ជាទូទៅមុននឹងសហគ្រិនបើកអាជីវកម្ម ពួកគាត់តែងតែមានផែនការអាជីវកម្មច្បាស់លាស់។ ប៉ុន្តែពួកគាត់ភាគច្រើនភ្លេចថាផែនការទីផ្សារក៏សំខាន់ផងដែរដើម្បីជួយពួកគាត់រក្សាអតិថិជននិងបង្កើនការលក់របស់ពួកគាត់។ បន្ថែមពីនេះផែនការម៉ាឃីតធីងគឺជាយុទ្ធសាស្រ្តដែលរួមបញ្ចូលទាំងតម្លៃលេខ ភាពជាក់ស្តែង និងវត្ថុបំណងច្បាស់លាស់ហើយជួយឲ្យអ្នកមានយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការសម្រេចផែនការលក់ដែលអ្នកបានកំណត់ផងដែរ។ ខាងក្រោមនេះគឺជាជំហានសំខាន់ៗដែលអ្នកអាចសាកល្បងបាន៖
ជំហានទី១ ស្វែងយល់ពីស្ថានភាពនៃអាជីវកម្មរបស់អ្នក
អ្វីដែលសំខាន់ជាងគេក្នុងដំណាក់កាលដំបូង អ្នកត្រូវស្គាល់ឲ្យបានច្បាស់ពីសេវាកម្មឬផលិតផលនៃអាជីវកម្មរបស់អ្នក។ បន្ទាប់មកអ្នកអាចបង្ហាញពីអត្ថប្រយោជន៍អ្វីខ្លះដែលអ្នកបានផ្តល់ឲ្យអតិថិជនដែលមានតម្លៃខុសប្លែកពីដៃគូប្រកួតប្រជែងរបស់អ្នក។ ការកំណត់គោលដៅអតិថិជនឲ្យបានច្បាស់លាស់គឺពិតជាសំខាន់។ មិនថាអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យអ្វីនោះទេ ការលក់ផលិតផលឬការផ្តល់សេវាកម្មត្រូវការការស្វែងយល់ឲ្យច្បាស់ពីទីផ្សារ។ ដូចនេះ នៅក្នុងផែនការម៉ាឃីតធីងតម្រូវឲ្យអ្នករៀបរាប់យ៉ាងលម្អិតពីទីផ្សាររបស់អ្នកហើយអ្នកក៏ត្រូវយល់ឲ្យច្បាស់ពីភាពខុសប្លែកពីដៃគូប្រកួតប្រជែងរបស់អ្នកផងដែរ។
អ្នកក៏ត្រូវយល់ឲ្យច្បាស់ពីភាពខ្លាំង ភាពខ្សោយ ឱកាស និងការគម្រាមកំហែង។ ភាពខ្លាំងនិងភាពខ្សោយគឺជាកត្តាខាងក្នុងនៃអាជីវកម្មរបស់អ្នក។ ចំណែកឯឱកាសនិងការគម្រាមកំហែងវិញគឺជាកត្តាខាងក្រៅ។
- ចំពោះភាពខ្លាំង អ្នកអាចពិចារណាទៅលើភាពខុសប្លែកពីដៃគូប្រកួតប្រជែងនៃផលិតផលឬសេវាកម្មដែលអ្នកផ្តល់ជូនឲ្យអតិថិជន។ ដូចនេះអ្នកអាចប្រាប់អតិថិជនពីភាពខុសប្លែកនៃផលិតផល ឬសេវាកម្មរបស់អ្នកនិងអត្ថប្រយោជន៍របស់វា។
- ចំពោះភាពខ្សោយវិញក្នុងអាជីវកម្ម អ្នកអាចគិតពីកង្វះខាតបុគ្គលិកដែលមានបទពិសោធន៍។ ដូចនេះអ្នកអាចផ្តល់វគ្គបំពាក់បំប៉នសម្រាប់បុគ្គលិកដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់។
- សម្រាប់ឱកាសវិញ អ្នកអាចពិចារណាទៅលើការពង្រីកទីផ្សារសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នក។
- ប៉ុន្តែអ្នកក៏ត្រូវគិតពីបញ្ហាគម្រាមគំហែងពីដៃគូប្រកួតប្រជែងរបស់អ្នកក្នុងការពង្រីកទីផ្សាររបស់អ្នកផងដែរ។ ដូចនេះអ្នកត្រូវរៀបចំផែនការសម្រាប់បញ្ហាទាំងនោះដើម្បីទប់ទល់នឹងពួកគេ។
