Jack Ma គឺជាមហាសេដ្ឋីជំនួញចិន ជាវិនិយោគិន និងជាសប្បុរសជន ហើយគាត់ក៏ជាសហស្ថាបនិក និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាតិសាសន៍ ព្រមទាំងត្រូវបានចុះបញ្ជីជាញឹកញាប់ថាជាបុគ្គលដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ដោយទស្សនាវដ្តី Forbes។
នៅឆ្នាំ 2017 គាត់ត្រូវបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងបញ្ជី “មេដឹកនាំកំពូលទាំង 50 នៅលើពិភពលោក” ប្រចាំឆ្នាំដោយក្រុមហ៊ុន Fortune ។ នៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2018 គាត់បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពី Alibaba ហើយបន្តការងារអប់រំ។
យោងតាមបទពិសោធន៍ជាច្រើនក្នុងការចាប់ផ្ដើមអាជីវកម្មរបស់ Jack Ma ក៏គាត់បានផ្ដល់ដំបូន្មានសំខាន់ៗមួយចំនួនដូចខាងក្រោម នៅពេលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម។
1. កុំរង់ចាំឱ្យអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់អ្នក
លោក Ma បានស្នើឱ្យសហគ្រិនត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់ការដំណើរការនៃការចាប់ផ្ដើម ជំនួសឱ្យការរង់ចាំអ្វីៗដែលត្រៀមខ្លួនជាស្រេច ដូច្នេះអ្នកគួរតែធ្វើដំណើរឱ្យបានលឿននិងឆាប់។
ឧទាហរណ៍៖ រង់ចាំគោលនយោបាយរួចរាល់ រង់ចាំស្ថានភាពប្រទេសល្អឡើងវិញសិន និយាយជារួមមក មានន័យថា ទោះបីជាអ្នកបានឃើញបញ្ហា ហើយអ្នកបានមើលឃើញឱកាសក្នុងនោះក៏ដោយ ក៏អ្នកនៅតែមានលេសដោយនិយាយថារង់ចាំអ្វីមួយឱ្យរួចរាល់សិន សឹមចាប់ផ្ដើមជាដើម ដោយមិនរិះរកមធ្យោបាយផ្សេងដែលល្អជាងពាក្យថារង់ចាំសិនឡើយ។ ហើយការគិតបែបនេះ គឺជាការគិតខុសទាំងស្រុង។
ហេតុអ្វីមិនឱ្យរង់ចាំអ្វីៗគ្រប់យ៉ាងរួចរាល់សិន? ពីព្រោះថា នៅពេលដែលអ្វីៗរួចរាល់ វាមិនមានឱកាសសម្រាប់អ្នកទៀតទេ ហើយ Ma បាននិយាយទៀតថា “ប្រសិនបើរដ្ឋាភិបាលនិយាយថា “អ្វីគ្រប់យ៉ាងរួចរាល់” អ្នកគួរតែផ្លាស់ទីទៅតំបន់ផ្សេងទៀត ព្រោះគ្មានឱកាសសម្រាប់អ្នកទេ” ដូច្នេះអ្នកនឹងបាត់បង់ឱកាសក្នុងការចាប់ផ្ដើមអ្វីមួយដែលអ្នកចង់ធ្វើនោះហើយ។
2. មុននឹងចាប់ផ្តើមអាជីវកម្ម ត្រូវដឹងពីអ្វីដែលអ្នកកំពុងធ្វើ
នៅពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម មានន័យថា អ្នកមិនចង់ធ្វើការងារឱ្យអ្នកដទៃបន្តទៀតឡើយ ដោយអ្នកចង់ធ្វើជាចៅហ្វាយផ្ទាល់ខ្លួន ដូច្នេះអ្នកមិនគួរមានគោលបំណងតែមួយនោះទេ ត្រូវតែមានឱ្យច្រើន ឬត្រូវតែមានឱ្យច្បាស់លាស់ ដើម្បីជាថាមពលក្នុងការចាប់ផ្ដើម ហើយវាក៏ជាការស្វែងរកឱកាសអាជីវកម្មដែលនឹងបំពេញចន្លោះប្រហោងនៅក្នុងទីផ្សារផងដែរ។
