spot_img
spot_img
Homeទូទៅចង់ធ្វើជាអ្នកដឹកនាំដ៏ពូកែ? អ្នកអាចសាកល្បងវិធីទាំងនេះបាន!

ចង់ធ្វើជាអ្នកដឹកនាំដ៏ពូកែ? អ្នកអាចសាកល្បងវិធីទាំងនេះបាន!

-

ពាក្យ​ថា​អ្នកដឹកនាំ​ខុសគ្នា​ទៅតាម​ការឲ្យ​និយមន័យ​របស់​មនុស្ស​ម្នាក់ៗ។ អ្នកដឹកនាំ​ជា​អ្នក​ដែល​កំណត់​ទិសដៅ ហើយ​ជួយ​ខ្លួនឯង​និង​អ្នកដទៃ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ​ដើម្បី​បន្ត​ដំណើរ​ទៅ​ខាងមុខ។ យើង​សុទ្ធតែ​ដឹងថា​ពាក្យថា​អ្នកដឹកនាំ​គេ​និង​ចៅហ្វាយនាយ​គឺ​ខុសគ្នា។ អ្នកដឹកនាំ​គឺជា​អ្នក​ដែលនៅ​ខាងមុខគេ​ ហ៊ានប្រថុយ​ឧបសគ្គ​​គ្រប់បែបយ៉ាង​ និង​មិនទុក​ឲ្យ​អ្នកនៅក្រោមបង្គាប់​​ទៅជួប​ជាមួយ​ហានិភ័យ​តែ​ម្នាក់ឯង​ទេ។ ពួកគេ​មិន​យក​ការបញ្ជា​មកដាក់មុខ​តែ​គេ​មានតែ​ធ្វើ​ដំណើរ​ទៅ​ជាមួយ​គ្នា។ អ្នកដឹកនាំ​ដែលពូកែ​នឹង​ធ្វើ​ឲ្យ​សមាជិកក្រុម​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ មាន​ទំនួល​ខុសត្រូវ មានគោលដៅ​ច្បាស់លាស់ និង​អាច​ផ្សាភ្ជាប់​ខ្លួន​ជាមួយ​ការងារ​បាន​យ៉ាង​ជិតស្និទ្ធ។

ពិតណាស់ថា​គោលដៅ​របស់​អង្គភាព​ទទួលបាន​ភាពជោគជ័យ​គឺ​អាស្រ័យ​លើ​អ្នកដឹកនាំ​ដែល​មាន​ភាពវ័យ​ឆ្លា​ត​​ក្នុងការដឹកនាំ​សមាជិក​ក្រុម​ដល់​កម្រិត​ណា។ ខាងក្រោមនេះ​ជា​គន្លឹះ​ខ្លះៗ​ដែល​អ្នកដឹកនាំ​អាច​យក​ទៅប្រើ​ដើម្បី​​ធ្វើឲ្យ​​ខ្លួនឯង​កាន់តែ​ពូកែ​ក្នុង​ការដឹកនាំ​​មនុស្ស​ឲ្យ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន ៖

