នៅក្នុងសត្សវត្សទី២១ នេះ យើងសង្កេតឃើញថា សង្គមបច្ចុប្បន្ននៅកម្ពុជាពិតជាមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ទៅលើផ្នែកបច្ចេកវិទ្យា ព្រោះតែបច្ចេកវិទ្យាជួយសម្រួលការងារបានយ៉ាងច្រើន ទាំងការធ្វើទំនាក់ទំនងគ្នា ការរកស៊ី និងការសិក្សាទៅដល់មនុស្ស។ ដោយសារតែបច្ចេកវិទ្យាទំនើបៗនេះហើយទើបហាងកាហ្វេធំៗមួយចំនួននៅកម្ពុជាបានពង្រីកខ្លួនកាន់តែធំឡើងៗ និងមានអ្នកស្គាល់កាន់តែច្រើនតាមរយៈការធ្វើទីផ្សារបែបឌីជីថល។ ក្នុងនោះដែរ Starbucks Coffeeគឺជាហាងកាហ្វេមួយដែលល្បីល្បាញ មានគេស្គាល់ច្រើន និងពេញនិយមសម្រាប់អ្នកធ្វើការ សិស្សនិស្សិត និង ជនបរទេស។ ក្រៅពីការសិក្សា និងការងារ សិស្សនិស្សិតនិងអ្នកធ្វើការមួយចំនួនធំចូលចិត្តទៅទីនោះដើម្បីពិភាក្សាគ្នា ពីការងារ និងការរកស៊ីជាដើម។ដូច្នេះថ្ងៃនេះយើងនឹងប្រាប់អ្នកពីការធ្វើទីផ្សាររបស់ Starbucks នៅកម្ពុជាទៅកាន់អ្នកទាំងអស់គ្នា ថាតើគេធ្វើយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយយ៉ាងម៉េចខ្លះ៖
Starbucks Coffee ប្រើបណ្ដាញធំៗជាច្រើនដើម្បីដាក់លក់និងផ្សព្វផ្សាយផលិតផលរបស់ពួកគេនៅតាមបណ្ដាញសង្គម រួមមាន ផ្សព្វផ្សាយតាម Facebook, Instagram និងការធ្វើវីដេអូនៅតាមយូធូបជាដើម។ចំពោះការចំណាយទៅលើការផ្សព្វផ្សាយនីមួយៗ Starbucks Coffee ត្រូវចាយលុយយ៉ាងច្រើនដើម្បីទាក់ទាញអតិថិជន និងពង្រីកនូវមុខមាត់ ព្រមទាំងម៉ាកយីហោរបស់ខ្លួនឲ្យកាន់តែមានអ្នកស្គាល់កាន់តែច្រើន។ Starbucksបានបង្ហាញរូបរាងនិងរសជាតិគ្រប់ប្រភេទនៅលើបណ្ដាញ Facebook លាយឡំនិងការបន្ថែមរូបភាពស្អាតៗដែលធ្វើឲ្យទាក់ភ្នែករបស់អតិថិជនរបស់ពួកគេ។ រូបភាពភាគច្រើនមានភាពស៊ីគ្នាជាមួយនឹងចំណង់ចំណូលចិត្តរបស់យុវវ័យ មានរូបភាពច្បាស់ត្រជាក់ភ្នែកនិងទាន់សម័យ។
ម្យ៉ាងវិញទៀតអ្វីដែលពិសេសនោះគឺ Starbucks បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Starbucks Rewards ដើម្បីផ្ដល់ជូនជាពិសេសដល់អតិថិជនដែលបានមកញាំកាហ្វេនៅទីនេះ។ Starbucks Rewardsធ្វើឡើងដើម្បីធ្វើការសន្សំផ្កាយ ដើម្បីទទួលបានការផ្ដល់ជូនពិសេសៗពីគ្រប់សាខា Starbucks នៅទូទាំងប្រទេសកម្ពុជា។
អ្វីដែលពិសេសនោះគឺ ពេលដែល Starbuck ចាប់ផ្ដើមបើកទីតាំងថ្មីម្ដងៗ ពួកគេតែងតែចែកជូនដបទឹក Starbuck ដ៏ស្រស់ស្អាតទៅកាន់អតិថិជនដំបូងប្រហែលជា១០០ទៅ២០០នាក់ និងការផ្ដល់ជូននូវរង្វាន់ផ្សេងៗទៀត។
សរុបមកពួកគេផ្ដោតទៅលើបណ្ដាញសង្គមជាខ្លាំងក្នុងការផ្សព្វផ្សាយនូវអ្វីដែលថ្មីហើយប្លែក ទៅកាន់អតិថិជន ឲ្យបានដឹងបានឮ ហើយមានការសន្សំជាពិន្ទុ និងការចែកនូវរបស់វត្ថុអនុស្សាវរីយ៍ដោយឥតគិតថ្លៃនៅពេលដែលមានការសម្ភោធបើកទីតាំងថ្មីណាមួយនៅកម្ពុជា។