នៅឆ្នាំ 1995 នៅពេលដែល Ma បានទៅសហរដ្ឋអាមេរិកដើម្បីក្លាយជាអ្នកបកប្រែ មិត្តរបស់គាត់បានបង្ហាញគាត់ពីរបៀបដែលអ៊ីនធឺណិតដំណើរការ។ បន្ទាប់ពីនោះ គាត់បានស្វែងរកពាក្យ “ស្រាបៀរ” នៅលើប្រព័ន្ធអ៊ីនធឺណិត ហើយគាត់បានរកឃើញស្រាបៀរអាមេរិក ស្រាបៀរអាល្លឺម៉ង់ ប៉ុន្តែមិនមានស្រាបៀរចិនទេ។ Ma បាននិយាយនៅក្នុងភាពយន្តឯកសារថា “ដូច្នេះខ្ញុំចង់ដឹងចង់ឃើញ ខ្ញុំបានស្វែងរក ប្រទេសចិន ហើយម៉ាស៊ីនស្វែងរកទាំងអស់និយាយថាគ្មានប្រទេសចិនទេ”។ ហេតុផលនេះ ទើបធ្វើឱ្យគាត់ចាប់ផ្តើមក្រុមហ៊ុនបណ្តាញមួយដែលមានឈ្មោះថា China Pages ដែលជាក្រុមហ៊ុនអ៊ីនធឺណិតដំបូងគេបង្អស់របស់ Ma ។
3. ជ្រើសរើសមនុស្សឆ្លាត មិនមែនមនុស្សពេញនិយមមកធ្វើការជាមួយនោះទេ
នៅក្នុងនាមជាចៅហ្វាយ អ្នកគួរតែស្វែងរកមនុស្សដែលសក្តិសមដើម្បីចូលរួមជាមួយក្រុមហ៊ុនរបស់អ្នកក្នុងការរួមចំណែក និងពង្រីកក្រុមហ៊ុន។ ជាឧទាហរណ៍ ក្នុងវគ្គចែករំលែកនៅ Next Up Asia លោក Ma បានចែករំលែកថា នៅពេលនិយាយអំពីការជ្រើសរើសបុគ្គលិក អ្នកគួរតែស្វែងរកមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវទៅតាមកម្រិត និងតម្រូវការរបស់អ្នក។
4. រៀនពីភាពបរាជ័យរបស់អ្នកដទៃ
ជារឿយៗ យើងផ្តោតតែលើផ្នែកល្អៗរបស់មនុស្សជោគជ័យ ដោយយើងភ្លេចចាប់អារម្មណ៍នឹងអ្វីដែលពួកគេធ្លាប់ឆ្លងកាត់ការបរាជ័យនិងភាពបរាជ័យ ដូច្នេះក្រៅពីរៀនគន្លឹះជោគជ័យ និងមេរៀនពីអាជីវកម្មជោគជ័យ លោក Jack Ma បានណែនាំថា “មនុស្សជាច្រើនបរាជ័យដោយសារហេតុផលដូចគ្នា ដូច្នេះប្រសិនបើអ្នកដឹងអំពីមូលហេតុដែលមនុស្សបរាជ័យ ហើយអ្នករៀនពីកំហុសឆ្គងទាំងនោះ អ្នកអាចយកមកធ្វើការកែតម្រូវបាន ដើម្បីធ្វើឱ្យកាន់តែល្អ ឬចៀសវាងពីកំហុសសឆ្គងទាំងនោះតែម្ដង”។
5. តែងតែគិតអំពីការច្នៃប្រឌិត
Jack Ma ត្រូវបានគេស្គាល់ថា ជាអ្នកមានសក្តានុពលនៃអ៊ីនធឺណិតនៅប្រទេសចិន ដូច្នេះក្នុងអំឡុងពេលសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC លោក Ma បាននិយាយថា “យើងត្រូវគិតអំពីរឿងមួយ គឺការធ្វើជំនួញមិនសាមញ្ញដូចតែការទិញតាមអនឡាញនោះទេ ដូច្នេះអ្នកត្រូវតែបង្កើតអ្វីមួយដែលមិនធ្លាប់មានសម្រាប់អនាគត និងបន្តច្នៃប្រឌិតឱ្យខ្លាំង” ។
6. ហ៊ានទទួលយករាល់ហានិភ័យទាំងឡាយ
Jack Ma បានចាប់ផ្តើមអាជីវកម្មនៅលើប្រព័ន្ធអ៊ីនធឺណិតលើកដំបូង ឈ្មោះថា China Pages ហើយវាគឺជាការបណ្តាក់ទុនបរាជ័យរបស់គាត់ ដោយអាជីវកម្មនេះមានរយៈពេលប្រហែលមួយឆ្នាំប៉ុណ្ណោះ។ នៅទីបំផុត Ma បានបាត់បង់ការគ្រប់គ្រងរបស់ China Pages រហូតសម្រេចចិត្តធ្វើការបណ្តាក់ទុនរួមគ្នាជាមួយ China Telecom។ ហើយនេះ ជាបទពិសោធន៍ដែលគួររៀនរបស់ jack Ma នៃការចាប់ផ្ដើមដំបូង។
លើសពីនេះ ការធ្វើអាជីវកម្ម មិនថាជាប្រភេទអាជីវកម្មអ្វីនោះទេ សុទ្ធតែអាចទទួលរងនូវហានិភ័យ ពេលខ្លះជួបហានិភ័យដូចគ្នា ពេលខ្លះស្រដៀងគ្នា និងផ្សេងៗគ្នា ដូច្នេះទាមទារឱ្យម្ចាស់អាជីវកម្មត្រូវតែចេះកំណត់អត្តសញ្ញាណហានិភ័យនានាដែលនឹងអាចកើតមានឡើង និងរិះរកគ្រប់មធ្យោបាយដើម្បីការពារទុកមុន។ ជាពិសេសត្រូវតែមានការត្រៀមចិត្ត និងហ៊ានទទួលយករាល់ហានិភ័យទាំងឡាយដែលនឹងកើតឡើង។