spot_img
spot_img
Homeធុរកិច្ចគន្លឹះត្រៀមខ្លួនដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

គន្លឹះត្រៀមខ្លួនដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

-

ការចាប់ផ្ដើមអាជីវកម្មមួយសម្រាប់ខ្លួនឯង នរណាៗក៏ចង់បានដែរ ប៉ុន្តែអ្វីដែលអ្នកមិនត្រូវអួសរំលងនោះគឺការពង្រឹងកត្តាខាងក្នុងខ្លួនឯងខ្លាំងជាមុនសិន មុននឹងចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន។ ម្យ៉ាងទៀត មុននឹងបើកអាជីវកម្ម អ្នកក៏ត្រូវមានការត្រៀមខ្លួន ក៏ដូចជាសិក្សាឈ្វេងយល់លើចំណុចមួយចំនួនផងដែរ។ ហើយខ្លឹមសារខាងក្រោមនេះ ជាសាររបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយក្នុងការត្រៀមខ្លួនបើកអាជីវកម្មផ្ទាល់ខ្លួន និងធ្វើឱ្យខ្លួនឯងមានស្ថានភាពជីវិតកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។

1. គិតស្រមៃនូវអ្វីដែលជាការពិត

អ្នកត្រូវតែសួរខ្លួនឯងថា តើអ្វីដែលអ្នកស្រលាញ់ និងចង់ធ្វើពិតប្រាកដ? តើអ្វីដែលអ្នកស្រលាញ់ចង់ធ្វើនោះ វាអាចនឹងកើតឡើងទេ? ចូរកុំស្រមៃចង់ធ្វើអ្វីដែលមិនអាចកើតឡើង ឬមិនសមនឹងសមត្ថភាពរបស់អ្នក ម្យ៉ាងទៀតវាមិនអំណោយផងនៅក្នុងតំបន់ដែលអ្នកចង់ធ្វើនោះ។

ហេតុដូចនេះ ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើវិស័យអ្វីមួយ អ្នកត្រូវតែប្រាកដថា អ្នកពិតជាស្រលាញ់ និងចង់ធ្វើវាពិតមែន មិនមែនគ្រាន់តែចង់លំៗ ឬគ្រាន់តែចង់ធ្វើតាមគេតាមឯងឡើយ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកចាប់ផ្ដើមធ្វើអ្វីដែលខ្លួន​ឯងស្រលាញ់ នោះអ្នកមិនងាយបោះបង់ឡើយ ហើយតែងតែព្យាយាមរិះរកគ្រប់វិធីដើម្បីសម្រេចវាឱ្យបាន។

2. បណ្ដុះការអភិវឌ្ឍជារៀងរហូត

អ្នកត្រូវតែបន្ដសិក្សារៀនសូត្រដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវមើលស្រាលអំពីសមត្ថភាពផ្ទាល់ខ្លួនដែរ និងត្រូវតែមានចិត្តអំណត់ តស៊ូព្យាយាម ព្រមទាំងត្រូវជម្នះគ្រប់ស្ថានភាពទាំងអស់ ដើម្បីសម្រេចបាននូវអ្វីដែលអ្នកតែងតែស្រមៃចង់ធ្វើឱ្យវាក្លាយជាការពិត។

ចូរចងចាំថា ធ្វើអ្វីក៏ដោយកុំស្រមៃតូច ប៉ុន្តែស្រមៃឱ្យធំ ឱ្យអស្ចារ្យ ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចវាឱ្យបាន។ ម្យ៉ាងទៀត ចូរកុំស្រមៃនូវអ្វីដែលធំខ្លាំងពេក រហូតលើសពីសមត្ថភាពរបស់អ្នកខ្លាំងពេក ឬជាអ្វីដែលមិនអាចទៅរួច។