ជំហានទី២ អ្នកត្រូវរៀបរាប់ពីអតិថិជនគោលដៅ
ជំហានបន្ទាប់ អ្នកត្រូវសរសេរពីអតិថិជនគោលដៅរបស់អ្នកដោយរៀបរាប់ពីអាយុ ភេទ សមាសភាពក្រុមគ្រួសារ ចំណូល ទីតាំងភូមិសាស្រ្ត និងរបៀបរបបនៃការរស់នៅរបស់ពួកគាត់ជាដើម ។ បន្ទាប់មក អ្នកក៏ត្រូវសួរសំណួរខ្លួនឯងមួយចំនួនផងដែរថា តើអតិថិជនរបស់អ្នកជាប្រភេទមនុស្សដែលចូលចិត្តអភិរក្សឬប្រកបដោយភាពច្នៃប្រឌិត? តើពួកគាត់មានភាពជាអ្នកដឹកនាំឬភាពជាអ្នកដើរតាមគេ? តើពួកគាត់ជាប្រភេទមនុស្សប្រពៃណីឬទាន់សម័យ? សំណួរចុងក្រោយដែលសំខាន់ជាងគេគឺពួកគាត់ទិញទំនិញរបស់អ្នកញឹកញាប់ដល់កម្រិតណានិងមានចំនួនប៉ុន្មាន? បើសិនជាអាជីវកម្មរបស់អ្នកបោះដុំវិញ អ្នកត្រូវកំណត់អតិថិជនគោលដៅរបស់អ្នកដោយពឹងផ្អែកលើប្រភេទនៃអាជីវកម្មរបស់ពួកគាត់ តួនាទី ទំហំអាជីវកម្ម និងទីតាំងភូមិសាស្រ្តនៃអាជីវកម្មរបស់គាត់ជាដើម។ អ្នកត្រូវស្គាល់ឲ្យច្បាស់ពីអតិថិជនគោលដៅរបស់អ្នកព្រោះព័ត៌មានទាំងនេះជាអ្នកនាំផ្លូវអ្នកដើម្បីរៀបចំការផ្សព្វផ្សាយនិងរៀបចំគម្រោងយុទ្ធសាស្រ្តបែបណាដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនគោលដៅបាន។
ជំហានទី៣ កត់ត្រាពីចំណុចគោលដៅនៃផែនការម៉ាឃីតធីង
តើអ្នកចង់ឲ្យផែនការម៉ាឃីតធីងរបស់អ្នកជោគជ័យលើចំណុចអ្វីខ្លះ?ឧទារហណ៍ អ្នកសង្ឃឹមថាការលក់ផលិតផលឬសេវាកម្មរបស់អ្នកនឹងកើនឡើង២០%ក្នុងខែក្រោយ ដូចនេះអ្នកត្រូវកត់ត្រាពីចំណុចគោលដៅតូចៗដើម្បីជោគជ័យលើផែនការធំដែលអ្នកបានកំណត់។
ជំហានទី៤ បង្កើតតិចនិចដើម្បីឈានដល់គោលដៅរបស់អ្នក
សម្រាប់ចំណុចនេះវិញ អ្នកត្រូវរកតិចនិចបែបណាដើម្បីសម្រេចគោលដៅដែលអ្នកបានគ្រោងទុក។ អ្នកត្រូវសរសេរសង្ខេបពីយុទ្ធសាស្រ្តទីផ្សាររបស់អ្នក។ បន្ទាប់មករួមបញ្ចូលតិចនិចដែលអ្នកនឹងយកមកប្រើដើម្បីសម្រេចគោលដៅលក់របស់អ្នក។ ឧទារហណ៍ អ្នកបានដាក់ផែនការថាខែក្រោយការលក់របស់អ្នកនឹងកើនឡើង ២០% ដូចនេះដើម្បីឈានដល់គោលដៅនោះ អ្នកប្រាកដជាត្រូវរកតិចនិចយ៉ាងណាដើម្បីអាចបង្កើនការលក់របស់អ្នក។ ហេតុនេះអ្នកអាចហ្វឹកហាត់បុគ្គលិកផ្នែកលក់មួយចំនួនដែលអ្នកគិតថាគាត់មិនទាន់មានសមត្ថភាពពេញលក្ខណៈគ្រប់គ្រាន់។ លើសពីនេះ អ្នកក៏អាចចាត់ចែងការងារឲ្យបុគ្គលិកផ្នែកលក់ស្វែងរកអតិថិជនឬតាមការបញ្ចុះតម្លៃជាដើម។