ជាការពិតណាស់ សម្រាប់អ្នកដែលចូលចិត្តអាននៅពេលដែលពួកគេចាប់កាន់សៀវភៅ ប្រៀបបីដូចជាពួកគេទទួលបាននូវរបស់ដែលមានតម្លៃនៅក្នុងដៃអញ្ចឹង ព្រោះពួកគេយល់ថាមិនត្រឹមតែទទួលបានកម្សាន្តអារម្មណ៍នៅពេលដែលពួកគេធុញថប់ ប៉ុន្តែវាថែមទាំងផ្តល់នូវចំណេះដឹងផ្សេងៗជាច្រើនដែលពួកគេអាចយកវាទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបាន។ តែសម្រាប់អ្នកដែលគិតថាខ្លួនឯងជាមនុស្សដែលមិនចូលចិត្តនូវការអានសៀវភៅ អ្វីដែលពួកគេយល់នោះគឺសៀវភៅជាថ្នាំងងុយដេកទៅវិញ ព្រោះសម្រាប់ពួកគេរាល់ពេលចាប់កាន់សៀវភៅហើយចាប់ផ្តើមអានមិនដល់៥នាទីក៏អាចធ្វើឲ្យពួកគេស្ងាបហើយចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ នោះជាហេតុផលដែលធ្វើឲ្យពួកគេបោះបង់ចោលនូវការអាន តែអ្នកទាំងអស់គ្នាគួរគិតជាថ្មីថានោះមិនមែនជាឧបសគ្គសម្រាប់អ្នកក្នុងការអានសៀវភៅទៀតទេ ពួកយើងទាំងអស់គ្នាគួរបង្កើតទម្លាប់នៃការអានសៀវភៅ ព្រោះថាប្រទេសជឿនលឿនជាច្រើននៅលើសកលលោកអាចរីកចម្រើនទៅមុខបានត្រូវការៗចូលរួមពីអ្នកដែលមានចំណេះដឹងគ្រប់គ្នា។ ហើយដើម្បីជាជំនួយសម្រាប់អ្នកដែលចាប់ផ្តើមនូវការអានសៀវភៅ ពួកយើងនឹងចែកជូននូវវិធីសាស្ត្រខ្លះៗដល់អ្នកអ្នកទាំងអស់គ្នា ដែលយើងបានលើកនូវចំណុចដូចជា៖
- ជ្រើសរើសសៀវភៅដែលផ្តល់នូវគុណតម្លៃ
ការអានសៀវភៅឬអត្ថបទផ្សេងៗមិនខុសពីការដែលអ្នកតាមដានខ្សែរឿងភាគនោះទេ ព្រោះនៅពេលដែលអ្នកទស្សនាភាពយន្តនោះអ្នកប្រាកដជាបានសង្កេតឃើញថានៅក្នុងភាពយន្តនីមួយៗអ្នកនិពន្ធតែងតែបង្កប់នូវចំណេះដឹងក៏ដូចជាតម្លៃអប់រំផ្សេងៗតាមរយៈតួអង្គឬសាច់រឿងទាំងមូលផងដែរ ប៉ន្តែអ្នកក៏ត្រូវមើលដែរថាតម្លៃអប់រំទាំងអស់នោះបានជះឥទ្ធិពលអ្វីមកលើជីវិតរស់នៅបច្ចុប្បន្នរបស់អ្នក។ ចំពោះការអានសៀវភៅលើសពីការកម្សាន្តជាច្រើន ប៉ុន្តែវាជាគោលដៅមួយដែលនាំឲ្យអ្នកទទួលបាននូវអ្វីដែលល្អប្រសើរ។ អ្នកទាំងអស់គ្នាគប្បីជ្រើរើសសៀវភៅណាដែលផ្តល់នូដំណោះស្រាយក៏ដូចជាចំណេះដឹងដែលទាក់ទងនឹងមុខវិជ្ជាដែលអ្នកកំពុងសិក្សារ ឬមុខរបររកស៊ីរបស់អ្នកជាដើម។
- ចាប់ផ្តើមអានតាមពេលវេលាកំណត់មួយ