បើអ្នកមានក្ដីស្រមៃ អ្នកនឹងរស់នៅដោយមានគោលដៅ ហើយត្រូវដុះខាត់ចំណេះជំនាញ និងសមត្ថភាពឱ្យខ្លាំង ដើម្បីផ្លាស់ប្ដូរខ្លួនឯងទៅជាអ្វីដែលអ្នកចង់ឃើញនាពេលអនាគត។

3. ធ្វើការឱ្យខ្លាំង

បុគ្គលដែលជោគជ័យ ជាបុគ្គលដែលចូលចិត្តបង្វឹកខ្លួនឯងឱ្យធ្វើការឱ្យខ្លាំង ដើម្បីបណ្ដុះខ្លួនឯងឱ្យមានសមត្ថភាពខ្លាំង និងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ឬធ្វើឱ្យអនាគតខ្លួនឯងកាន់តែមានជីវភាពធូរធាជាងមុន។

ចំពោះការធ្វើការឱ្យខ្លាំងនេះ អ្នកត្រូវចងចាំថា អ្នកត្រូវតែខិតខំធ្វើការឱ្យបានល្អ ធ្វើការឱ្យមានលទ្ធផល ធ្វើការឱ្យអស់ពីសមត្ថភាព ធ្វើការនូវជំនាញដែលខ្លួនស្រលាញ់ ធ្វើការឱ្យប្រធានឬថ្នាក់ដឹកនាំស្រលាញ់ពេញចិត្តហើយទុកចិត្តឱ្យអ្នកកាន់តំណែងខ្ពស់ៗជាបន្តបន្ទាប់ ព្រមទាំងធ្វើការដើម្បីទទួលបានតំណែងខ្ពស់ និងប្រាក់ខែល្អដោយសមត្ថភាពពិតប្រាកដ។ លើសពីនេះ ត្រូវតែធ្វើការដើម្បីយកនូវអ្វីដែលមានគុណតម្លៃសម្រាប់អ្នក ក្នុងគោលបំណងបង្កើតឱកាសជាបន្តបន្ទាប់សម្រាប់ខ្លួនឯង ដូចជានៅពេលលាឈប់ពីការងារ ធ្វើឱ្យមនុស្សស្ដាយស្រសោះ ថែមទាំងមានក្រុមហ៊ុនធំៗល្អៗរងចាំទទួលយកអ្នកដោយដៃពីរ។ លើសពីនេះ នៅពេលលាឈប់ពីការងារ អ្នកអាចចាប់ផ្ដើមអាជីពមួយផ្ទាល់ខ្លួនបានយ៉ាងល្អ មិនមែនដើរទាត់ខ្យល់។

ចូរចងចាំថា អ្នកត្រូវតែធ្វើអ្វីដែលធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមាន ធ្វើអ្វីដែលធ្វើឱ្យអ្នកជោគជ័យ ធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនចេះធុញទ្រាន់ ធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនចេះហត់នឿយ និងមិនចេះនឿយណាយ គឺត្រូវតែធ្វើអ្វីដែលអ្នកចូលចិត្ត ហើយការចាប់ផ្ដើមអាជីវកម្មក៏ដូចជា គឺត្រូវធ្វើប្រភេទអាជីវកម្មណាដែលអ្នកស្រលាញ់ពេញបេះដូង សូម្បីតែគេងក៏ស្រមៃឃើញ។

4. ប្រកាន់ខ្ជាប់នូវគោលការណ៍មួយ គឺ កុំចាំតែធ្វើតាមគេ

ត្រង់ចំណុចនេះ អ្នកត្រូវតែចេះត្រួសត្រាយផ្លូវដោយខ្លួនឯង និងធ្វើអ្វីដែលជារបស់ខ្លួនឯងចង់ធ្វើ មិនមែនឃើញគេធ្វើអ្វីជោគជ័យ ធ្វើតាមគេដែរឡើយ។ ម្យ៉ាងទៀត អ្នកអាចរៀនមើលសង្កេតពីគេបាន បន្ទាប់រៀនសូត្រតាមដើម្បីច្នៃអ្វីមួយដែលថ្មីសម្រាប់ខ្លួនឯង។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