មិនថាប្រុសមិនថាស្រីទេ មនុស្សគ្រប់គ្នា សុទ្ធតែ មានខួរក្បាល ដែលមាន ទំហំស្ទើរតែ ប៉ុនគ្នា ទាំងអស់។ ហើយមានពេលខ្លះក៏មានពាក្យចំអន់គ្នាលេងថា «ខួរក្បាលមួយគីឡូដូចតែគ្នាទេ»។ ក៏ប៉ុន្តែនៅពេលដែលយើងគិតពីដំណើរការវិញគឺមានភាពខុសគ្នារវាងបុរសនិងស្រ្តី។ ជាការពិតណាស់លក្ខណៈខាងក្រៅនៃខួរក្បាលរបស់មនុស្សទាំងពីរភេទគ្មានលក្ខណៈឬទម្រង់ខុសគ្នាប៉ុន្មានទេហើយតាមលក្ខណៈនេះ មកដល់បច្ចុប្បន្នអ្នកប្រាជ្ញមិនបានដឹងថាដំណើរការនៃខួរក្បាលរបស់ភេទទាំងពីរមានភាពខុសគ្នាយ៉ាងណាទេ។ បើអ្នកមានចម្ងល់ដែរសូមអញ្ជើញអានអត្ថបទដែល «គំនិត» នឹងលើកយកមកចែករំលែកថ្ងៃនេះ។
សំណួរដែលយើងគួរចាប់ផ្តើមសួរនោះគឺ៖ តើអ្នកដឹងទេថាខួរក្បាលរបស់បុរសនិងស្រ្តីមានដំណើរការខុសគ្នាយ៉ាងណានៅពេលដែលពួកគេស្ថិតក្រោមសំពាធ ឬ ភាពតប់ប្រមល់?
តាមការសិក្សាថ្មីមួយកាលពីខែមេសា ឆ្នាំ ២០០៨ កន្លងទៅនេះនៅសាកលវិទ្យាល័យ ផែនសីលវេនញា (University of Pennsylvania) នៅទីក្រុង ហ្វីឡាដាហ្វៀ (Philadelphia) នៃរដ្ឋ ផែនសីលវេនញា (Pennsylvania) សហរដ្ឋអាមេរិចដែលប្រើឧបករណ៍ថតរូបភាពខួរក្បាលទាន់សម័យមួយដែលគេហៅថា អែមអែនអ ឬ (Magnetic resonance imaging ហៅកាត់ MRI) ដឹកនាំដោយលោកបណ្ឌិត ជួ័ងៗ វាង (Jiongjiong Wang) ជាសាស្រ្តាចារ្យនៃ ផ្នែកវិទ្យុសិក្សា (radiology) និង ផ្នែកប្រសាទវិទ្យា (neurology) នៅសាកលវិទ្យាល័យនោះ។ ការសិក្សានេះមានការចូលរួមពីសំណាក់បុរស ១៦ នាក់ព្រមទាំងស្រ្តី ១៦ នាក់ ផងដែរ។ បុរសនិងស្រ្តីទាំងនេះត្រូវបានអ្នកវិទ្យាសាស្រ្តរៀបចំឲ្យពួកគេរាប់លេខថយក្រោយ ពីចំនួន ៦០០០ជាងហើយលេខមួយខ្ទង់ៗមានគំលាតពីគ្នាចំនួន ១៣ (ឧ. ៦១៦៩, ៦១៥៦, ៦១៤៣…..) នៅពេលដែលពួកគេសម្រាកក្នុងម៉ាស៊ីន (fMRI*)។ សូមបើក រង្វង់ក្រចកដើម្បីពន្យល់ឧបករណ៍ថតរូបភាពខួរក្បាល (fMRI) ដូចបង្ហាញក្នុងរូបភាពទី 1 នេះបន្តិច។ឧបករណ៍នេះប្រើដែនម៉ាញេទិច (មេដែក) ខ្លាំងមួយដើម្បី បង្កើតឥទ្ធិពលទៅលើដែនម៉ាញេទិចរបស់ អាតូមដែលស្ថិតក្នុងសារពាង្គកាយយើងជាពិសេសត្រង់ចំនុចចំណាប់អារម្មណ៍នោះ។ ឥទ្ធិពលនៃដែនម៉ាញេទិចរបស់ម៉ាស៊ីន (fMRI) នឹងធ្វើឲ្យអាតូមទាំងនោះតម្រៀបគ្នាតាមលំនាំមួយ។ ហើយបន្ទាប់មករលកវិទ្យុ (radio frequency) (មិនមែនវិទ្យុសកម្មទេ) ដែលមានប្រេកង់ខ្ពស់មួយ តម្រៀបអាតូមទាំងនោះឲ្យមានលំនាំ ជាប្រព័ន្ធមួយដែលស្របទៅនឹងទម្រង់ដែលដូចរូបភាពមួយ។ ទម្រង់នោះត្រូបានអ្នកវិទ្យាសាស្រ្តផ្តិតទៅលើសន្លឹកហ្វីល (film) សម្រាប់វិភាគ។ នេះជាសេចក្តីពន្យល់ដ៏សង្ខេបមួយនៃម៉ាស៊ីន (fMRI)។
ឥឡូវសូមត្រលប់មកប្រធានបទយើងវិញ។ ការស្រាវជ្រាវបានបង្ហាញឲ្យឃើញថាខួរក្បាលបុរសនៅពេលដែលស្ថិតក្រោមសំពាធ គឺមានសកម្មភាពខ្ពស់នៅត្រង់ផ្នែកខាងមុខឆ្វេង(left orbitofrontal cortex) នៃខួរក្បាល ដូចបង្ហាញក្នុងរូបភាព ទី 2 ដែលជាតំបន់គ្រប់គ្រងរំញោចនៃការច្បាំង ឬ រត់គេចខ្លួន (ហ្វៃអហ្វៃ្ល ឬ fight or flight)។
ក៏ប៉ុន្តែចំពោះខួរក្បាលស្រ្តីវិញសកម្មភាពខ្ពស់គឺកើតឡើងនៅត្រង់ ផ្នែក ប្រព័ន្ធ
លីមបិក (limbic system) ដូចបង្ហាញក្នុងរូបភាពទី 3 ដែលគ្រប់គ្រងរំញោចនៃអារម្មណ៍ (ដូចជាការខឹង ស្អប់ ស្រលាញ់។ល។)
របកគំហើញនេះត្រូវបានលោកបណ្ឌិត វាង (Dr. Wang) និយាយថានឹងអាចក្លាយជាកត្តាជំរុញមួយដែលអនុញ្ញតឲ្យអ្នកវិទ្យាសាស្រ្តអាចសិក្សាពីលំនាំនៃភាពមិនប្រក្រតីនៃអារម្មណ៍របស់មនុស្សប្រុសនិងស្រីបាន៕
*fMRI គឺជាពាក្យដែលសម្រាប់សំគាល់ម៉ាស៊ីន MRI ដែលទំនើបមួយ។
ដកស្រង់ចេញពីគេហទំព័រ http://www.sciencedaily.com/videos/2008/0403-men_are_from_mars.htm ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១
កែសម្រួលនិងបកប្រែដោយលោក ចំណាន
ប្រភពនៃរូបភាព៖
រូបទី1: http://bostonspineclinics.com/custom_content/c_81729_other_imaging.html កាលពី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១
រូបទី2: http://www.cnsforum.com/imagebank/item/Neuro_biol_OCD/default.aspx កាលពី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១
រូបទី3: http://www.clipart.dk.co.uk/418/subject/Biology/Limbic_system កាលពី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១១