ហាងកាហ្វេប្រោន(Brown Coffee and Bakery ) គឺជាម៉ាកយីហោនៃហាងកាហ្វេដ៏ល្បីឈ្មោះមួយប្រចាំប្រទេសកម្ពុជាដែលត្រូវបានបង្កើតទ្បើងដោយអ្នកជំនួញជនជាតិខ្មែរម្នាក់។ ចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន ហាងកាហ្វេមួយនេះពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងជាតិនិងអន្តរជាតិ ។ ជារៀងរាល់ថ្ងៃយើងតែងសង្កេតឃើញថាហាងកាហ្វេមួយនេះមានអតិថិជនយ៉ាងច្រើនចេញចូលជាហូរហែរមិនចេះស្រាក់ស្រាំនោះទ្បើយ។ ដោយសារតែប្រជាប្រិយភាពនិងភាពជោគជ័យនេះហើយដែលជម្រុញឲ្យម៉ាកយីហោមួយនេះអាចពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ២០ទីតាំងខុសៗគ្នាដែលមាន១៨សាខានៅក្នុងរាជធានីភ្នំពេញនិង២សាខាទៀតនៅក្រុងសៀមរាប។
តើមានកត្តាអ្វីខ្លះដែលជម្រុញឲ្យហាងកាហ្វេប្រោនទទួលបាននូវភាពជោគជ័យ?
១ .អត្តសញ្ញាណនិងរចនាបថនៅក្នុងហាង
លក្ខណៈពិសេសដែលធ្វើឲ្យហាងកាហ្វេប្រោនខុសប្លែកពីហាងកាហ្វេនានានោះគឺជារចនាបថដែលមាននៅក្នុងហាងទាំងមូល។ គ្រប់សាខារបស់ប្រោនទាំងអស់សុទ្ធសឹងតែមានការតុបតែងនិងការរៀបចំប្រកបដោយភាពច្នៃប្រឌិតព្រមជាមួយនឹងការរំលេចទៅដោយពណ៌ត្នោតដែលបញ្ជាក់អំពីអត្តសញ្ញាណនិងអត្ថន័យនៃឈ្មោះរបស់ខ្លួន។ អមជាមួយនឹងការលម្អទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណិតដែលជាការរួមបញ្ជូលគ្នារវាងរចនាបថបែបខ្មែរនិងបរទេសក៏បានបង្កើតជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញនិងប្រកបទៅដោយសោភ័ណ្ឌភាពនៅក្នុងបរិវេណហាងទាំងមូល។ ក្រទ្បេកទៅមើលទិដ្ឋភាពទាំងក្នុងនិងក្រៅហាងវិញគឺមានដាំលម្អនូវរុក្ខជាតិពណ៌បៃតងខៀវខ្ចីដ៏ស្រស់បំព្រងដែលបង្កើតនូវបរិយាកាសបែបធម្មជាតិប្រកបទៅដោយផាសុកភាពសម្រាប់អតិថិជនក្នុងការស្រស់ស្រូបនូវអាហារ ភេសជ្ជៈ កាហ្វេ និងសម្រាកកម្សាន្ត បន្ធូរអារម្មណ៍ ជួបជុំជាមួយមិត្តភក្តិឬមិត្តរួមការងារប្រកបដោយភាពរីករាយ ។ ម្យ៉ាងវិញទៀតហាងកាហ្វេប្រោនក៏បានរៀបចំទីតាំងរបស់ខ្លួនឲ្យមានលក្ខណៈសមប្រកបសម្រាប់អង្គុយធ្វើការងារនិងសិក្សាស្រាវជ្រាវផ្សេងៗផងដែរ។ ក្រៅពីការរៀបចំតុបតែងហាងទៅតាមរចនាបថបែបខ្មែរ ហាងការកាហ្វេប្រោនក៏បានចូលរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិថែមទៀតផង។ កាលពីចុងឆ្នាំ២០១៦ហាងកាហ្វេប្រោនបានបរិចាកនូវមូលនិធិមួយចំនួនធំដើម្បីជាការជួយទ្រទ្រង់និងគាំទ្រដល់ទម្រង់សិល្បៈល្ខោនស្រមោលស្បែកធំដែលជាអត្តសញ្ញាណជាតិខ្មែរ។ដោយសារតែសកម្មភាពទាំងអស់នេះហើយទើបធ្វើឲ្យអតិថិជនកាន់តែគាំទ្រនិងស្រលាញ់ពេញចិត្តហើយបានធ្វើឲ្យហាងកាហ្វេប្រោនក្លាយទៅជាជម្រើសដ៏ល្អបំផុតនៅក្នុងចិត្តរបស់អតិថិជន។
