ការប្រម៉ូសិនឬការផ្សព្វផ្សាយ (Promotion)និងការបញ្ចុះតម្លៃ (Discount)ភាគច្រើនមនុស្សមានការភ័ន្តច្រលំគ្នា ថាពាក្យទាំងពីរនេះមានន័យប្រហាក់ប្រហែលគ្នា ឬមានន័យដូចគ្នា ព្រមទាំងប្រើខុសទៀតផង។ ដូច្នេះខ្លឹមសារអត្ថបទខាងក្រោមនេះ នឹងបង្ហាញបញ្ជាក់លម្អិតដើម្បីឈ្វេងយល់ឱ្យស៊ីជម្រៅអំពី ការប្រម៉ូសិន និងការបញ្ចុះតម្លៃ។
ការប្រម៉ូសិន (Promotion)
ការផ្សព្វផ្សាយ (Promotion) ជាប្រភេទនៃទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់ ដោយអ្នកលក់ព្យាយាមបញ្ចុះបញ្ចូលអ្នកទិញឱ្យទិញទំនិញ ឬសេវាកម្មរបស់ពួកគេតាមរយៈការផ្សព្វផ្សាយ។ ហើយតាមរយៈការផ្សព្វផ្សាយនេះ ជួយ៖
- ក្នុងការធ្វើឱ្យមនុស្សបានស្គាល់ ឬដឹងពីផលិតផល សេវាកម្ម ឬក្រុមហ៊ុន
- កែលម្អរូបភាពសាធារណៈរបស់ក្រុមហ៊ុន
- បង្កើតចំណាប់អារម្មណ៍នៅក្នុងចិត្តរបស់អ្នកទិញ និងក៏អាចបង្កើតអតិថិជនស្មោះត្រង់ផងដែរ
ការផ្សព្វផ្សាយ (Promotion) អាចកើតឡើងតាមវិធីផ្សេងៗគ្នាពីអាជីវកម្ម ទីផ្សារ និងអាជីព។ ក្រុមហ៊ុន និងអាជីវកម្មខ្នាតតូច តែងតែប្រើការផ្សព្វផ្សាយផលិតផលជាឧបករណ៍ទីផ្សារដើម្បីនាំយកអតិថិជន។ ការផ្សព្វផ្សាយផលិតផលត្រូវបានរចនាឡើងដើម្បីបំភ្លឺការយកចិត្តទុកដាក់ចំពោះម៉ាកយីហោថ្មីៗ ឬទំនិញជាក់លាក់ណាមួយ។ ឧទាហរណ៍៖ ការផ្សព្វផ្សាយទីផ្សារ អាចណែនាំមុខម្ហូបពិសេសនៅក្នុងភោជនីយដ្ឋានឬការទិញ-លក់នៅផ្សារទំនើប។
បន្ថែមពីនេះ បើយោងតាមគេហទំព័រ BBC បានឱ្យដឹងបន្ថែមទៀតថា ការផ្សព្វផ្សាយ(Promotion) សំដៅលើវិធីសាស្រ្តដែលប្រើដោយអាជីវកម្ម ដើម្បីធ្វើឱ្យអតិថិជនដឹងពីផលិតផលរបស់ខ្លួន។ ការផ្សាយពាណិជ្ជកម្មគ្រាន់តែជាមធ្យោបាយមួយ ដែលអាជីវកម្មអាចប្រើដើម្បីបង្កើតជាសាធារណៈ។ អាជីវកម្មបង្កើតល្បាយផ្សព្វផ្សាយជារួមដោយដាក់បញ្ចូលគ្នានូវយុទ្ធសាស្ត្រដូចខាងក្រោម៖
- Advertising (ការផ្សាយពាណិជ្ជកម្ម)
- Sales promotions (ការផ្សព្វផ្សាយការលក់)
- Personal selling (ការលក់ដោយផ្ទាល់)
- Direct marketing (ការធ្វើទីផ្សារដោយផ្ទាល់)
ប្រភេទនៃ promotion
- ការប្រកួតប្រជែងលើប្រព័ន្ធផ្សព្វផ្សាយសង្គម
- កម្មវិធីភក្ដីភាព (Loyalty programs)
- ទិញមួយ ថែមមួយ (BOGO)
- គំរូ គូប៉ុង ឬផលិតផលឥតគិតថ្លៃ
- ការបញ្ចុះតម្លៃ
- ការទិញសប្បុរសធម៌ (Charitable purchases)
- ព្រឹត្តិការណ៍សប្បុរសធម៌
ការបញ្ចុះតម្លៃ (Discount)
ការបញ្ចុះតម្លៃ គឺជាការកាត់បន្ថយតម្លៃធម្មតានៃផលិតផលឬសេវាកម្ម ហើយក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីជំរុញឱ្យអតិថិជនទិញ ក្នុងករណីដែលដៃគូប្រកួតប្រជែងរបស់អ្នកកំពុងផ្តល់ជូននូវផលិតផលឬសេវាកម្មស្រដៀងគ្នាក្នុងតម្លៃខ្ពស់ជាងនេះ។ បន្ថែមពីនេះ វាក៏អាចជាការលើកទឹកចិត្តសម្រាប់អតិថិជនឱ្យសម្រេចចិត្តបង់ប្រាក់លឿនជាងមុន ឬគាំទ្រដល់អាជីវកម្មរបស់អ្នកឡើងវិញ។
ប៉ុន្តែត្រង់ចំណុចនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ពីព្រោះបើអាជីវកម្មរបស់មានការបញ្ចុះតម្លៃដែលគ្មានភាពជាក់លាក់ ឬធ្វើការបញ្ចុះតម្លៃញឹកញាប់ពេក ឬបញ្ចុះតម្លៃតាមតែនឹកឃើញដោយគ្មានភាពប្រាកដប្រជា នោះអ្នកក៏អាចធ្វើឱ្យអតិថិជនមានការមិនទុកចិត្ត និងគ្មានភាពជឿជាក់លើអាជីវកម្មរបស់អ្នកឡើយ ជាពិសេសវាជាការធ្វើឱ្យការបញ្ចុះតម្លៃរបស់អ្នកគ្មានប្រសិទ្ធភាព ឬគ្មានឥទ្ធិពលដល់អតិថិជនឱ្យមកចាប់អារម្មណ៍។
ប្រភេទនៃការបញ្ចុះតម្លៃ
- ការបញ្ចុះតម្លៃពាណិជ្ជកម្ម
- ការបញ្ចុះតម្លៃលើបរិមាណ
- ការបញ្ចុះតម្លៃសាច់ប្រាក់
- លក់ជាកញ្ចប់តម្លៃពិសេស
- ការបញ្ចុះតម្លៃតាមរដូវកាល