បច្ចុប្បន្ននេះ ពិភពលោកកំពុងមានវិបត្តិដោយសារជំងឺកូវីត-19 ដូច្នេះធ្វើឱ្យមនុស្សមិនសូវហ៊ានចេញក្រៅ និងប្ដូរបរិបទនៃការរស់នៅ ប្ដូររបៀបរៀន ប្ដូររបៀបនៃការកម្ម៉ង់ទំនិញ និងប្ដូររបៀបធ្វើការជាដើម ហើយអ្វីដែលសំខាន់នោះគឺ ប្ដូររបៀបដឹកនាំរបស់ម្ចាស់អាជីវកម្មគ្រប់រូប។
ហេតុផលទាំងនេះ បានធ្វើឱ្យពិភពលោកបានឈានមកដល់ យុគសម័យឌីជីថល ដោយមានឥទ្ធិពលខ្លាំងលើការផ្លាស់ប្ដូរយ៉ាងធំទូលាយនៅក្នុងការងារនិងជីវិតរស់នៅប្រចាំថ្ងៃ។ ហើយអ្វីដែលសំខាន់នោះ យុគសម័យឌីជីថល នឹងធ្វើឱ្យជីវិតរបស់មនុស្សកាន់តែមានភាពជឿនលឿន និងបំពេញតម្រូវការបានយ៉ាងល្អប្រសើរដល់មនុស្សជាតិទូទាំងពិភពលោក។ ជាពិសេស កាន់តែធ្វើឱ្យអ្នកដឹកនាំមានសមត្ថភាពដឹកនាំនៅក្នុងអង្គភាពផ្ទាល់ខ្លួនឱ្យទទួលបានជោគជ័យនាពេលអនាគត។
នៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញលម្អិតពីការអភិវឌ្ឍន៍នៃផ្នត់គំនិតក្នុងភាពជាអ្នកដឹកនាំបែបថ្មី និងបង្ហាញពីការកំណត់ជំនាញនៃភាពជាអ្នកដឹកនាំ ដើម្បីដឹកនាំបែបឌីជីថលនៅក្នុងអង្គភាព។
ផ្នត់គំនិតថ្មី និងជំនាញទាំង5 ខាងក្រោម ដែលអ្នកដឹកនាំចាំបាច់ត្រូវតែមាននៅក្នុងការដឹកនាំក្នុងយុគសម័យឌីជីថល ៖
1. អ្នកដឹកនាំឈានមុខគេ
មានសមត្ថភាពរៀបចំគ្រប់កិច្ចការទាំងអស់នៅក្នុងអង្គភាព និងអាចដឹកនាំបានយ៉ាងល្អទោះបីជាមានទីតាំងខុសគ្នា វប្បធម៌ខុសគ្នា ឬជាតិសាសន៍ខុសគ្នា ដោយអ្នកដឹកនាំអាចប្រើប្រាស់ឧបករណ៍ដែលមាននៅក្នុងយុគសម័យឌីជីថលយ៉ាងច្បាស់លាស់ ដើម្បីផ្ដល់នូវដំណោះស្រាយដ៏មានភាពច្នៃប្រឌិតដល់ក្រុមការងារ អតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់។
2. កសាងភាពជឿជាក់ក្នុងការទំនាក់ទំនង
នៅក្នុងយុគសម័យឌីជីថល ការទុកចិត្ត ភាពស្មោះត្រង់ និងភាពជឿជាក់ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ភាពជាអ្នកដឹកនាំ។
3. បង្កើតនិងដឹកនាំក្រុមតាមអនឡាញ
យុគសម័យឌីជីថល ធ្វើឱ្យមានការចំណេញពេលវេលាច្រើន ដោយអាចកាត់បន្ថយការជួបជុំផ្ទាល់ជាដើម ដូច្នេះរឿងមួយដែលអ្នកដឹកនាំត្រូវគិតគូរនោះ គឺការបង្កើតឱ្យមានរចនាសម្ព័ន្ធក្រុមជាលក្ខណៈអនឡាញ និងអាចដឹកនាំក្រុមបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងសម័យកាលនេះ ដោយមានភាពល្អប្រសើរជាងការដឹកនាំបែបប្រពៃណី។
4. ការសហការរួមគ្នា
ក្នុងចំណុចនេះ អ្នកដឹកនាំត្រូវជំរុញឱ្យមានការចូលរួម និងសហការគ្នាលើការបង្កើតថ្មី គំនិតថ្មី និងការប្រើភាពជឿនលឿននៅក្នុងយុគសម័យថ្មីនេះ មកបញ្ចូលនៅក្នុងគំរូអាជីវកម្ម។ ហេតុដូច្នេះហើយ គ្រប់អ្វីដែលយើងបានផ្លាស់ប្ដូរ និងភាពបង្កើតថ្មី ទាមទារឱ្យមានការចូលរួមសហការពីសំណាក់អតិថិជន ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ទើបកើតមានភាពជោគជ័យ។
5. Learning Dynamically
សំដៅលើការមានសមត្ថភាពក្នុងការរៀនសម្របខ្លួន ការអនុវត្ត ភាពបទបែន បង្កើនភាពរីកចម្រើនលើការទំនាក់ទំនង ការសហការគ្នា មានជំនាញគិតបែបច្នៃប្រឌិត និងការផ្លាស់ប្ដូរដ៏ល្អ ដែលអាចមានប្រៀបជាងដៃគូប្រកួតប្រជែង។