  • ចេះ​បែងចែក​​ការងារ ៖ អ្នកដឹកនាំ​ពូកែ​មិនមែន​ជា​មនុស្ស​ដែល​អាច​ធ្វើការ​គ្រប់យ៉ាង​ដោយ​ខ្លួនឯងទាំងអស់​ទេ។ ពួកគេ​ចេះចែក​ទំនួលខុសត្រូវ​ការងារ​ឲ្យ​សមាជិក​ធ្វើទៅតាម​សមត្ថភាព​បំពេញ​ការងារ​របស់ពួកគេ​រៀងៗ​​ខ្លួន។ គេ​ធ្វើ​ឲ្យ​សមាជិក​ម្នាក់ៗ​សុទ្ធតែ​មាន​ឱកាស​ក្នុងការ​ជួយ​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ទៅមុខ។ គេ​​​ថែមទាំង​ដឹង​ទៀតថា​មនុស្ស​បែបណា​ស័ក្តិសម​ជាមួយ​នឹង​តួនាទី​ដូចម្តេច​នៅក្នុង​អង្គភាព។
  • កំណត់​គោលដៅ ៖ អ្នកដឹកនាំ​ដឹង​យ៉ាងច្បាស់​ពី​គោលដៅ​និង​គោលបំណង​របស់​ស្ថាប័ន​របស់គេ។ ពួកគេ​នឹង​​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​នៅ​ក្រុមហ៊ុន​ទាំងអស់​បានដឹង​គ្រប់គ្នា​ពី​គោលដៅ​ពិតប្រាកដ​របស់​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ពួកគេ​មាន​គោលដៅ​រួមតែមួយ​ក្នុង​ការ​ធ្វើការ។
  • ទំនាក់ទំនង ៖ អ្នកដឹកនាំ​ត្រូវ​ប៉ិនប្រសប់​ក្នុង​ការទាក់ទង​មនុស្ស​មិនថា​ជាមួយអ្នក​នៅក្នុង​ក្រុមហ៊ុនឬ​នៅក្រៅ​ក្រុមហ៊ុន​នោះទេ។ បើសិនជា​ក្រុមហ៊ុន​របស់អ្នក​ជា​ក្រុមហ៊ុនធំ​វា​ប្រហែលជា​ពិបាក​​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​គ្រប់គ្នា តែ​យ៉ាងហោចណាស់​អ្នក​ត្រូវ​ប្រាកដ​ថា​បុគ្គលិក​ទាំងអស់​សុទ្ធតែ​ទទួលបាន​ពត៌មាន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ឲ្យ​បានឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព។
  • មានពេល​ឲ្យ​បុគ្គលិក ៖ វា​ជា​ប្រការ​ដែល​សំខាន់​​ព្រោះ​ថា​អ្នកដឹកនាំ​ជា​ទីពឹង​ដ៏​ល្អ​សម្រាប់​សមាជិក​ក្រុម​ជាពិសេស​នៅពេល​ដែល​គេ​ជួប​ប្រទះ​បញ្ហា។ ហេតុនេះហើយ​នៅពេល​ដែល​បុគ្គលិក​ត្រូវការ​អ្នក​ដើម្បី​ប្រឹក្សា​យោបល់ ដោះស្រាយ​បញ្ហា ឬ​ប្រាប់អ្នក​ពី​តម្រូវការ​របស់គេ អ្នក​ត្រូវ​ឆ្លៀតពេល​របស់អ្នក​ឲ្យ​ពួកគេ។ ការធ្វើ​បែបនេះ​មានន័យថា​អ្នកបាន​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​បុគ្គលិក។
  • លើក​ទឹកចិត្ត​អ្នកដទៃ ៖​ ការលើក​ទឹកចិត្ត​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ដើម្បី​បង្ហាញថា​អ្នក​ជា​គម្រូ​មួយ​ដ៏​​ប្រសើរ​។ កាលណា​អ្នក​ចេះ​ជួយ​លើក​ទឹកចិត្ត​គេ​គឺ​ស្មើ​​នឹង​អ្នក​កំពុង​ជម្រុញ​ផលិតភាព​ការងារ​របស់​បុគ្គលិក​ឬ​សមាជិក​ក្រុម​នោះ​ដូចគ្នា។ អ្នកដឹកនាំ​ពូ​កែ​គឺ​មានសមត្ថភាព​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការស្វះស្វែង​រក​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ឲ្យ​សមាជិក​ក្រុម​មាន​កម្លាំង​និង​ឆន្ទៈ​មោះមុត​បំពេញ​ការងារ។
  • ផ្តល់​រង្វាន់ ៖ កាលណាតែ​​បុគ្គលិក​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ពួកគេ​គឺ​ស័ក្តិសម​នឹង​ទទួលបាន​ការសរសើរ​និង​រង្វាន់​លើក​ទឹកចិត្ត។ វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ​ដែល​ចៅហ្វាយនាយ​ខ្លះ​​មិនបាន​កត់សម្គាល់​ពី​ការខិតខំ​ធ្វើការ​របស់​បុគ្គលិក​ឡើយ។ ដូច្នេះ​អ្នកដឹកនាំ​គួរ​រក​វិធីណា​ដែល​អាច​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​បាន។
