spot_img
spot_img
Homeទូទៅកំពូលសៀវភៅអាថ៌កំបាំងដែលគ្មានអ្នកណាអាចអានបានក្នុងលោក

កំពូលសៀវភៅអាថ៌កំបាំងដែលគ្មានអ្នកណាអាចអានបានក្នុងលោក

-

voynichgateចាប់​តាំង​ពីមាន​វត្តមាន​នៅលើ​ផែនដី​ មនុស្ស​មាន​ការ​ចង់​ចេះ​ចង់​ដឹង ចូលចិត្ត​ឆ្ងល់ច្រើន ដែល​មូលហេតុនេះ​បានធ្វើ​ឲ្យ​មនុស្ស​​កើន​ចំណេះដឹង​កាន់តែច្រើន​ឡើងៗ ហើយ​សៀវភៅ​រាប់​រយលាន​ក្បាល​ត្រូវបាន​សរសេរឡើង​ទុក​សម្រាប់​អ្នកជំនាន់​ក្រោយសិក្សា​ស្រាវជ្រាវ​បន្ត។ មាន​ឯកសារជាច្រើន​​នៅក្នុង​សម័យ​បុរាណ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើប្រាស់​ភាសាសម្ងាត់ ហើយ​សៀវភៅ​ដ៏​អាថ៌កំបាំង​ទាំងនោះ​ស្ទើរតែទាំងអស់​ត្រូវ​បាន​បកស្រាយ និង​លាត​ត្រដាង​ដោយ​អ្នក​ជំនាញ​ផ្នែក​បំបែក​សារសម្ងាត់​នាសម័យ​បច្ចុប្បន្ន​។ ប៉ុន្តែថ្ងៃនេះ​គេហទំព័រ«គំនិត»​សូម​ណែនាំ​សៀវភៅ​បុរាណ​មួយក្បាល​ដែល​គ្មាន​អ្នកជំនាញ​ណា​អាច​បំបែក និង​បកស្រាយ​ពី​ខ្លឹម​សារ​នៅក្នុង​នោះបាន​ឡើយ សៀវភៅនោះ​មាន​ឈ្មោះ​ថា Voynich

សៀវភៅ​ Voynich​ ត្រូវបាន​គេជឿជាក់ថា​គឺជា​សៀវភៅ​ដ៏អាថ៌កំបាំង​បំផុត​នៅ​ក្នុងលោក​ ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​វា​ត្រូវបាន​គេសរសេរឡើង​នៅ​ដើម​សតវត្ស​ទី​១៥ និង​អាច​មាន​ប្រភព​ដើម​នៅភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី។ សៀវភៅនេះត្រូវបាន​គេដាក់ឈ្មោះតាម​ឈ្មួញ​សៀវភៅ​ម្នាក់​ដែលបាន​រកឃើញ​សៀវភៅនេះ លោក Wilfrid Voynich ដែល​គាត់​បាន​ទិញ​សៀវភៅនេះ​នៅឆ្នាំ​១៩១២។

