នាពេលបច្ចុប្បន្ននេះ មនុស្សកំពុងមានការពេញនិយមខ្លាំងលើការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គម ហើយពួកគេក៏ឧស្សាហ៍ធ្វើតាមបុគ្គលដែលមានឥទ្ធិពលនៅលើបណ្ដាញសង្គមផងដែរ ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដែលយើងចង់សំដៅលើ Influencer។
ហេតុដូចនេះហើយ ទើបថ្មីៗនេះ អាជីវកម្មភាគច្រើនសម្រេចចិត្តជ្រើសរើសយុទ្ធសាស្រ្តទីផ្សារ ដោយជួល Influencer ដើម្បីជួយផ្សព្វផ្សាយអំពីម៉ាកយីហោរបស់ពួកគេ។
សំនួរសួរថា តើការប្រើយុទ្ធសាស្រ្តទីផ្សារ ដោយជួល Influencer មកជួយផ្សព្វផ្សាយនេះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ មកលើអាជីវកម្ម? ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញចំណុចសំខាន់ៗមួយចំនួន ទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីជួយដល់ម្ចាស់អាជីវកម្មទាំងអស់ គិតពិចារណាមុនសម្រេចចិត្តជួល Influencer ណាម្នាក់ឬច្រើននាក់ ក្នុងការជួយធ្វើការផ្សព្វផ្សាយ។
គុណសម្បត្តិ
1. ឆាប់ទៅដល់អតិថិជនគោលដៅ
នៅពេលដែលក្រុមហ៊ុនរបស់អ្នកសម្រេចចិត្តជ្រើសរើសធ្វើការរួមគ្នាជាមួយនឹងបុគ្គលមានឥទ្ធិពលបានត្រឹមត្រូវ (Influencer) នោះវានឹងអាចជួយក្រុមហ៊ុនរបស់អ្នកឆាប់បានទៅដល់ការមើលឃើញរបស់អតិថិជនគោលដៅសំខាន់ៗរបស់អ្នក។ គួរបញ្ជាក់ផងដែរថា ការជ្រើសរើសក្រុម Influencer ឱ្យបានត្រឹមត្រូវក្នុងការមកជួយធ្វើទីផ្សាររបស់អ្នក គឺបុគ្គលនោះត្រូវតែជាអ្នកជំនាញ ឬកំពុងមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មដែលអ្នកកំពុងរកស៊ី។ ធ្វើបែបនេះ នឹងជួយជំរុញឱ្យការផ្សព្វផ្សាររបស់អ្នកកាន់តែមានប្រសិទ្ធភាព ពីព្រោះក្រុមអ្នកគាំទ្ររបស់ Influencer ដែលអ្នកបានជួលនោះ ក៏ជាក្រុមអតិថិជនគោលដៅសំខាន់របស់ម៉ាកយីហោរបស់អ្នកផងដែរ។
2. មាតិការមានគុណភាពខ្ពស់
ការសម្រេចចិត្តក្នុងការប្រើប្រាស់នូវយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មទីផ្សារដោយមាន Influencer ជារឿងដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែត្រូវតែប្រាកដដែលថា Influencer នោះកំពុងមានឥទ្ធិពលខ្លាំងលើក្រុមមនុស្សដែលជាអតិថិជនគោលដៅសំខាន់របស់អ្នក និងអាចជួយលើកគុណតម្លៃ និងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់អ្នកបានល្អ។
