មានមនុស្សមិនតិចទេដែលតែងតែទាក់ទងមកខ្ញុំសួរនាំអំពីគំនិតរកស៊ី ដោយសារតែពួកគាត់ចង់រកស៊ី។ អ្នកខ្លះថាគាត់មាន5,000ដុល្លារ ឬមួយម៉ឺនដុល្លារ ឬច្រើនជាងហ្នឹង ហើយគាត់ចង់ដឹងថាគួររកស៊ីអ្វីទើបជោគជ័យ ហើយអ្នកដែលមិនមានលុយដុំ តែមានចំណូលខ្ទង់$500-$1,000ក៏គិតចង់រកស៊ី ហើយស្វះស្វែងរកថាតើគាត់គួរដាក់លើអ្វី បើករបរអ្វីទើបល្អ។
តាមពីទៅមុខរបររកស៊ីគឺមានមិនតិចនោះទេដែលគ្រប់គ្នាអាចចាប់ឱកាសបាន តែមិនមែនមានន័យថាគ្រប់គ្នាអាចធ្វើបានជោគជ័យនោះទេ។ ការគិតរឿងរកស៊ីគឺជារឿងដែលមិនពិបាកនោះទេ តែធ្វើឱ្យវារីកចម្រើនទើបជារឿងពិបាក ហើយមួយវិញទៀត ដើមទុនពិតជាសំខាន់ក្នុងការរកស៊ី តែមិនមែនមានន័យថា មានលុយនឹងធ្វើឱ្យការរកស៊ីមានដំណើរការល្អ និងជោគជ័យនោះទេ។ កុំថាឡើយអ្នកដែលមានចំណូល$500-$1000/ខែឈឺក្បាលខ្វល់ចិត្តមិនដឹងរកស៊ីអី អ្នកមានលុយរាប់សែនមិនតិចទេដែលដូចអ្នក មិនដឹងដាក់ទុនលើអីដូចគ្នា ព្រោះអ្វី?
ប្រសិនបើខ្ញុំមិនបានប្រឡូកច្រើន ប្រាកដណាស់ខ្ញុំនឹងមានអារម្មណ៍ថា ការរកស៊ីមានអីពិបាក ឱ្យតែមានលុយ ខ្ញុំធ្វើដឹងតែដើរហើយ ដឹងតែជោគជ័យហើយ ដឹងតែចំណេញហើយ។ តែនៅពេលដែលអ្នកបានដើរច្រើន ធ្វើច្រើន ជួបអ្នករកស៊ីច្រើនខ្ញុំឃើញអ្នកមានលុយមិនតិចទេដែលបើកហាងហើយ មានលុយទប់ទល់ នៅតែត្រូវបិទទ្វារ បរាជ័យ ឯអ្នកខ្លះវិញ មិនសូវមានលុយ ឬមិនមានដើមទុន តែអាចបើកអាជីវកម្មមួយដែលរីកចម្រើនឥតឈប់ឈរ។ ហេតុអ្វី?