ជាទូទៅមនុស្សម្នាក់ៗមានកិច្ចការផ្សេងៗគ្នា ប៉ុន្តែអ្នកទាំងអស់គ្នាគួររៀបចំនូវកាលវិភាគមួយសម្រាប់ខ្លួនឯង ព្រោះថាការកំណត់ពេលវេលាជាក់លាក់មួយប្រៀបដូចជាកិច្ចការប្រចាំថ្ងៃមួយដែលអ្នកត្រូវតែអនុវត្តដោយខានមិនបាន។ អ្នកអាចចំណាយពេលវេលាណាមួយដែលអ្នកយល់ថាសក្តិសម។ អ្នកអាចចាប់ផ្តើមដោយការអាននៅវេលាសម្រាកពីការសិក្សានៅសាលា ចន្លោះពេលសម្រាកពីការងារ ឬក្រោយពេលបំពេញកិច្ចការប្រចាំថ្ងៃរួចរាល់។ ម៉្យាងវិញទៀត អ្នកគួរចំណាយពេល១ម៉ោងឬ២ម៉ោងក្នុងមួយថ្ងៃ ឬ៥ថ្ងៃក្នុងមួយសប្តាហ៍ តែបើសិនជាអ្នកអាចចំណាយពេលបានច្រើនជាងនេះតាមដែលអ្នកអាចធ្វើបាន។ ហើយបន្ទាប់មកព្យាយាមកត់ត្រានូវចំណុចសំខាន់ៗដែលអ្នកបានអានរួច។
- ជ្រើសរើសបរិយាកាស
ក្នុងការធ្វើអ្វីមួយ បរិយាកាសក៏ជាកត្តតាដែលជួយជម្រុញផ្លូវចិត្ត និងជាផ្នែកមួយដែលជះឥទ្ធិពលក្នុងការផ្តោតអារម្មណ៍ផងដែរ។ បន្ទាប់ពីអ្នកដឹងថាគួរអានសៀវភៅបែបណា និងក្នុងពេលវេលាបែបណាហើយនោះ អ្នកក៏ត្រូវដឹងពីទីកន្លែងដែលជួយអ្នកឱ្យអានឆាប់យល់ និងចងចាំបានល្អ។ ចំពោះទីតាំងដែលអ្នកគួរជ្រើសរើសនោះគួរតែជាកន្លែងដែលស្ងប់ស្ងាត់ និងមានសំលេងតិចមិនសូវរំខានដ៏ការអានសៀវភៅរបស់អ្នក ដែលស្របជាមួយនឹងបរិយាកាសមានសោភណភាព និងផាសុកភាពដែលមិនប៉ះពាល់ដល់ការផ្ចង់អារម្មណ៍របស់អ្នក។ ហើយចំពោះឧបករណ៍ផ្សេងៗដែលអាចបង្កការរំខាន់ដល់អ្នក គួរតែដាក់ទៅឲ្យឆ្ងាយពីខ្លួនរបស់អ្នក ព្រោះដើម្បីឲ្យអ្នកបានយកចិត្តទុកដាក់អានសៀវភៅបានល្អ។
- ឲ្យរង្វាន់ខ្លួនឯង
ចំពោះចំណុចនេះយើងត្រូវភ្ជាប់វាជាមួយចំណុចទីពីរ ព្រោះថាការកំណត់គោលដៅក្នុងការអាន គឺអាស្រ័យទៅលើអ្នកជាអ្នកកំណត់ខ្លួនឯង។ មានន័យថា អ្នកអាចកំណត់គោលដៅក្នុងការអានជាជំហ៊ានៗដូចជា តាមថេរវេលា ចំនួនទំព័រ ចំនួនមេរៀន និងចំនួនថ្ងៃ ខែ ឆ្នាំ។ ហើយបន្ទាប់ពីអ្នកបានសម្រេចគោលដៅរួចហើយអ្នកអាចលើកទឹកចិត្តខ្លួនឯងដោយនិយាយពាក្យអបអរសាទរ ការចែករំលែកភាពជោគជ័យរបស់យើងជាមួយមិត្ត ក្រុមគ្រួសារ ឬមនុស្សពិសេសរបស់អ្នក ឬទៅទីកន្លែងកម្សាន្តផ្សេងផងដែរ។
- អនុវត្តអ្វីដែលបានរៀន
ចំណុចចុងក្រោយ ដើម្បីវាស់វែងថាតើអ្នកបានយល់ និងចេះចាំមេរៀនដែលអ្នកបានអានរួចបានប៉ុណ្ណា អ្នកត្រូវតែយកមេរៀនទាំងនោះមកអនុវត្តន៍ស្ថានភាពជាក់ស្ដែង សង្ខេបខ្លឹមសារសំខាន់ៗឡើងវិញ ឬអភិវឌ្ឍន៍ទ្រឹះស្តីដែលមានតម្លៃបន្ត ព្រោះបើអ្នកគ្រាន់តែអានដើម្បីឲ្យតែមានព័ត៌មាននៅក្នុងខួរក្បាល នោះថ្ងៃណាមួយអ្នកនឹងភ្លេចវិញ ដូច្នេះអ្វីដែលអ្នកបានសិក្សារកន្លងមក គួរយកវាមកប្រើប្រាស់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។