផលិតផលឬជាវនូវសេវាកម្មនោះយកមកប្រើប្រាស់។ ការធ្វើបែបនេះអាចជួយពួកគេក្នុងការសម្រេចចិត្ត ក៏ដូចជាអាចទទួលបាននូវផលិតផល និងសេវាកម្មមួយដែលមានគុណភាពល្អពិតប្រាកដ សាកសមទៅនឹងតម្លៃដែលពួកគេបានចំណាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ផ្ដល់ភាពងាយស្រួលដល់ពួកគេផងដែរ ដោយមិនចាំបាច់ចំណាយពេលទៅស៊ើបសួរពត៌មានផ្ទាល់ពីក្រុមហ៊ុន ឬសួរនាំពីអ្នកដទៃច្រើនឡើយ។ ដូចគ្នានេះផងដែរ សម្រាប់ម្ចាស់អាជីវកម្មក្នុងសម័យទំនើបនេះវិញ គួរតែងាកមកប្រើប្រាស់បណ្តាញសង្គម ឬគេហទំព័រដើម្បីទាញជាប្រយោជន៍បម្រើដល់អាជីវកម្មរបស់ខ្លួន។

យ៉ាងណាមិញថ្ងៃនេះពួកយើងនឹងលើកយកនូវចំណុចពិសេសៗទាំង០៥​ដែលអាចជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែមានភាពជោគជ័យតាមរយៈការប្រើប្រាស់គេហទំព័រឬបណ្ដាញសង្គមរបស់អ្នក៖

១. កត់ត្រាទុកនូវពាក្យគន្លឹះ និងសំណួរសំខាន់ៗរបស់អតិថិជន

លោកអ្នកគួរចាំបាច់រៀនសង្កេត និងកត់ចំណាំនូវពាក្យគន្លឹះ ឬសំណួររបស់អតិថិជនដែលធ្លាប់បានចោទសួរមកកាន់លោកអ្នក ក៏ព្រោះថាចំណុចទាំងនេះគឺពិតជាមានសារៈសំខាន់មែនទែន ពិសេសគឺនៅពេលដែលអាជីវកម្មរបស់លោកអ្នកពឹងផ្អែកលើបណ្តាញសង្គម ឬគេហទំព័រជាជំនួយក្នុងការផ្សព្វផ្សាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយឲ្យលោកអ្នកធ្វើការកំណត់នូវតម្រូវការរបស់អតិថិជនច្បាស់លាស់ តាមរយៈការចោទសួររបស់ពួកគេ។ ឧទាហរណ៍៖ “តើហាងបងមានលក់សៀវភៅប្រភេទធុរកិច្ចជាភាសាខ្មែរដែរឬទេ?” ។ ដូច្នេះយើងអាចដឹងបានថាអតិថិជនកំពុងមានតម្រូវការសៀវភៅប្រភេទ “ធុរកិច្ច” និងជា “ភាសាខ្មែរ” ដែលអាចឲ្យយើងយល់ដឹងពីតម្រូវការទីផ្សារបាន ប្រសិនបើមានអតិថិជនសួរសំណួរស្រដៀងគ្នាបែបនេះច្រើន។