មានទំព័រ​មួយ​ចំនួន​ត្រូវបាន​បាត់ ប៉ុន្តែ​សៀវភៅVoynichដែល​មាន​នៅសល់​បច្ចុប្បន្ន​គឺមានចំនួន​២៤០ទំព័រ ដែល​ភាគច្រើន​គឺជា​គំនូរ។ ទំព័រ​ជាច្រើន​នៅក្នុង​សៀវភៅនោះ​គឺដូច​​ទៅ​នឹង​តិណទេស(ថ្នាំ​ដែលផ្សំឡើងពីរុក្ខជាតិ)​ក្នុង​សម័យនោះ ដែល​គេគិត​ថា​ព័ត៌មាន​ដែលមាន​នៅលើ​ទំព័សៀវភៅ​នោះ​គឺ​ជា​ការ​បកស្រាយអំពី​រុក្ខជាតិ​ដែលអាច​យក​មក​ផ្សំថ្នាំ សម្រាប់​វេជ្ជសាស្ត្រ។ ផ្ទុយ​ទៅវិញ មាន​រុក្ខជាតិជាច្រើន​ដែលមាន​នៅក្នុងសៀវភៅ​នោះគឺសុទ្ធសឹង​តែ​ជា​រុក្ខជាតិ​ដែលមិន​ធ្លាប់​បានស្គាល់ ហើយ​ក្រៅពីនោះ អក្សរ និង​ភាសា​ដែល​បានសរសេរ​នៅលើ​សៀវភៅ​នោះ​គឺនៅតែគ្មាន​អ្នកណាដឹង និង​អាច​អាន​បាននោះទេ។ មានរូបភាពរុក្ខជាតិខ្លះ​នៅក្នុង​សៀវភៅ គឺជារូបភាព​ដែលស្រដៀង​ទៅនឹង​រូបភាព​ដែល​គេ​មើល​រុក្ខជាតិ​ដោយ​ប្រើ​អតិ​សុខុមទស្សន៍(មីក្រូស្កុប) ដែល​វាពិត​ជា​មិនអាចទៅរួច​ដោយសារតែជំនាន់នោះ​មិន​ទាន់​មាន​ឧបករណ៍នេះនៅឡើយ។ មាន​អ្នកជំនាញ​ជាច្រើនជឿជាក់ថា អក្សរ​ដែល​សរសេរ​នៅលើ​សៀវភៅមួយ​នេះ​គឺជា​សារសម្ងាត់ ដែល​ធ្វើ​ឲ្យ​សៀវភៅ​Voynichនេះ​ត្រូវបាន​ធ្វើការសិក្សាស្រាវជ្រាវ​ពីសំណាក់​អ្នក​ជំនាញ​ផ្នែក​បំបែកសារ​សម្ងាត់​ជាន់​ខ្ពស់​ជាច្រើន​ដែល​រាប់​បញ្ចូលទាំង​អ្នកបំបែកសារសម្ងាត់​របស់​អាមេរិច និង​ចក្រភពអង់គ្លេស​ទាំង​ជំនាន់​សង្គ្រាមលោកលើកទី១ និង​ទី២។ បន្ថែម​ពីលើនេះ សៀវភៅនេះត្រូវបាន​អ្នកជំនាញ​បញ្ចាក់​ថា ពណ៌ថ្នាំដែលបានប្រើប្រាស់ក្នុងការ​គូរ គឺសុទ្ធសឹង​តែជាប្រភេទ​រ៉ែ​ដ៏មានតម្លៃ ដែលធ្វើឲ្យគេជឿថាវាជាសៀវភៅ​ដែល​មាន​តម្លៃ​មួយ។ ម្យ៉ាងទៀត យោងតាម​ការពិនិត្យ​ពីអ្នកវិទ្យាសាស្ត្រ សៀវភៅ​នេះត្រូវបាន​សរសេរឡើង​ដោយ​គ្មាន​កំហុស​សូម្បីតែបន្តិច ដែលនាំឲ្យគេសន្មតថា​វាជាសៀវភៅ​ដែលត្រូវបានសរសេរ និង​ចងក្រងឡើង​ដោយ​អ្នកមាន​ថ្វីដៃឯក កម្រ​រកបាន។

ក្រោយ​ពី​ព្យាយាម​ប្រើប្រាស់​គ្រប់វិធីទាំងអស់​ដើម្បី​បំបែកសារសម្ងាត់​ ហើយមិនទទួលបានជោគជ័យ សៀវភៅ​នេះបានក្លាយជា​សៀវភៅ​កំពូល​អាថ៌កំបាំងមួយ និងជាប្រធាន​បទ​មួយ​ដែល​សម្បូរទៅដោយ​ទ្រឹស្តីរវើរវាយ និង​មាន​លក្ខណៈជាប្រលោមលោក។ បច្ចុប្បន្ននេះ សៀវVoynichត្រូវបានគេរក្សាទុក​នៅក្នុង​បណ្ណាល័យ​នៃសាកលវិទ្យាល័យយ៉េល​នៅសហរដ្ឋអាមេរិច (Yale University)។

អក្សរដែលសរសេរនៅក្នុងសៀវភៅ
អក្សរដែលសរសេរនៅក្នុងសៀវភៅ

ប្រភព៖ ភាពយន្តឯកសារ National Geography 2011: Naked Science, The book that Can’t Be Read

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