ក្រមសីលធម៌អាជីវកម្ម សំដៅលើការសិក្សាអំពីគោលនយោបាយ និងការអនុវត្តអាជីវកម្មដែលទាក់ទងនឹងមុខវិជ្ជា ដូចជាអភិបាលកិច្ចសាជីវកម្ម ការជួញដូរខាងក្នុង ការស៊ីសំណូក ការរើសអើង ទំនួលខុសត្រូវសង្គមសាជីវកម្ម និងជាច្រើនទៀត។ ច្បាប់នេះច្រើនតែណែនាំអំពីក្រមសីលធម៌អាជីវកម្ម ប៉ុន្តែពេលខ្លះ ក្រមសីលធម៌អាជីវកម្ម ក៏ផ្តល់គោលការណ៍ណែនាំជាមូលដ្ឋានដែលអាជីវកម្មអាចអនុវត្តតាម ដើម្បីទទួលបានការយល់ព្រមជាសាធារណៈ និងមិនខុសច្បាប់។
ក្រមសីលធម៌អាជីវកម្ម ក៏ធានាបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងទម្រង់ផ្សេងៗដែលអាជីវកម្មចូលមកទីផ្សារនៅតំបន់ណាមួយ។ បន្ថែមពីនេះ វាក៏ជួយផ្សះផ្សានូវអ្វីដែលក្រុមហ៊ុនត្រូវធ្វើដោយស្របច្បាប់ធៀបនឹងការរក្សាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែងជាងអាជីវកម្មផ្សេងទៀត។
គោលការណ៍នៃក្រមសីលធម៌អាជីវកម្ម
គោលការណ៍នៃក្រមសីលធម៌អាជីវកម្មមានចំនួន 12
1. ភាពជាអ្នកដឹកនាំ
ការបង្ហាញនូវការខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងការប្តេជ្ញាចិត្តចំពោះឧត្តមភាព តាមរយៈការសម្រេចចិត្តប្រកបដោយក្រមសីលធម៌ ព្រមទាំងរក្សាការនាំមុខនៃអាជីវកម្ម ដោយធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវប្រសិទ្ធភាពប្រតិបត្តិការ ការពេញចិត្តរបស់បុគ្គលិក និងការយល់ស្របពីអតិថិជនគោលដៅ។
2. គណនេយ្យភាព
ការបង្ហាញនូវទំនួលខុសត្រូវខ្ពស់រាល់ការសម្រេចចិត្ត ធ្វើសកម្មភាព និងទំនាក់ទំនងទាំងអស់ ព្រមទាំង មានការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមក្រមសីលធម៌។
3. សុចរិតភាព
ការបង្ហាញនូវភាពស្មោះត្រង់ និងភាពជឿជាក់ ព្រមទាំងរក្សាការសន្យា គោរពលើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន និងបដិសេធមិនចូលរួមរាល់សកម្មភាពណាដែលមិនសមហេតុផលដែលប៉ះពាល់ដល់ភាពមិនស្មោះត្រង់របស់អាជីវកម្ម។ល។
4. ការគោរពអ្នកដទៃ
ការបង្ហាញនូវការប្តេជ្ញាចិត្តពេញលេញចំពោះសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ ឱកាស ក្តីមេត្តា ការយល់ចិត្ត និងឯកជនភាពរបស់បុគ្គលិកទាំងអស់។
5. ភាពស្មោះត្រង់
ការជំរុញឱ្យបរិយាកាសក្រុមហ៊ុនមានភាពសីលធម៌ និងលុបបំបាត់ចោលព័ត៌មានមិនពិតទាំងឡាយដែលមិនជួយឱ្យអាជីវកម្មមានការប្រសើរឡើង។ បន្ថែមពីនេះ ជំរុញឱ្យបុគ្គលិកទាំងអស់មានការតាំងចិត្តក្នុងការនិយាយការពិតក្នុងគ្រប់ទម្រង់នៃការទំនាក់ទំនង និងគ្រប់សកម្មភាពទាំងអស់នៅក្នុងក្រុមហ៊ុន ដោយមានតែមានភាពស្មោះត្រង់ តាមរយៈការនិយាយចែករំលែកតែព័ត៌មានល្អៗ និងព័ត៌មានដែលជាការពិត។