២. រសជាតិនិងសេវាកម្ម
និយាយទៅដល់រសជាតិនៃកាហ្វេ ភេសជ្ជៈនិងអាហារវិញ ហាងកាហ្វេប្រោនមិនដែលធ្វើឲ្យអតិថិជនរបស់ខ្លួនខកចិត្តម្តងណាទ្បើយ។ កាហ្វេគ្រប់ដំណក់គឺត្រូវបានចម្រាញ់ចេញពីគ្រាប់កាហ្វេស្រស់ៗដែលត្រូវបានលីងយ៉ាងសម្រិតសម្រាងដោយបុគ្គលិកនៅក្នុងហាងកាហ្វេផ្ទាល់។ គួបផ្សំជាមួយនឹងស្ករត្នោតខ្មែរដែលត្រូវមានច្នៃទ្បើងដើម្បីឆុងជាមួយនឹងកាហ្វេផងនោះក៏បានជួយបង្កើននូវរសជាតិនៃកាហ្វេឲ្យមានជាឱជារសផ្អែមស្រទន់ មានក្លិនឈ្ងុយនិងលក្ខណៈពិសេសខុសប្លែកពីកាហ្វេធម្មតា។ ក្រៅពីកាហ្វេប្រោនក៏មានផ្តល់ជូនអតិថិជននូវជម្រើសនៃភេសជ្ជៈថ្មីៗជាច្រើនប្រភេទក៏ដូចជាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់និងសម្បូរបែបជាច្រើនមុខទៀត។ ដោយផ្តោតទៅលើ ស្តង់តា គុណភាពនិងអនាម័យបានធ្វើឲ្យហាងកាហ្វេប្រោនទទួលបាននូវទំនុកចិត្តយ៉ាងខ្លាំងពីអតិថិជន។ បន្ថែមពីនេះទៅទៀតហាងកាហ្វេប្រោនតែងតែធ្វើឲ្យអតិថិជនមានអារម្មណ៍កក់ក្តៅតាំងពីពេលដែលពួកគេឈានជើងចូលក្នុងហាងដំបូងតែម្តង តាមរយៈទឹកមុខស្រស់ថ្លានិងស្នាមញញឹមដ៏ពព្រាយប្រកបដោយភាពរួសរាយរាក់ទាក់របស់បុគ្គលិកទាំងអស់ដែលរងចាំទទួលស្វាគមន៍និងផ្តល់ជូននូវសេវាកម្មដ៏ល្អសម្រាប់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះហាងកាហ្វេប្រោនក៏មានផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនដោយគ្រាន់តែកម្ម៉ង់ចាប់ពី៥ដុល្លារទ្បើងទៅដែលបានផ្តល់ជូននូវភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អតិថិជន។ និយាយរួមទាំងសេវាកម្មនៅក្នុងនិងក្រៅហាងទាំងមូលគឺពិតជាមានភាពល្អប្រសើរខ្លាំងណាស់។ សូម្បីតែបុគ្គលិកផ្នែកសន្តិសុខដែលចាំជួយរក្សានូវសណ្តាប់ធ្នាប់យានជំនិះសម្រាប់អតិថិជនទៀតសោតនោះក៏មានភាពរស់រាយរាក់ទាក់ជាមួយអតិថិជនផងដែរ។
៣. យុទ្ធសាស្ត្រទីផ្សារឌីជីថលនិងភាពច្នៃប្រឌិត
