នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា គេហទំព័រ សៀវភៅ និង ឯកសារជាភាសាខ្មែរមានការីកចម្រើនគួរឲ្យកត់សម្គាល់ ដែលនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រជាជាតិយើងទាំងមូល។ ប៉ុន្តែអ្វីដែលយើងមិនគួរមើលរំលងនោះគឺបញ្ហាកំហុសអក្ខរាវិរុទ្ធ និងការប្រើប្រាស់ពាក្យ ដែលតែងតែកើតមានជាញយៗ ដែលវាអាចបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានទៅថ្ងៃអនាគត។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគិតគូរ និងបានបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ ក្នុងគោលបំណងដោះស្រាយវិបត្តិភាសាខ្មែរ ដើម្បីស្វែងរកឯកភាពជូនភាសាជាតិយើង។
ដើម្បីរួមចំណែកអភិវឌ្ឍភាសាខ្មែរ ថ្ងៃនេះ “គំនិត” សូមលើកយកកំហុសនៃការសរសេរមួយចំនួនដែលតែងតែកើតមាន នៅតាមបណ្តាគេហទំព័រ សៀវភៅ និងឯកសារផ្សេងៗមួយចំនួន មកធ្វើការចុះផ្សាយក្នុងគោលបំណងដើម្បីកាត់បន្ថយកំហុសទាំងនោះ និងកុំឲ្យមានការភ័ន្តច្រឡំបន្តទៅទៀត។
១- ពាក្យទាំងអស់ត្រូវសរសេរដោយផ្អែកតាមវចនានុក្រមខ្មែរដែលចងក្រងដោយសម្តេចព្រះសង្ឃរាជ ជួនណាត
យើងឃើញថា ការសរសេរអត្ថបទមួយចំនួនគឺសរសេរឡើងដោយមិនបានគោរពតាមក្រិតក្រមវចនានុក្រមខ្មែរនោះទេ។ អត្ថបទទាំងនោះគឺត្រូវបានសរសេរឡើងដោយប្រើប្រាស់ព្យាង្គរាយ ដែលខុសនឹងពាក្យដែលមាននៅក្នុងវចនានុក្រមខ្មែរដែលចងក្រងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត។ ឧទាហរណ៍៖ សម្រស់ ចម្រៀង ចម្លើយ ចម្ងាយ សម្តី គេបែរជាសរសេរថា សំរស់ ចំរៀង ចំលើយ ចំងាយ និងសំដីជាដើម។ យោងតាមសេក្តីប្រកាសរបស់រាជបណ្ឌិតសភាកម្ពុជាបានសម្រេចថា រាល់ការសរសេរទាំងអស់ត្រូវអនុវត្តតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ភផ្សាយដោយពុទ្ធសាសនបណ្ឌិត្យគ្រាទី៥ ឆ្នាំ១៩៦៧ រួមទាំងអក្ខរាវិរុទ្ធដែលមានការឯកភាពពីគណៈកម្មាធិការជាតិភាសាខ្មែរ។ ដូចនេះសង្ឃឹមថាសិស្សានុសិស្ស អ្នកនិព្ធ និងកវីទាំងអស់ នឹងធ្វើការសរសេរដោយប្រុងប្រយ័ត្នជាអតិបរិមា ដើម្បីកាត់បន្ថយរាល់កំហុសដែលអាចកើតមានឲ្យបានច្រើនបំផុតដែលអាចធ្វើបាន។ ការធ្វើដូចនេះ នឹងធ្វើឲ្យភាសាខ្មែរយើងមានការរីកចម្រើនទៅមុខកាន់តែលឿន និងឆ្ពោះទៅរកឯកភាពភាសាជាតិកាន់តែឆាប់រហ័ស។
២-ការយល់ច្រឡំរវាងយុគលពិន្ទុ ឬចុចពីរ នឹងស្រៈ ះ