  • មានជំនាញ​ដោះស្រាយ​បញ្ហា ៖ អ្នកដឹកនាំ​ពូកែ​មិនងាយ​នឹង​ដួល​ដោយសារ​តែ​ហានិភ័យ​ឬ​បញ្ហា​នោះ​ឡើយ។ ពួកគេ​​ប៉ិនប្រសប់​ក្នុងការ​ដោះស្រាយ​និង​បន្ធូរបន្ថយ​បញ្ហា​មិនឲ្យ​ធំ​រីករាលដាល​ឬ​បំបាត់​ចោល​តែម្តង។ គេ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​អ្វី​មួយ គ្មាន​ភាពភ័យខ្លាច និង​ហ៊ាន​ប្រថុយ​ជាមួយ​ហានិភ័យ។ ជាពិសេស​នៅពេលដែល​គេ​ជួបបញ្ហា​គេ​មិនដែ​លរាថយ​ឬ​រត់គេចទេ គេ​​តែង​រកមើល​ឫសគល់​នៃ​បញ្ហា ដោះស្រាយ​វា និង​រៀនសូត្រ​ពី​បញ្ហា​នោះ។
  • ឆ្លើយតប​ជាមួយ​នឹង​តម្រូវការ​ក្រុម ៖ នៅពេល​អ្នក​ដឹងថា​ម្នាក់ៗ​ត្រូវការ​អ្វីនោះ​ពី​អ្នក​នឹង​ដឹកនាំ​គេ​ងាយស្រួល​ដោយ​បំពេញ​តាម​តម្រូវការ​របស់គេ។ អ្នក​ត្រូវ​ឈ្វេងយល់​ដោយខ្លួន​ឯង​ថា​បុគ្គល​ម្នាក់ៗ​ចង់បាន​អ្នកដឹកនាំ​ក្រុម​ជា​មនុស្ស​បែបណា។
  • មាន​ភាពស្មោះត្រង់ ៖ មិនថា​ជា​ការ​បំពេញ​ការងារ​ឬ​ជីវិត​ប្រចាំថ្ងៃ​ទេ ភាពស្មោះត្រង់​ត្រូវបាន​គេ​​ឲ្យ​តម្លៃ​យ៉ាងខ្លាំង។ ជាពិសេស​ក្នុងនាម​អ្នកជា​អ្នកដឹកនាំ​អ្នក​ត្រូវ​មានភាពស្មោះត្រង់​ជា​ចាំបាច់​។ អ្នក​ត្រូវ​ប្រតិបត្តិ​ចំពោះ​មនុស្ស​គ្រប់គ្នា​ប្រកប​ដោយ​ភាពយុត្តិធម៌ មិន​លម្អៀង មិន​លាក់លៀម និង​អនុវត្ត​ចំពោះ​បុគ្គលិក​ស្មើៗ​គ្នា។
  • កុំ​តឹងតែង​ពេក ៖ ការ​ដែល​អ្នក​បញ្ជា​ឲ្យ​បុគ្គលិក​ថា​ការងារ​ត្រូវតែ​រួចរាល់ ប្រាក់ចំណេញ​ត្រូវតែ​បាន ​ភាគរយ​នៃ​ការលក់​ត្រូវតែ​កើន​ជាដើម​វា​ស្មើនឹង​ការដាក់​សម្ពាធ​ឲ្យ​បុគ្គលិក​​ដូចគ្នា។ ជួនកាល​បើ​អ្នក​ធ្វើ​ដូចច្នេះ​វា​នឹង​ជះឥទ្ធិពល​មិនល្អ​ឲ្យ​បុគ្គលិក​វិញទេ។ វា​នឹង​ធ្វើឲ្យ​គេ​មិនមាន​ទឹកចិត្ត​ធ្វើ​ការងារ​ឲ្យ​បានល្អ​តែ​បែរជា​ធ្វើការ​ឲ្យតែ​បានៗ​ទៅវិញ។ អ្នក​ត្រូវ​ធ្វើឲ្យ​គេ​មានអារម្មណ៍​ថា​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ក្នុងការ​ធ្វើការ​តាមវិធី​របស់គេ ហ៊ាន​ប្រថុយ​ជាមួយ​ហានិភ័យ​ដោយ​មិនមាន​ការ​ដាក់ទោស​ អាច​និយាយ​ការពិត និង​អាច​បញ្ចេញ​មតិ​យោបល់​បាន។ ជាពិសេស​អ្នក​ត្រូវ​ធ្វើឲ្យ​បុគ្គលិក​មាន​ភាពជឿជាក់​ថា​កន្លែង​ធ្វើការ​របស់គេ​ជា​កន្លែង​ដែល​គួរឲ្យចង់​មក​និង​មិនសោះ​កក្រោះ។
  • ស្ទាបស្ទង់​ពី​ចំណុច​ខ្សោយ​របស់ខ្លួន ៖​ ដូចដែលយើង​បានលើកឡើង​ខាងលើ​ថា​អ្នកដឹកនាំ​មិនមែន​ជា​មនុស្ស​ដែល​ពូកែ​កិច្ចការ​គ្រប់យ៉ាង​ទេ។ វា​មិនប្លែក​ឡើយ​ថា​មនុស្សយើង​នៅមាន​ចំណុច​ខ្វះខាត​ឬ​ចំនុចខ្សោយ​នោះឯង។ ជាការពិត​ការដឹង​ពី​ចំណុច​ខ្វះខាត​របស់អ្នក​ទៅលើ​ជំនាញ​ណាមួយ​នឹង​ជួយ​ឲ្យអ្នក​អាច​បែងចែក​ការងារ​ទៅកាន់​មនុស្ស​ដែល​មាន​សមត្ថភាព​ផ្នែកនោះ​ទៅ​ធ្វើវា។
  • សាកល្បង​ការយល់ឃើញ​របស់​អ្នកដទៃ​មកលើ​អ្នក ៖ អ្នក​ត្រូវ​បង្កើត​បរិយាកាស​ការងារ​ដែល​មាន​ភាពស្មោះត្រង់​និង​បើកទូលាយ​ឲ្យ​ម្នាក់ៗ​អាចនិយាយ​ពី​ទស្សនៈ​របស់គេ​ចំពោះ​ការគ្រប់គ្រង​ឬ​ការដឹកនាំ​របស់អ្នក​។ វា​ជា​ឱកាស​ដែលអាច​ឲ្យ​អ្នក​ដឹងថា​សមាជិកក្រុម​របស់អ្នក​មាន​អារម្មណ៍​ប្រសើរ​ទេ​ពេល​ធ្វើការ​ជាមួយ​អ្នក ដឹងពី​គុណភាព​នៃ​ការដឹកនាំ​របស់អ្នក និង​ចំណុច​ណាខ្លះ​ដែល​អ្នក​គួរ​ពង្រឹង​បន្ថែម​។
Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