Write, Plan, Desk, Notes, Pen, Writing, Taking Notes

២. បង្កើតប្រធានបទថ្មីៗ និងមានប្រយោជន៍

ប្រសិនបើលោកអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ជាពិសេសបណ្តាញសង្គម ហ្វេសប៊ុក លោកអ្នកប្រាកដជាដឹងរួចមកហើយថាប្រធានបទរបស់បងប្អូនអាជីវករយើងគឺនៅមានកម្រិត ហើយមានភាពច្រំដែល និងស្រដៀងគ្នាពីមួយទៅមួយ ដូចនេះដើម្បីជួយឲ្យបណ្តាញសង្គមរបស់លោកអ្នក មានភាពទាក់ទាញ និងជោគជ័យ លោកអ្នកគួរពិចារណាបង្កើតមាតិកាឬប្រធានបទថ្មីៗ និងមានប្រយោជន៍សម្រាប់ធ្វើការចែករំលែក។ តួយ៉ាងដូចជា ហាងលក់សៀវភៅ Naek Arn Online Books Store ដែលជាហាងលក់សៀវភៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយ ដែលមានអ្នកគាំទ្រជាង ៣៩,០០០ នាក់។ ក្រៅពីផ្តល់ជូននូវសៀវភៅល្អៗហើយ  ហាងមួយនេះបានក៏ព្យាយាមបង្កើតមាតិកាថ្មីៗ ដែលមានប្រយោជន៍ជាច្រើនសម្រាប់ចែករំលែកទៅកាន់អ្នកគាំទ្រ និងអតិថិជនរបស់ខ្លួនដែលមានដូចជា៖ អត្ថបទទាក់ទងនិងការអានសៀវភៅ វិធីសាស្ត្រនិងវីដេអូអប់រំចែករំលែកចំណេះដឹងល្អៗជាច្រើនផ្សេងទៀត​។​

៣. ឆ្លើយតបអតិថិជនឲ្យបានរហ័ស

ការឆ្លើយតបទៅកាន់អតិថិជនបានរហ័សពិតជាសំខាន់ខ្លាំងមែនទែន ព្រោះវាបានបង្ហាញថាលោកអ្នកមានភាពទទួលខុសត្រូវខ្ពស់ចំពោះការងារ ហើយវាក៏អាចឲ្យអតិថិជនយល់ថាលោកអ្នកមានការយកចិត្តទុកដាក់ខ្ពស់ទៅពួកគាត់ និងចាត់ទុកពួកគាត់ជាមនុស្សសំខាន់។ លើសពីនេះទៅទៀត លោកអ្នកគួរដឹងថាការប្រែប្រួលចិត្តរបស់មនុស្សគឺមានភាពរហ័សណាស់ ដូច្នេះប្រសិនបើលោកអ្នកឆ្លើយតបទៅកាន់ពួកគាត់មានភាពយឺតយ៉ាវនោះ ពួកគាត់អាចនឹងមានការប្រែប្រួលចិត្តលែងចង់បានរបស់ដែកពួកគាត់ធ្លាប់ចាប់អារម្មណ៍ក៏ថាបាន។ នេះបើតាមការណែនាំរបស់ក្រុមហ៊ុន ហ្វេសប៊ុក ផ្ទាល់ លោកអ្នកមិនគួរឆ្លើយតបទៅកាន់អតិថិជនយឺតជាង ១៥នាទីនោះទេ ព្រោះចន្លោះពេលនោះ អតិថិជននឹងមានការប្រែប្រួលចិត្តលឿនបំផុត ដែលជាហេតុធ្វើឲ្យអ្នកបាត់បង់អតិថិជនក៏ដូចជាប្រាក់ចំណូលមួយចំនួនផងដែរ។