មានអត្ថបទដែលបានបោះពុម្ភជាច្រើន ដែលមានការភ័ន្តច្រឡំនៅក្នុងបញ្ហា(ការប្រើប្រាស់ស្រៈនិងសញ្ញា)នេះ។ មានអ្នកនិពន្ធ និងកវីមួយចំនួនតែងតែប្រើស្រៈ “ះ” ជំនួសដោយការប្រើប្រាស់យុគលពិន្ទុ។ តាមក្រិតក្រម យុគលពិន្ទុគឺគេប្រើនៅពេលដែលយើងចង់បានសូរ “អាក់” រីឯស្រៈ “ះ” ត្រូវបានគេប្រើនៅពេលដែលយើងចង់បានសូរ “អាស់”។ ប៉ុន្តែមានកំហុសមួយចំនួនដែលតែងតែកើតមានជារឿយៗ ដូចជាការសរសេរពាក្យថា រយៈ, ស្រៈ, ព្យញ្ជនៈ, លក្ខណៈ ទៅជា រយះ, ស្រះ, ព្យញ្ជនះ, លក្ខណះ ទៅវិញ។ ពាក្យទាំងនេះគឺមានន័យ ខុសគ្នាស្រឡះ ហើយជួនកាលគឺខុសតែម្តង។ ឧទាហរណ៍ រយៈ មានន័យថា សង្កាត់, ថ្នាក់, ភាគ, កម្រិត រីឯរយះ មានន័យថាបែករហែកញែកចេញពីគ្នា។ រីឯការអានទៀតសោតក៏មានភាពខុសគ្នាផងដែរ ដោយរយៈ គេអានថា”រយាក់” រីឯរយះ គេអានថា”រយាស់”។ សង្ឃឹមថា រាល់ការសរសេរទាំងអស់ត្រូវឆ្លងកាត់ នឹងមានការពិនិត្យឲ្យបានត្រឹមត្រូវ និងម៉តចត់ថាតើត្រូវប្រើយុគលពិន្ទុ ”ៈ” ឬក៏ស្រះ “ះ” ក្នុងការសរសេរ។
៣-ការសេរសេរ “ឲ្យ” និង “ឱ្យ”
យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ការសរសេរ ពាក្យថាឱ្យជាព្យាង្គរាយ “អោយ” និង “ឱយ” មិនត្រូវបានយល់ព្រមឲ្យប្រើឡើយ។ ប៉ុន្តែការសរសេរ “អោយ” និង “ឱយ” នៅតែឃើញកើតមានជាច្រើន។
រីឯបញ្ហាមួយទៀតដែលមានការសរសេរថា “ឲ្យ” ដែលអានថា “អោយ”ដែរនោះ គឺនៅមាន មួយចំនួនសរសេរខុសទៅជា “ឲ” ដោយមិនបានសរសេរជាមួយនឹង “្យ”។
សង្ឃឹមថា ក្រោយពីបានអានអត្ថបទនេះរួចហើយ ប្រិយមិត្តដែលធ្លាប់សរសេរពាក្យខុសដោយអចេតនាឬចេតនាក្តី នឹងធ្វើការកែប្រែឲ្យបានត្រឹមត្រូវឡើងវិញទៅតាមក្បួនច្បាប់។ គំនិតមិនមែនជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រអ្វីនោះទេ ហើយក៏មិនធានាថារាល់អត្ថបទដែលចុះផ្សាយនៅក្នុងគេហទំព័រនេះសុទ្ធតែត្រឹមត្រូវ១០០%នោះដែរ ប៉ុន្តែគំនិតគ្រាន់តែចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចដែលខ្លួនមាន មកចែកជូនប្រិយមិត្តអ្នកអាន ហើយខ្លួនគំនិតផ្ទាល់ក៏ខិតខំពង្រឹង និងកាត់បន្ថយកំហុសដែលកើតមានដោយអចេតនាក្នុងការសរសេរផងដែរ។ ប្រសិនបើគំនិតមានការកំហុសអក្ខរាវិរុទ្ធ និងពាក្យនៅត្រង់កន្លែងណានោះ សូមប្រិយមិត្តមេត្តាដាស់តឿន និងណែនាំផង ដើម្បីអក្សរសាស្ត្រជាតិយើងទាំងអស់គ្នា។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ដឹងបន្ថែមទៀត អំពីការប្រើប្រាស់ភាសាខ្មែឲ្យបានត្រឹមត្រូវនោះ ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រគណៈកម្មាធិការភាសាជាតិតាមរយៈអាស័យដ្ឋាន http://khmergovernmentoffice.o