ហាងកាហ្វេប្រោនតែងតែធ្វើការផ្តិតយកនូវរូបភាពដ៏គួរឲ្យទាក់ទាញនៃកាហ្វេ ភេសជ្ជៈនិងអាហារជាច្រើនមុខរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងការពិពណ៌នាខ្លីៗហើយបង្ហោះនៅតាមបណ្តាញសង្គម Facebook និង Instagram ។ ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជនដែលប្រើប្រាស់បណ្តាញសង្គមទាំងនេះឲ្យពួកគេបានឃើញនិងស្គាល់កាន់តែច្បាស់អំពីហាងកាហ្វេរបស់ពួកគេ។ ម្យ៉ាងវិញទៀតពួកគេតែងតែបង្ហោះនូវរូបភាពដែលបង្ហាញអំពីស្នាមញញឹមដ៏រីករាយរបស់អតិថិជនដែលនៅក្នុងហាងក៏ដូចជាទិដ្ឋភាពដ៏គួរឲ្យទាក់ទាញនៅក្នុងហាងទាំងមូលដែលធ្វើឲ្យអ្នកដែលបានឃើញនូវរូបភាពទាំងនោះមានអារម្មណ៍ល្អនិងចាប់អារម្មណ៍ក្នុងការមកហាងកាហ្វេរបស់ពួកគេដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះពួកគេក៏បានបង្កើតជាវីដេអូដែលសម្ភាសន៍អតិថិជនអំពីអារម្មណ៍និងបទពិសោធន៍ដ៏ល្អនានាដែលទទួលបានពីហាងកាហ្វេរបស់ខ្លួនដែលវាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើននូវទំនុកចិត្តពីអតិថិជនដទៃទៀត។ ដោយទ្បែកហាងកាហ្វេប្រោនតែងតែនាំមកនូវគំនិត ច្នៃប្រឌិតដ៏ប្លែកៗនិងគួរឲ្យចាប់អារម្មណ៍សម្រាប់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែងកាលពីចុងឆ្នាំ២០១៩នេះប្រោនបានបើកដំណើរនូវសាខាចុងក្រោយបង្អស់របស់ខ្លួនដែលជាប្រភេទ Roastery ដោយមានរៀបចំជាបារឆុងកាហ្វេសម្រាប់អតិថិជនដែលចូលចិត្តឬចង់ដឹងអំពីដំណាក់កាលនៃការឆុងកាហ្វេអាចមកអង្គុយមើលនិងសួរសំណួរអំពីការឆុងកាហ្វេបានថែមទៀតផង។ វាគឺជាវីធីសាស្ត្រដ៏ល្អមួយសម្រាប់អតិថិជនក្នុងការសម្រាកកម្សាន្តហើយថែមទាំងទទួលបាននូវបទពិសោធន៍និងចំណេះដឹងដ៏មានប្រយោជន៍ផងដែរ។ លើសពីនេះទៅទៀតហាងកាហ្វេប្រោនក៏បានព្យយាមលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួនកាត់បន្ថយនូវការប្រើប្រាស់កែវជ័រហើយងាកមកប្រើប្រាស់កែវនិងដបថ្មជំនួសវិញ ដែលគំនិតមួយនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ពួកគេ។
តួរយ៉ាងមានម្ចាស់អាជីវកម្មមួយចំនួនតែងតែគិតថាឲ្យតែពួកគាត់មានទីតាំងល្អនិងមានអាហារឬភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ប្រាកដជាមានអតិថិជនច្រើនហើយ។ វាជាការយល់ឃើញមួយដែលមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះថាដើម្បីឲ្យអាជីវកម្មមួយទទួលបាននូវភាពជោគជ័យត្រូវការជាចាំបាច់នូវកត្តារួមផ្សំជាច្រើន។ អាស្រ័យហេតុនេះប្រសិនបើអ្នកមានគំនិតចង់បើកអាជីវកម្មឬកំពុងតែជាម្ចាស់អាជីវកម្មហាងកាហ្វេនិងអាហារដ្ឋានស្រាប់ អ្នកគួរតែយកចិត្តទុកដាក់ពង្រឹងទៅលើចំណុចដែលបានរៀបរាប់ខាងលើពីព្រោះថាកត្តាទាំងអស់នេះហើយដែលចូលរួមយ៉ាងសំខាន់នៅក្នុងភាពជោគជ័យនៃអាជីវកម្មរបស់អ្នក៕