ការបើករបររកស៊ី ចំណុចស្នូលសំខាន់បំផុតមិនមែនដើមទុនតែមួយនោះទេ។ ចំណង់ចំណូលចិត្ត បទពិសោធន៍ និងជំនាញដែលអ្នកមានសុទ្ធតែជាការកំណត់ជោគវាសនាអាជីវកម្មរបស់អ្នក។ ហេតុអ្វីបានជាខ្ញុំថា សូម្បីតែអ្នកមានលុយរាប់សែនដុល្លារនៅតែមិនដឹងរកស៊ីអ្វី ដាក់លើអ្វីដូចបានលើកឡើងខាងលើ? ព្រោះអ្នកទាំងនោះ គាត់មានបទពិសោធន៍ គាត់ដឹងច្បាស់ថា មិនមែនមានលុយចេះតែដាក់ហើយជោគជ័យនោះទេ គាត់សុទ្ធតែធ្លាប់សាកមុខរបរមិនតិចទេដែលផ្តល់មេរៀនសំខាន់ឱ្យគាត់ គឺថាការស្រឡាញ់ ចំណង់ចំណូលចិត្ត ចំណេះ ជំនាញ ធនធានមនុស្ស គឺសុទ្ធតែសំខាន់ណាស់ក្នុងការធ្វើឱ្យអាជីវកម្មមួយជោគជ័យ។
ខ្ញុំឃើញមនុស្សមិនតិចទេ ដែលបើករកស៊ីតាមគេតាមឯង ដោយសារតែឃើញគេរកបាន តែក៏ត្រូវបកក្រោយវិញដោយសារមិនអាចធ្វើដូចគេបាន មិនមែនដោយសារគាត់មិនខ្លាំងនោះទេ ព្រោះគាត់រកស៊ីមិនចំជំនាញ និងក្តីស្រឡាញ់ ហើយប្រសិនបើមិនស្រឡាញ់ហើយ ការតស៊ូគឺមានកម្រិតទាបបំផុត។ ដូចជានៅក្នុងវិស័យអចលនទ្រព្យអញ្ចឹង មនុស្សមិនតិចទេសម្រុកចូលប្រឡូកក្នុងវិស័យមួយនេះដោយគិតថា រកលុយបាន ឆាប់ជោគជ័យ តែក្រោយមកក៏ត្រូវឈប់កណ្តាលទីដោយសារតែរបរនេះមិនត្រូវនឹងខ្លួន ហើយត្រឡប់ទៅរករបរផ្សេងវិញហើយដែលខ្លួនចូលចិត្ត ហើយក៏ទទួលបានជោគជ័យ។
ប្រសិនបើអ្នកមិនដឹងថាគួរចាប់ផ្តើមអាជីវកម្មអ្វី ខ្ញុំគិតថា អ្នកគួរតែគិតឡើងវិញ ហើយស្វះស្វែងរកចំណុចខ្លាំងរបស់អ្នក រៀនពីខ្លួនឯងឱ្យបានច្រើន។ ហើយប្រសិនបើអ្នកមានចំណូលប្រចាំខែ គួរតែចំណាយប្រាក់មួយចំនួនដើម្បីវិនិយោគលើខ្លួនឯងដើម្បីពង្រឹងសមត្ថភាព។ ព្រោះថា ប្រសិនបើអ្នកមិនដឹងថាធ្វើអ្វីផង មានន័យថា អ្នកមិនទាន់ស្គាល់ខ្លួនឯងច្បាស់ មិនដឹងថាខ្លួនខ្លាំងអ្វី ហើយក្នុងស្ថានភាពនេះ ហានិភ័យនឹងមានខ្ពស់ប្រសិនបើអ្នកចាប់ផ្តើមអាជីវម្ម។
ពេលខ្លះ អ្នកដែលប្រាប់អ្នកឱ្យរកនេះរកនោះ ដោយមិនដឹងពីអ្នកច្បាស់នោះ ភាគច្រើនសុទ្ធតែការប្រើការស្រមើស្រម៉ៃ ហើយពេលខ្លះក៏មិនហ៊ានបើករបរនោះខ្លួនឯងផង។ មានតែខ្លួនអ្នកទេដែលដឹងពីអ្នកច្បាស់ និងជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង អ្នកក្រៅគ្រាន់តែជាអ្នកឱ្យយោលប់សម្រាប់អ្នកទុកពិចារណាប៉ុណ្ណោះ។ ដូចនេះ មុននឹងចាប់ផ្តើមរកស៊ីអ្វីមួយ ទោះបីជាមានលុយតិចឬលុយច្រើនក៏ដោយ អ្នកត្រូវតែស្គាល់ពីខ្លួនឯង ដឹងពីជំនាញ និងក្តីស្រឡាញ់របស់ខ្លួនឯងជាមុនសិន។