កាលពីថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសាកល្បងដាក់បញ្ចូលនូវមុខវិជ្ជាទាក់ទងនឹងហិរញ្ញវត្ថុ ក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតថ្នាក់បឋម ដល់ថ្នាក់វិទ្យាល័យ សម្រាប់តែសាលាដែលមានក្នុងខេត្តចំនួន 3 ប៉ុណ្ណោះ គឺខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប។ ចំពោះការបញ្ចូលនូវការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានេះ ក្រសួងអប់រំ បានសហការជាមួយធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ។ ហើយនេះ បើយោងតាមប្រសាសន៍របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះគោលបំណងនៃការដាក់បញ្ចូលនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ គឺដើម្បី
– ជួយសិស្សានុសិស្សទាំងអស់ឱ្យមានការអភិវឌ្ឍជាមូលដ្ឋាននៃវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា អំពីការខ្ចីប្រាក់ និងការផ្តល់ប្រាក់កម្ចី ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេក្នុងការគ្រប់គ្រងប្រាក់ផ្ទាល់ខ្លួន។
– ជួយសិស្សានុសិស្សទាំងអស់ឱ្យចេះជ្រើសរើសយកការសម្រេចចិត្តដ៏ត្រឹមត្រូវលើការចាយវាយជាប្រចាំថ្ងៃ ការសន្សំ និងការគ្រប់គ្រងថវិកាផ្ទាល់ខ្លួនបានល្អ ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិត។
គួរបញ្ជាក់ផងដែរថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយការសម្រេចចិត្តនៃការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដោយបង្រៀនសាកល្បងដល់សិស្សានុសិស្សនេះ ពិតជាយុទ្ធសាស្រ្តបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏ល្អ ដើម្បីធ្វើឱ្យពួកគេមានការយល់ដឹងអំពីហិរញ្ញវត្ថុតាំងពីក្មេងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការដាក់សាកល្បងដំបូងអាចមិនរលូនដូចនឹងផែនការគ្រោងទុក ប៉ុន្តែយើងជឿជាក់ថា ក្រសួងអប់រំនឹងមានវិធានការ ដើម្បីធ្វើឱ្យការអនុវត្តន៍នេះកាន់តែល្អប្រសើរនាពេលអនាគត។