តើអ្នកទើបតែចាប់ផ្ដើមវគ្គសិក្សានៅលើអ៊ីនធើណេតជាលើកដំបូងមែនទេ?តើការរៀនតាមប្រព័ន្ធអ៊ីនធើណេតមានលក្ខណៈងាយស្រួលដែរឬទេសម្រាប់អ្នកទាំងអស់គ្នា?ជាការពិតណាស់ ការសិក្សានៅលើប្រព័ន្ធអ៊ីនធើណេតពិតជាមានភាពងាយស្រួល និង ផលចំណេញជាច្រើនអនែកគឺ ចំណេញទាំងពេលវេលា ចំណេញទាំងការធ្វើដំណើរដោយអ្នកមិនចាំបាច់ចំណាយលុយទៅមកជារៀងរាល់ថ្ងៃ។ ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះ ខណៈពេលដែលកើតមានឡើងនូវវីរុសកូវីដ១៩នេះមក សាលាទាំងអស់ទូទាំងប្រទេសត្រូវបានផ្អាកទាំងអស់ដើម្បីបញ្ចៀសពីការឆ្លងនូវជម្ងឺនេះ។ដោយសារតែកើតមាននូវបញ្ហានេះហើយទើប ធ្វើឲ្យសិស្សានុសិស្សត្រូវខកខានការសិក្សាមិនបានមកសាលារៀន ប៉ុន្តែពួកគេអាចរៀនតាមអ៊ីនធើណេតបាន។ខាងក្រោមនេះគឺជាគន្លឹះទាំង៨ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការរៀនតាមអ៊ីនធើណេត៖
១. កំណត់ពីគោលដៅសិក្សាជារៀងរាល់ថ្ងៃ
ត្រូវសួរខ្លួនឯងថា តើអ្វីដែលអ្នកសង្ឃឹមថាអ្នកអាចសម្រេចបាននៅក្នុងវគ្គសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ?ការកំណត់គោលដៅច្បាស់លាស់អាចជួយអ្នកឲ្យមានកម្លាំងចិត្តក្នុងការរៀនសូត្រ ហើយអាចកម្ចាត់ពីភាពខ្ជិលច្រអូសនិងការចំណាយពេលអត់ប្រយោជន៍របស់អ្នកបាន។ហើយគោលដៅនោះដែរគឺត្រូវតែមានភាពច្បាស់លាស់ហើយងាយស្រួលក្នុងការវាស់ស្ទង់ ដូចជា ខ្ញុំត្រូវមើលវីដេអូនៅក្នុងមេរៀនទី១ឬទី២ និង ត្រូវបញ្ចប់កិច្ចការស្រាវជ្រាវនៅក្នុងថ្ងៃនេះឲ្យបានរួចរាល់។ហើយកុំភ្លេចផ្ដល់រង្វាន់ដល់ខ្លួនឯងផងនៅពេលដែលអ្នកឈានទៅរកគោលដៅរបស់អ្នក។
២. រកកន្លែងណាដែលធ្វើឲ្យអ្នកខិតខំរៀនសូត្រ
ការជ្រើសរើសទីតាំងរៀនពិតជាសំខាន់ណាស់ ព្រោះអ្នកអាចផ្ចង់អារម្មណ៍មូល ឬមិនមូល គឺអាស្រ័យទៅលើបរិយាកាសនៅជុំវិញអ្នកនេះឯង។ បើសិនជាអ្នករៀននៅកន្លែងដែលមានមនុស្សអ៊ូអរ តើអ្នកគិតថាអ្នកអាចចាប់យកនូវខ្លឹមសារ និង អត្ថន័យនៅក្នុងមេរៀននោះបានដែរឬទេ? ដូច្នេះហើយ អ្នកត្រូវតែរកទីកន្លែងណាដែលស្ងប់ស្ងាត់ ឬជាទីកន្លែងដែលធ្វើឲ្យអ្នកមានអារម្មណ៍ចង់រៀន ដើម្បីទទួលយកនូវវគ្គសិក្សាតាមអ៊ីនធើណេត។ម្យ៉ាងវិញទៀតអ្នកត្រូវបែងចែកឲ្យដាច់រវាងកន្លែងដែលអ្នករៀននិងកន្លែងដែលអ្នកសម្រាក ព្រោះបើសិនជាអ្នករៀននៅជិតឬរៀននៅកន្លែងដែលអ្នកសម្រាក នោះវាប្រាកដជារំខានដល់ការរៀនរបស់អ្នកជាក់ជាមិនខាន ពោលគឺវាអាចធ្វើឲ្យអ្នកឆាប់អស់កម្លាំង ហើយមានអារម្មណ៍ចង់សម្រាកជាងចង់រៀន។
