អាជីវកម្មត្រូវបានគេកំណត់ទំហំ៣ធំៗដូចជាខ្នាតតូច មធ្យម និងធំ។ នៅប្រទេសមួយចំនួនលើសកលលោកគេកំណត់ទំហំនៃពាណិជ្ជកម្មដោយផ្អែកទៅលើចំនួននិយោជិក ដើមទុន និងប្រាក់ចំណូលជាដើម។ដោយឡែកនៅក្នុងប្រទេសកម្ពុជាការកំណត់ទំហំនៃពាណិជ្ជកម្មយោងទៅលើប្រាក់ចំណូលជាចម្បងដោយអាជីវកម្មខ្នាតតូចស្ថិតនៅក្នុងប្រាក់ចំណូលចន្លោះមិនលើសពី១០ម៉ឺនដុល្លារ។ សម្រាប់អ្នកដែលមានដើមទុនសមល្មមហើយគិតថាចង់បើកអាជីវកម្ម គន្លឹះខាងក្រោមនេះនឹងជួយឲ្យអ្នកវិភាគពីចំណុចទាំងឡាយដែលជួយឲ្យអាជីវកម្មអ្នកទទួលបានភាពជោគជ័យ ៖
- គិតពីទំហំទីផ្សារ ៖ កាលណាអ្នកបានសិក្សាពីទីផ្សារនៃក្រុមអតិថិជនគោលដៅរបស់អ្នកបានច្បាស់លាស់និងជ្រើសរើសយកអាជីវកម្មដែលត្រឹមត្រូវស្របតាមជំនាញរបស់អ្នកទៀតនោះវានឹងធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលឡើង។ ប្រសិនបើទីផ្សាររបស់អ្នកកាន់តែធំនោះអត្រានៃការលក់របស់អ្នកក៏កាន់តែកើនឡើងដែរ។ ឧទាហរណ៍ថាអ្នកចង់បើកអាហារដ្ឋានមួយកន្លែងនៅទល់មុខផ្សារអូរឫស្សីនោះមានន័យថាអ្នកនៅក្បែរៗនោះនិងអតិថិជនដែលមកផ្សារគឺសុទ្ធតែជាអតិថិជនគោលដៅរបស់អ្នកទាំងអស់។ យើងសង្កេតឃើញថាអ្នកគឺមានទីផ្សារធំណាស់ដោយសារតែនៅផ្សារនោះគឺមានមនុស្សចូលច្រើនស្ទើររាល់ថ្ងៃ។ យ៉ាងណាមិញវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកថាតើអ្នកនឹងរើសយកប្រភេទនៃអាជីវកម្មបែបណាតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាអ្នកត្រូវមានភាពវ័យឆ្លាតក្នុងការជ្រើសរើសប្រភេទអាជីវកម្មព្រមទាំងសម្រួចគោលដៅទៅកាន់អតិថិជនរបស់អ្នក។
- ធម្មជាតិនៃផលិតផលឬសេវាកម្ម ៖ វាត្រូវមើលតាមប្រភេទនៃផលិតផលអ្នកដែរថាតើវាត្រូវបានគេប្រើប្រាស់រាល់ថ្ងៃ ម្តងម្កាល ឬអាចមានទំនិញជំនួសច្រើនជាងនិងថោកជាង។ ប្រសិនបើវាជាផលិតផលដែលគេតែងប្រើប្រាស់រាល់ថ្ងៃប្រាកដណាស់ថាអ្នកនឹងមិនសូវមានការព្រួយបារម្ភឡើយថាខ្លាចវាលក់មិនដាច់ឬឆាប់ខូចគុណភាពជាដើម។
- ដៃគូប្រកួតប្រជែង ៖ អ្នកមិនត្រូវភ្លេចគិតគូរពីដៃគូប្រកួតប្រជែងរបស់អ្នកនោះទេ។ អ្នកត្រូវដឹងថាអ្នកណាខ្លះដែលជាដៃគូប្រកួតប្រជែងរបស់អ្នកនិងមានលក់ផលិតផលឬបម្រើសេវាកម្មជំនួសអ្នកបាន។ ជាពិសេសអ្នកត្រូវរកវិធីសាស្រ្តណាដែលអាចដណ្តើមបានការទិញពីអតិថិជនតែត្រូវតែប្រកបដោយក្រមសីលធម៌និងស្របច្បាប់។
- របៀបដឹកជញ្ជូន និងស្តុក ៖ អ្នកត្រូវគិតគូឲ្យហើយថាផលិតផលរបស់អ្នកអាចដឹកជញ្ជូនតាមរបៀបណាខ្លះដើម្បីយកមកលក់និងលក់ឲ្យអតិថិជន ឬមួយអតិថិជនត្រូវមកទិញដោយផ្ទាល់ឬយ៉ាងណា។ បើអ្នកបានគិតគូរពីវារួចជាស្រេចវានឹងធ្វើឲ្យងាយស្រួលក្នុងការដាក់តម្លៃទំនិញ។ ក្រៅពីនេះអ្នកក៏ត្រូវពិចារណាថ្លៃចំណាយចំពោះការរក្សាទុកទំនិញរបស់អ្នកដែរ។
- របៀបនៃការគ្រប់គ្រងអាជីវកម្មរបស់អ្នក ៖ អ្នកត្រូវដឹងថាតើអាជីវកម្មរបស់អ្នកនឹងត្រូវបានគ្រប់គ្រងដូចម្តេច មានអ្នកផ្គត់ផ្គង់ណាខ្លះ អ្នកណាដែលចូលជាមួយអ្នក និងប្រភពនៃដើមទុនក្នុងការរកស៊ី។