6. ការគោរពច្បាប់
ក្រុមហ៊ុនត្រូវតែគោរពឱ្យបានពេញលេញនូវច្បាប់ដែលពាក់ព័ន្ធទាំងអស់ ដោយចៀសវាងការប្រព្រឹត្តិទាំងឡាយណាដែលនាំឱ្យអាជីវកម្មរបស់អ្នកប្រព្រឹត្តិខុសផ្នែកច្បាប់។
7. ទំនួលខុសត្រូវ
ការជំរុញឱ្យបុគ្គលិកទាំងអស់មានភាពម្ចាស់ការនៅក្នុងក្រុមហ៊ុន និងអនុញ្ញាតឱ្យបុគ្គលិកមានទំនួលខុសត្រូវលើការងាររបស់ពួកគេ ព្រមទាំងមានសមត្ថភាពធ្វើការងារដោយមិនចាំបាច់មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់បន្ថែម។
8. តម្លាភាព
ក្រុមហ៊ុនត្រូវតែរក្សាអាថ៌កំបាំងពាណិជ្ជកម្ម ការធានានូវព័ត៌មានហិរញ្ញវត្ថុ ការផ្លាស់ប្តូរតម្លៃ ការអនុវត្តការជួល ការបណ្តេញបុគ្គលិកចេញ ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍បុគ្គលិក។ល។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនត្រូវតែមានការបេ្តជ្ញាចិត្តចំពោះតម្លាភាពដោយបង្កើតនូវព័ត៌មានអាជីវកម្ម និងគោលនយោបាយសម្រាប់ក្រុមអ្នកពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលអ្នកពាក់ព័ន្ធនោះ រួមមានអ្នកវិនិយោគ បុគ្គលិក និងអតិថិជនជាដើម។
9. ការខ្វល់ខ្វាយចំពោះទុក្ខលំបាករបស់អ្នកដទៃ
នៅចំណុចនេះ ក្រុមហ៊ុនត្រូវតែបង្ហាញការខ្វល់ខ្វាយនិងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់។ ហេតុដូច្នេះ អាជីវកម្មត្រូវតែមានភាពសប្បុរស ដោយធានាលើការចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីឈ្វេងយល់ពីតម្រូវការ និងភាពរសើបរបស់អ្នកដទៃឱ្យបានជាក់លាក់។
10. ភាពយុត្តិធម៌
ការទំនាក់ទំនង និងរាល់ការអនុវត្តអ្វីទាំងអស់ជាមួយអ្នកដទៃ សូមធានានូវភាពយុត្តិធម៌ ដោយគ្មានភាពមិនស្មើគ្នា ការមិនគួរសម ការមិនប្រើអំណាចតាមតែអំពើចិត្ត ការមិនកេងចំណេញលើភាពទន់ខ្សោយ និងការមិនបង្កើតកំហុសនានាលើផលប្រយោជន៍ផ្ទាល់ខ្លួន ឬរបស់ក្រុមហ៊ុនឡើយ។
11. ភក្ដីភាព
ការបង្ហាញនូវភាពស្មោះត្រង់ ដោយអាចរក្សានូវការសម្ងាត់របស់បុគ្គលិក និងក្រុមហ៊ុន ព្រមទាំងមានការបំផុសនូវភាពស្មោះត្រង់ដល់បុគ្គលិក ដោយជៀសវាងជម្លោះផលប្រយោជន៍ ជួយកសាង និងការពារកេរ្តិ៍ឈ្មោះល្អដល់ក្រុមហ៊ុន និងជួយលើកកំពស់សីលធម៌របស់មិត្តរួមការងារ។
12. ការព្រួយបារម្ភអំពីបរិស្ថាន
ការយល់ដឹង និងការព្រួយអំពីផលប៉ះពាល់បរិស្ថានដែលអាជីវកម្មមាន ដោយជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពិភពលោក។ បន្ថែមពីនេះ និយោជិតទាំងអស់គួរតែត្រូវបានលើកទឹកចិត្តឱ្យស្វែងរក និងរាយការណ៍អំពីដំណោះស្រាយសម្រាប់ការអនុវត្ត ដែលអាចបន្ថែមលើការខូចខាតដែលបានធ្វើរួចហើយ។