Queen Bee ត្រូវបានបង្កើតឡើងតាំងពីដើមឆ្នាំ 2015 ដោយលោកស្រី ញៀវ យិនហ្គេច ដែលមានទីតាំងដំបូងនៅក្រោយសាលាបាក់ទូកនៃរាជធានីភ្នំពេញ។
ការចាប់ផ្ដើមដំបូង QueenBee ត្រឹមតែជាអាជីវកម្មមួយដែលលក់លើរទេះតាមចិញ្ចើមផ្លូវប៉ុណ្ណោះ ប៉ុន្តែដោយសារតែការស្រលាញ់ ចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសប់ក្នុងការច្នៃរសជាតិភេសជ្ជៈ Queen Bee ទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
នៅឆ្នាំ 2016 រហូតដល់ឆ្នាំ 2022 នេះ Queen Bee អាចពង្រីកសាខាជាង 10សាខា នៅភ្នំពេញ ខេត្តកំពង់ចាម ក្រុងប៉ោយប៉ែត ខេត្តស្វាយរៀង និងខេត្តកណ្ដាល ព្រមទាំងកំពុងមានគម្រោងពង្រីកសាខាទៅកាន់ 25ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។
បើយោងតាមប្រសាសន៍របស់លោកស្រីហ្គេច បានប្រាប់ក្រុមការងារគំនិតថា “អ្វីដែលធ្វើឱ្យ QueenBee ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងអាចពង្រីកសាខាបានលឿនបែបនេះ គឺដោយសារតែ QueenBee ផ្ដោតខ្លាំងលើគុណភាព រសជាតិឆ្ងាញ់ តម្លៃសមរម្យ សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ ទីតាំងមានផាសុកភាព និងអនាម័យ។” បន្ថែមពីនេះ អ្វីដែលធ្វើឱ្យអតិថិជនកាន់តែពេញចិត្តទៀតនោះ QueenBee បានបង្កើតនំខារ៉ាមែលទឹកដោះគោ និងតែទឹកដោះគោតៃវ៉ាន់ ដ៏មានរសជាតិឆ្ងាញ់។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2019 លោកស្រីហ្គេច បានទទួលមេដៃសហគ្រិនឆ្នើមមួយ ពានមេដឹកនាំឆ្នើមមួយ និងពានបញ្ចប់វគ្គសិក្សាទាំង 8 វគ្គ នៅ CEO Master Club មួយ ដែលត្រូវបានប្រគល់ផ្ទាល់ក្រោមអធិបតីភាពឯកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលរៀបចំឡើងដោយ CEO Master Club។