នៅពេលដែលអ្នកសម្រេចចិត្តជ្រើសរើសអ្នកមានឥទ្ធិពលដ៏ត្រឹមត្រូវហើយ នោះពួកគេនឹងបង្កើតនូវមាតិកាដែលពោរពេញដោយភាពច្នៃប្រឌិត និងបង្ហាញនូវគុណតម្លៃជាច្រើនដែលពាក់ព័ន្ធនឹងម៉ាកយីហោរបស់អ្នក។ បន្ថែមពីនេះ មាតិការដែលត្រូវបានបង្កើតនោះ នឹងទាក់ទាញសកម្មភាពចូលរួមជាច្រើនជាមួយក្រុមអតិថិជនគោលដៅ ដែលវានឹងជួយក្រុមហ៊ុនរបស់អ្នកមានឱកាសច្រើនក្នុងការបិទការលក់។
3. បង្កើតទំនុកចិត្ត និងភាពជឿជាក់ដល់អតិថិជន
នៅពេលអ្នកជ្រើសរើស Influencer បានត្រឹមត្រូវដើម្បីជួយផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកបានច្រើន វាជាកត្តាដ៏សំខាន់ដែលជួយធ្វើឱ្យអតិថិជនដែលអ្នកមានស្រាប់ និងអតិថិជនដែលទើបតែស្គាល់កាន់តែមានទំនុកចិត្តលើម៉ាកយីហោរបស់អ្នក ព្រមទាំងនឹងអាចក្លាយជាអតិថិជនដ៏ស្មោះត្រង់ជាមួយអាជីវកម្មរបស់អ្នកនាពេលអនាគត។
គុណវិបត្តិ
1. ធ្វើឱ្យម៉ាកយីហោរបស់អ្នកខាតបង់
ការដែលជ្រើសរើស Influencer មកជួយផ្សព្វផ្សាយ ជារឿងល្អណាស់ ដើម្បីឆាប់ឈានដល់ក្រុមអតិថិជនគោលដៅ ក៏ប៉ុន្តែប្រសិនបើអ្នកជ្រើសរើស Influencer មិនបានត្រឹមត្រូវនោះទេ វានឹងបង្កឱ្យម៉ាកយីហោរបស់អ្នកមានការខាតបង់ជាក់ជាមិនខាន ដូចជាអតិថិជនបាត់បង់ទំនុកចិត្ត ធ្វើឱ្យផលិតផលឬសេវាកម្មរបស់អ្នកធ្លាក់នូវគុណតម្លៃ និងអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យអាជីវកម្មរបស់អ្នកអាចឈានដល់ការបាត់បង់ប្រាក់ចំណូលជាដើម។
ក្រុម Influencer ដែលមិនត្រឹមត្រូវ សំដៅលើបុគ្គលដែលមិនមានឥទ្ធិពលខ្លាំងលើក្រុមអតិថិជនគោលដៅសំខាន់របស់អ្នក ជាបុគ្គលទទួលរងការរិះគន់ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងជាបុគ្គលដែលគ្មានជំនាញឬប្រឡូកលើឧស្សាហកម្មដែលអ្នកកំពុងរកស៊ី។
2. បាត់បង់ការទុកចិត្ត និងការចូលរួមពីអតិថិជនគោលដៅ
នៅពេលអ្នកជ្រើសរើស Influencer ខុសក្នុងការផ្សព្វផ្សាយឱ្យម៉ាកយីហោរបស់អ្នក វាជាកំហុសទីផ្សារមួយដ៏ធំសម្រាប់អាជីវកម្មរបស់អ្នក ពីព្រោះវានឹងអាចធ្វើឱ្យអតិថិជនរបស់អ្នកបាត់បង់ទំនុកចិត្តលើម៉ាកយីហោរបស់អ្នក ព្រមទាំងពិបាកក្នុងការអូសទាញចំណាប់អារម្មណ៍ក្រុមអតិថិជនគោលដៅសំខាន់ៗរបស់អ្នកក្នុងការចូលរួមសកម្មភាពលើការផ្សព្វផ្សាយនោះ។
ឧទាហរណ៍៖ ក្រុមអតិថិជនគោលដៅសំខាន់របស់អ្នកជាអ្នកមានលុយច្រើន និងទាន់សម័យ ប៉ុន្តែអ្នកបែរជាជ្រើសរើសបុគ្គលដែលមានឥទ្ធិពលខ្លាំងលើក្រុមមនុស្សដែលមានប្រាក់ចំណូលទាប និងជាយុវជនជាដើម ដែលខុសឆ្ងាយពីក្រុមអតិថិជនគោលដៅរបស់អ្នក។ល។