មិនថាជំនួញណាក៏ដោយទោះទទួលបានជោគជ័យក៏ជួនកាលនៅតែអាចជួបហានិភ័យនៅថ្ងៃណាមួយ។ ជាទូទៅការធ្វើពាណិជ្ជកម្មគឺតែងមានបញ្ហាជារៀងរាល់ឆ្នាំដោយសារមូលហេតុជាច្រើនយ៉ាង។ ក្នុងនាមជាពាណិជ្ជករ អ្នកត្រូវស្វែងរកថាវិបត្តិទាំងនោះកើតឡើងមកពីអ្វីហើយត្រូវធ្វើយ៉ាងណាដើម្បីជៀសផុតពីវា។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងប្រាប់អ្នកពីវិធីដែលជួយស្ដារអាជីវកម្មដែលធ្លាក់ចុះរបស់អ្នកឲ្យរីកដុះដាលឡើងវិញ៖
១. កិត្តិនាម
អាជីវកម្មរបស់អ្នកមានភាពងាករេពីលទ្ធផលដែលបានរំពឹងទុកនោះអាចបណ្តាលមកពីមានលក្ខណៈណាមួយដែលខុសប្រក្រតីជាពិសេសគឺកិត្តិនាមរបស់អ្នកផ្ទាល់តែម្តង។ កិត្តិនាមគឺពិតជាសំខាន់ណាស់ព្រោះវាបង្ហាញអ្វីដែលអតិថិជនបានដឹងឮមុនឃើញផលិតផលរបស់អ្នកទៅទៀត។ បុគ្គលិក អ្នកគ្រប់គ្រង ឬដំណើរការអាជីវកម្មរបស់អ្នកអាចបង្កបញ្ហាឬប្រហែលជាបានបង្កើតកំហុសណាមួយដោយអចេតនាធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកចំពោះអតិថិជនត្រូវខូចខាត។ ម្យ៉ាងទៀតវាអាចបណ្តាលមកពីមានជនខិលខូចមានបំណងផ្សព្វផ្សាយព័ត៌មានបោកប្រាសស្តីពីអាជីវកម្មរបស់អ្នកនាំឲ្យអតិថិជនបាត់បង់ទំនុកចិត្ត។ អ្នកត្រូវពិនិត្យពិច័យឲ្យបានច្បាស់ថាតើពិតជាមានបញ្ហាបែបនេះកើតឡើងឬអត់។ ប្រសិនបើមានមែនអ្នកត្រូវប្រញាប់ដោះស្រាយជាបន្ទាន់រួចផ្សព្វផ្សាយជាសាធារណៈដើម្បីស្រោចស្រង់អាជីវកម្មរបស់អ្នកនិងស្តារមុខមាត់ឡើងមកវិញ។
២. ការធ្វើទីផ្សារ
ជាការពិតណាស់គ្រប់ជំនួញទាំងអស់ទទួលបានជោគជ័យដោយសារតែការធ្វើទីផ្សារល្អ។ នៅពេលដែលអ្នកមានទីផ្សារអាជីវកម្មមួយដែលប្រសើរគឺស្មើនឹងអ្នកមានទាំងកេរ្តិ៍ឈ្មោះល្បីនិងអតិថិជនច្រើន។ បើការរកស៊ីរបស់អ្នកធ្លាក់ចុះ អ្នកត្រូវមើលឡើងវិញទៅលើការផ្សព្វផ្សាយទីផ្សារព្រមទាំងពិភាក្សាគ្នាពីប្រព័ន្ធទីផ្សារចាស់ថាគួរកែវាយ៉ាងដូចម្តេច។ អ្នកត្រូវដឹងថាការធ្វើទីផ្សារគឺផ្អែកទៅលើទំនោរនៃអតិថិជនគោលដៅរបស់អ្នក។ ជួនកាលអ្នកបានខិតខំប្រើប្រាស់មធ្យោបាយដើម្បីធ្វើទីផ្សារហើយតែគ្មានប្រសិទ្ធភាពអាចបណ្តាលមកការធ្វើទីផ្សារនោះមិនបានចំអតិថិជនគោលដៅឬមិនគួរឲ្យគេចាប់អារម្មណ៍ក៏ថាបាន។
៣. ទទួលយកមតិកែតម្រូវពីអតិថិជន
កត្តាដែលជួយឲ្យអាជីវកម្មអ្នកងើបឡើងវិញបាននោះគឺការទទួលបានមតិពីអតិថិជនហើយយកមកអនុវត្តនៅលើជំនួញរបស់អ្នក។ ការធ្វើបែបនេះជួយឲ្យអ្នកមានគំនិតជាច្រើន មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងជួយសន្សំពេលវេលានិងការចំណាយបានទៀតផង។ នៅពេលដែលអ្នកដឹងថាអាជីវកម្មរបស់អ្នកគួរកែលម្អទៅលើអ្វីខ្លះនោះជាពិសេសយល់ច្បាស់ពីការចង់បានរបស់អតិថិជន អ្នកអាចនឹងវាយលុកចូលទីផ្សារបានដោយជោគជ័យ។