A man is writing an e-mail Premium Photo ៤. ផ្ដល់នូវមាតិកាអប់រំ

អ្នកដែលតាមដានទស្សនានូវមាតិការបស់អ្នក គឺពួកគេតែងចង់ឲ្យអ្នកបង្ហាញពីរបៀបដោះស្រាយបញ្ហា ឬចម្ងល់ផ្សេងៗដែលពួកគេកំពុងតែជួបប្រទះជាមួយនឹងបញ្ហាផ្សេងៗឬទាក់ទងជាមួយនឹងផលិតផលរបស់អ្នកជាដើម។ ហើយនៅក្នុងនោះការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសបុកគឺជាវិធីមួយដ៏អស្ចារ្យសម្រាប់ជួយដោះស្រាយនូវបញ្ហា និងមន្ទិលសង្ស័យរបស់អតិថិជនអ្នកបាន។ ជាក់ស្ដែងដូចជា គេហទំព័រគំនិត (Kumnit.com) គឺជាកន្លែងដែលជួយដោះស្រាយនូវបញ្ហា ក៏ដូចជាផ្ដល់នូវចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងធុរកិច្ច សហគ្រិនភាព ទីផ្សារ និងទីផ្សារឌីជីថលជាដើម ដែលមនុស្សរាល់គ្នាអាចប្រឹក្សាយោលបល់ពីបញ្ហាអាជីវកម្ម ឬតិចនិកក្នុងការធ្វើទីផ្សារជាមួយនឹងគំនិតបាន។ នៅក្នុងគេហទំព័រគំនិតនេះដែរ តែងតែផ្ដល់ជាមាតិកាសម្រាប់ចែករំលែកចំណេះដឹង ការអប់រំ ការបំផុតគំនិតច្នៃប្រឌិតតាមរយៈការបង្ហោះនូវវីដេអូ និងអត្ថបទល្អៗជាច្រើន។ដូចនេះអាជីវកម្មរបស់អ្នកនឹងកាន់តែមានអ្នកតាមដានក៏ដូចជាអ្នកចូលរួមមើលច្រើនប្រសិនបើមាតិការបស់អ្នកពិតជាបានផ្ដល់នូវផលប្រយោជន៍និងគុណតម្លៃឲ្យពួកគេពិតមែន។

៥. បង្ហាញនូវសកម្មភាពខាងក្រៅ

ការដាក់បញ្ចូលសកម្មភាពក្រៅឆាកនៅលើបណ្ដាញសង្គម ហ្វេសប៊ុក គឺពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែន ចុះហេតុអ្វីបានជាអ្នកមិនបង្ហាញឲ្យអ្នកដែលគាំទ្រ Facebook និង Instagramរបស់អ្នកឃើញនូវអ្វីដែលអ្នកទើបតែមាន? ដូចជាដាក់ស្ដង់ពាណិជ្ជកម្មនៅកន្លែងពិពណ៌ណាមួយដើម្បីបង្ហាញពីផលិតផលរបស់អ្នក ឬធ្វើការចែកទានសប្បុរសធម៌ដល់អ្នកខ្សត់ខ្សោយពិតប្រាកដ ផ្ដល់ជាសម្ភារៈសិក្សាដល់សិស្សៗនៅដាច់ស្រយាលជាដើម ដែលនេះធ្វើឡើងដោយអារម្មណ៍ចង់ជួយជ្រោមជ្រែង និងចែករំលែកយ៉ាងពិតប្រាកដ មិនមែនបង្ហាញគ្រាន់តែផ្សព្វផ្សាយផលិតផលរបស់ខ្លួននោះទេ។

សរុបមកគោលដៅយ៉ាងពិតប្រាកដដើម្បីបង្កើនការលក់របស់អ្នកនៅលើបណ្ដាញសង្គមនោះគឺបង្កើននូវចំនួនអ្នកចូលរួម(Engagement)ឲ្យបានកាន់ច្រើននិងឆ្លើយតបសារអតិថិជនឲ្យបានរហ័ស។ដូចនេះអ្នកលក់ត្រូវតែឧស្សាហ៍ព្យាយាម បង្ហាញនូវកាយវិការរស់រវើក រហ័សរហួន ពាក្យសម្ដីទន់ភ្លន់ច្បាស់លាស់ដើម្បីបង្កើតឲ្យមានបទពិសោធន៍មួយដែលល្អបំផុត នៅពេលដែលអតិថិជនមកទិញផលិតផលឬសេវាកម្មរបស់អ្នក(ទោះបីជាអ្នកលក់តាមអ៊ីនធើណេតក៏ដោយតែត្រូបបង្ហាញពីភាពជិតស្និទ្ធហាក់បីដូចជាបានមកជួបផ្ទាល់ដូច្នឹងដែរ)។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