សេរីភាពផ្នែកហិរញ្ញវត្ថុ សំដៅលើការមានលុយគ្រប់គ្រាន់ក្នុងទម្រង់ជាសាច់ប្រាក់ និងការវិនិយោគដើម្បីធ្វើអ្វីដែលអ្នកចង់បានដោយសេរី។ ហេតុដូចនេះ ទើបមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់មានសេរីភាពផ្នែកហិរញ្ញវត្ថុ ប៉ុន្តែការចង់បាននេះ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានឡើយ ដូច្នេះដើម្បីអាចធ្វើឱ្យជីវិតខ្លួនឯងឈានដល់ការមានសេរីភាពផ្នែកហិរញ្ញវត្ថុ ជំហានខាងក្រោមនេះនឹងអាចជួយអ្នកបាន។
1. ពិចារណាលើការចំណាយប្រចាំថ្ងៃ
នៅពេលអ្នកសម្រេចចិត្តចំណាយលើអ្វីមួយ អ្នកត្រូវពិចារណាថា តើអ្វីដែលអ្នកចង់ចំណាយនោះ វាចាំបាច់សម្រាប់អ្នកឬទេ? តើវាផ្ដល់ផលប្រយោជន៍ត្រឡប់មកអ្នកវិញកម្រិតណា? បន្ទាប់មក សឹមធ្វើការសម្រេចចិត្តលើការចំណាយ។
អ្នកត្រូវមានទម្លាប់នេះ រាល់ពេលអ្នកចង់សម្រេចចិត្តចំណាយលុយលើអ្វីមួយ ដើម្បីចៀសវាងការចំណាយតាមតែចិត្តចង់មួយឆាវ ឬចំណាយតាមអារម្មណ៍នឹកឃើញ ឬចំណាយតាមការចង់មានភាពឡូយឆាយដោយវាគ្មានតម្រូវការចាំបាច់សោះជាដើម។ បន្ថែមពីនេះ អ្នកក៏ត្រូវតែព្យាយាមគ្រប់គ្រងរបៀបចំណាយលុយរបស់អ្នកជាប្រចាំថ្ងៃ និងប្រចាំខែផងដែរ។
2. កំណត់និយមន័យសេរីភាពហិរញ្ញវត្ថុសម្រាប់ខ្លួនឯង
និយមន័យសេរីភាពផ្នែកហិរញ្ញវត្ថុ ដូចដែលយើងបង្ហាញរួចហើយនៅផ្នែកខាងលើ ប៉ុន្តែដើម្បីកាន់តែច្បាស់ និងជាក់លាក់សម្រាប់ជីវិតរបស់បុគ្គលម្នាក់ៗ ព្រមទាំងមានប្រសិទ្ធភាពដើម្បីអាចឈានដល់ការមានសេរីភាពផ្នែកហិរញ្ញវត្ថុ អ្នកត្រូវតែកំណត់និយមន័យសេរីភាពហិរញ្ញវត្ថុឱ្យខ្លួនឯង ថាតើអ្នកចង់មានសេរីភាពផ្នែកហិរញ្ញវត្ថុបែបណាសម្រាប់ជីវិតរបស់អ្នក? តើអ្នកចង់មានរបៀបប្រើប្រាស់លុយបែបណាជាប្រចាំថ្ងៃ? អ្នកចង់សម្រេចអ្វីក្នុងជីវិត?។ល។
3. កំណត់ឱ្យមានផែនការលើការប្រើប្រាស់ហិរញ្ញវត្ថុផ្ទាល់ខ្លួន
របៀបនៃការប្រើប្រាស់ហិរញ្ញវត្ថុ មានច្រើនណាស់ ហើយមានរូបមន្តពីបុគ្គលល្បីៗជាច្រើនដែលបានចងក្រង ដើម្បីជួយមនុស្សដទៃទៀតឱ្យឈានដល់ការសម្រេចបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូច្នេះអ្នកអាចសិក្សាពីរបៀប ឬរូបមន្តទាំងនោះ ដើម្បីអនុវត្តន៍ជាក់ស្ដែង ក៏ដូចជាអាចរៀនបត់បែនដោយខ្លួនឯង ដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នក មានភាពល្អសមស្របនឹងអ្វីដែលអ្នកចង់បាននៅក្នុងជីវិត ទាំងការចំណាយប្រចាំថ្ងៃ ការដាក់សន្សំ និងការវិនិយោគលើអ្វីផ្សេងទៀតដែលចាំបាច់សម្រាប់អ្នក។