៣. កំណត់កាលវិភាគសិក្សានៅលើប្រតិទិន
បើកមើលនូវប្រតិទិនរបស់អ្នក ហើយជ្រើសរើសពីពេលវេលាណាមួយដែលអ្នកគិតថាអ្នកអាចមើលវីដេអូនៅក្នុងអ៊ីនធើណេត ឬ អាចបញ្ចប់នូវកិច្ចការស្រាវជ្រាវឲ្យគ្រូរបស់អ្នកបាន។ នេះជួយបញ្ចាក់ថាវគ្គសិក្សារបស់អ្នកនឹងមិនក្លាយទៅជារឿងចុងក្រោយនៅក្នុងបញ្ចីការងារដែលអ្នកត្រូវធ្វើនោះទេ។
៤. រក្សានូវទំនួលខុសត្រូវលើខ្លួនឯង
ប្រាប់មិត្តភិក្តរបស់អ្នកអំពីវគ្គសិក្សាដែលអ្នកកំពុងរៀន បង្ហាញនូវសមិទ្ធផលដែលអ្នកបានទទួលទៅកាន់គណនីបណ្ដាញសង្គមរបស់អ្នក។ ហើយអ្នកត្រូវផ្ដល់កិច្ចការស្រាវជ្រាវ ឬកិច្ចការផ្ទះទៅកាន់គ្រូរបស់អ្នកឲ្យបានទាន់ពេលវេលា។
៦. ចូលរួមរាល់ការពិភាក្សានានា
ទម្រង់នៃការពិភាក្សានៅក្នុងវគ្គសិក្សានៅលើអ៊ីនធើណេតនេះគឺជាកន្លែងដ៏អស្ចារ្យមួយក្នុងការសួរសំណួរអំពីបញ្ហាឬចម្ងល់ដែលអ្នកមាន ហើយអ្នកអាចចែករំលែកនូវចំណេះដឹងឬព័ត៌មានណាមួយទៅកាន់អ្នកដ៏ទៃ ព្រមទាំងជួយបង្កើននូវមិត្តភិក្តផងដែរ។ តាមការសិក្សាស្រាវជ្រាវបង្ហាញថាពេលដែលអ្នកបានចូលរួមក្នុងការពិភាក្សាជាក្រុមនោះបង្ហាញថាអ្នកក៏បានបញ្ចប់នូវវគ្គនោះដែរ។
៧. ធ្វើរឿងមួយក្នុងពេលតែមួយ
ការផ្ដោតអារម្មណ៍ធ្វើរឿងមួយក្នុងពេលតែមួយ គឺធ្វើឲ្យអ្នកឆាប់ចាប់បាននិងស្វែងយល់ពីការងារទាំងនោះបានយ៉ាងស៊ីជម្រៅ ជាពិសេសអ្នកអាចទទួលបានព័ត៌មានជាច្រើន ព្រមទាំងអាចបង្ហើយកិច្ចការបស់អ្នកក្នុងរយៈពេលខ្លីទៀតផង។ ដូចនេះការផ្ដោតទៅលើរឿងតែមួយហើយច្បាស់លាស់ វាប្រសើរជាងការដែលអ្នកធ្វើនូវកិច្ចការងារជាច្រើនក្នុងពេលតែមួយតែមិនច្បាស់លាស់ ហើយបរាជ័យ។
៨. សម្រាក
ឲ្យខួរក្បាលរបស់អ្នកបានសម្រាកលំហែខ្លះ បន្ទាប់ពីការសិក្សាដ៏ស៊ីជម្រៅមួយ។ បើសិនជាអ្នករកឃើញថា ការសិក្សារបស់អ្នករៀនច្រើនម៉ោងហើយនៅតែមិនយល់ នៅតែមានចម្ងល់ នោះមានន័យថាអ្នកគួរតែសម្រាកមួយរយៈពេលខ្លីដើម្បីឲ្យខួរក្បាលរបស់អ្នកបានសម្រាកខ្លះ។បន្ទាប់ពីការសម្រាកអ្នកអាចនឹងយល់ច្បាស់ពីបញ្ហា និងមានដំណោះស្រាយពីវាបានកាន់តែល្អ។