spot_img
spot_img
Homeធុរកិច្ចការចាប់ផ្ដើម និងលក្ខណៈពិសេសរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ

ការចាប់ផ្ដើម និងលក្ខណៈពិសេសរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ

-

លោកឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និង​បញ្ញើរឥវ៉ាន់ដែលកំពុងមានការនិយមខ្លាំងនៅប្រទេសកម្ពុជា។ នៅឆ្នាំ2021 ក្រុមហ៊ុនវីរៈប៊ុនថាំមានសាខារហូតជាង 300 ព្រមទាំងមានសាខានៅប្រទេសថៃ​ វៀតណាម និងចិន ហើយនេះបើយោងតាមប្រសាសន៍របស់លោកឧកញ៉ា វីរៈ នៅលើឆានែលផ្លូវការរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ។

ការចាប់ផ្ដើមអាជីវកម្មវីរៈប៊ុនថាំអាចដំណើរការទៅបាន គឺពឹងផ្អែកស្ទើរទាំងស្រុងលើបច្ចេកវិទ្យា​ ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាកម្មដ៏ល្អដល់អតិថិជន ព្រមទាំងធ្វើឱ្យអតិថិជនមានភាពងាយស្រួលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីភ្ជាប់ទំនាក់ទំនងរវាងអតិថិជនជាមួយក្រុមហ៊ុន។ សូម្បីតែនៅគ្រប់ឡានដឹកអ្នកដំណើរទាំងអស់សុទ្ធតែបំពាក់នូវ GPS ដើម្បីតាមដានល្បឿនថាការបើកបរលើសល្បឿនដែរឬទេ និងអាចគ្រប់គ្រងការឈប់របស់អ្នកបើកបរថាគាត់ឈប់ប៉ុន្មានដងផងដែរ។

ប៉ុន្តែ! ទម្រាំទទួលបានភាពជោគជ័យលើវិស័យដឹកជញ្ជូននេះ ក៏មិនមែនទទួលបានដោយភាពងាយស្រួលដែរ គឺវាកើតចេញពីការខិតខំ និងកើតចេញពីក្ដីស្រលាញ់ ព្រមទាំងការចេះចាប់យកឱកាសបង្កើតថ្មីរបស់លោកឧកញ៉ាផ្ទាល់។ ជាក់ស្ដែងដំបូងឡើយកាលពីអាយុ14 ឆ្នាំលោកគ្រាន់តែជាអ្នកលក់ការ៉េមកី បន្ទាប់មកក៏ជាអ្នកលក់ផ្លែឈើ ជាអ្នកណែនាំភ្ញៀវទេសចរណ៍ដើរកំសាន្ត ជាអ្នកជួលកន្លែងស្នាក់នៅឱ្យភ្ញៀវទេសចរណ៍ រហូតក្នុងឆ្នាំ 2004 លោកក៏សម្រេចចិត្តបង្កើតក្រុមហ៊ុនវីរៈប៊ុនថាំនេះឡើង ដោយទិញរថយន្តសម្រាប់ដឹកភ្ញៀវទេសចរណ៍ ដោយអំឡុងពេលនោះ លោកមានដើមទុនត្រឹមតែ 4000$ ប៉ុណ្ណោះក្នុងការទិញរថយន្តដឹកអ្នកដំណើរ។

ជារួមមក ការចាប់ផ្ដើមបង្កើតក្រុមហ៊ុនវីរៈប៊ុនថាំនេះឡើង គឺជាដំណាក់កាលនៅពេលលោកឧកញ៉ាធ្វើការជាអ្នកណែនាំភ្ញៀវទេសចរណ៍ដើរកំសាន្ត និងជួលកន្លែងស្នាក់នៅ បន្ទាប់មកក៏ចាប់ផ្ដើមមានគំនិតបើកក្រុមហ៊ុនដឹកអ្នកដំណើរ រហូតនាពេលបច្ចុប្បន្ន និងផ្ដល់សេវាកម្មដាក់បញ្ជើឥវ៉ាន់ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

លក្ខណៈពិសេសរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ

1. មាន App ផ្ទាល់របស់ក្រុមហ៊ុន

អ្នកដំណើរអាចកក់សំបុត្រធ្វើដំណើរ ដោយអាចកំណត់ទាំងទិសដៅចេញដំណើរ គោលដៅដែលត្រូវទៅដល់ ថ្ងៃចេញដំណើរ និងអាចជ្រើសរើសលេខកៅអីបានទៀត។ លើសពីនេះ អតិថិជនក៏អាចប្រើប្រាស់កម្មវិធីវីរៈប៊ុនថាំ ដើម្បីតាមដានគ្រប់ទំនិញដែលបានដាក់ផ្ញើអំពីស្ថានភាពថាបានទៅដល់ណាហើយ។

2. ធ្វើការដោយមានគោលដៅរួម

លោកឧកញ៉ាវីរៈបានមានប្រសាសន៍ថា អ្វីដែលជាមោទនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុនវីរៈប៊ុននោះគឺការធ្វើការដោយមានគោលដៅរួម ដោយមានរចនាសម្ព័ន្ធធ្វើការច្បាស់លាស់ និងក្រុមការងារទាំងអស់គឺធ្វើការរួមគ្នាជាចង្កោមតែមួយ។ លើសពីនេះ ក្រុមហ៊ុនវីរៈប៊ុនថាំតែងតែផ្ដល់សេវាកម្មដល់អតិថិជនចេញពីចិត្ត និងបេះដូង ព្រមទាំងមានភាពស្មោះត្រង់ជាមួយនឹងអតិថិជនជានិច្ច។

3. ផ្ដោតលើគុណភាព

ក្រុមហ៊ុនវីរៈប៊ុនថាំមានការផ្ដោតនិងយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព អនាម័យ និងទៀងទាត់ពេលវេលាជូនដល់អតិថិជន។

4. ទំនួលខុសត្រូវ

ក្រុមហ៊ុនវីរៈប៊ុនថាំនឹងមានការធានានូវការទទួលខុសត្រូវរាល់ការបាត់បង់ឥវ៉ាន់ទាំងឡាយរបស់អតិថិជន និងមានការផ្ដល់ជាដំណោះស្រាយប្រសិនបើមានការដឹកទំនិញមានភាពយឺតយ៉ាវ ឬជួបបញ្ហារាំងស្ទះផ្សេងៗ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