យុទ្ធនាការទីផ្សារដែលខ្លាំងនឹងផ្សារភ្ជាប់អ្នកជាមួយនឹងក្រុមអតិថិជនដែលត្រឹមត្រូវ អាចធ្វើឲ្យពួកគេនិយាយអំពីក្រុមហ៊ុន ឬនិយាយអំពីម៉ាកសញ្ញារបស់អ្នកមិនដាច់ពីមាត់ ក៏ដូចជាជួយផ្សព្វផ្សាយផលិតផលរបស់អ្នកទៅកាន់បណ្ដាញសង្គម ព្រមទាំងជួយធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាងមុនទ្វេដងទៅទៀត។ ប៉ុន្តែប្រសិនបើអ្នកពុំដឹងអំពីទិចនិចក្នុងការធ្វើទីផ្សារទេ នោះអាជីវកម្មរបស់អ្នកប្រាកដជាបាត់បង់នូវប្រាក់ចំណូលច្រើន ហើយចំណាយច្រើនជាមិនខាន។
តើអ្នកកំពុងតែជួបប្រទះជាមួយនឹងកំហុសទីផ្សារទាំង៥ចំណុចខាងក្រោមនេះដែរឬទេ?
ប្រសិនបើពិតមែនអ្នកគប្បីចៀសវាង និងរកវិធីសាស្ត្របែបណាដើម្បីធ្វើឲ្យអ្វីៗត្រឡប់មកដូចដើមវិញ។
១. សន្និដ្ឋានដោយគ្មានការស្រាវជ្រាវទីផ្សារច្បាស់លាស់
ការស្រាវជ្រាវអំពីស្ថានភាពទីផ្សារ គឺជារឿងមួយដែលសំខាន់ខ្លាំងមែនទែនចំពោះអ្នកដែលទើបតែចូលប្រឡូកនៅក្នុងពិភពធុរកិច្ច ពីព្រោះអ្នកមិនអាចចេះតែស្មានៗ សន្និដ្ឋានឲ្យតែហើយៗដោយពឹងផ្អែកតាមផ្នែកតូចមួយដែលអ្នកឃើញនោះទេ។ ជាពិសេសនោះ ការស្រាវជ្រាវទីផ្សារ នឹងជួយអ្នកកាត់បន្ថយទៅលើការចំណាយទាំងមូលនៅក្នុងក្រុមហ៊ុន ដោយអ្នកអាចដឹងថាតើ ក្រុមហ៊ុនគួរតែដាក់លក់ផលិតផលបែបណាទើបមានអ្នកប្រើប្រាស់ច្រើន ហើយត្រូវធ្វើការផ្សព្វផ្សាយបែបណាដើម្បីអាចឲ្យអតិថិជនគោលដៅបានឃើញ តាមរយៈការវាស់ស្ទង់នូវចំនួនអ្នកប្រើប្រាស់ផ្ទាល់នៅលើទីផ្សារនេះឯង។
ហើយការស្រាវជ្រាវទីផ្សារ អាចជាត្រីវិស័យមួយដែលអាចជួយបង្ហាញអ្នកឲ្យដឹងអំពីអ្វីដែលអ្នកគួរឬពុំគួរចំណាយនៅក្នុងការចាប់ផ្ដើមចេញរកស៊ីដំបូងផងដែរ។
ដូចនេះមុនពេលសន្និដ្ខានអ្វីមួយដែលវាអាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើអាជីវកម្មរបស់អ្នក អ្នកគប្បីសិក្សាឈ្វេងអំពីទីផ្សារឲ្យបានលម្អិតជាមុនសិន ថាតើទីផ្សារបច្ចុប្បន្ននេះគេកំពុងតែត្រូវការអ្វីជាងគេ តាមរយៈការវិភាគទៅលើ SWOT ( ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគម្រាមកំហែង)។
២. មិនខ្វល់ខ្វាយអំពីការត្អូញត្អែររបស់អតិថិជន
ជាមួយនឹងភាពជឿនលឿនរបស់បច្ចេកវិទ្យា ក៏ដូចជាភាពរហ័សនៃការទទួលបាននូវព័ត៌មាននៅលើបណ្ដាញសង្គម ក្រុមហ៊ុនរបស់អ្នកងាយណាស់ នឹងទទួលរងនូវឥទ្ធិពលអវិជ្ជមានណាមួយពីក្រុមអតិថិជន ក្នុងករណីដែលក្រុមហ៊ុនអ្នកធ្វើឲ្យអតិជនមិនពេញចិត្តជាមួយនឹងសេវាកម្ម គុណភាពនៃផលិតផល ឬមិនព្រមចេញមុខដោះស្រាយបញ្ហាជូនអតិថិជនជាដើម។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកមិនបានយកចិត្តទុកដាក់ជាមួយនឹងការត្អូញត្អែររបស់អតិថិជន ឱកាសនៃការរីកចម្រើននៅក្នុងការរកស៊ីរបស់អ្នកនឹងត្រូវអន់ថយជាងដៃគូរប្រកួតប្រជែងជាមិនខាន ក៏ព្រោះក្រុមហ៊ុនរបស់អ្នកពុំមានការធ្វើបច្ចុប្បន្នភាពនៃផលិតផលឬសេវាកម្មឲ្យទាន់ស្ថានភាព និងពុំមានអ្វីដែលថ្មីៗជាងគេនេះឯង។
៣. ខ្វះការផ្ដោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនសក្ដានុពល
តើអ្នកដឹងអំពីតម្រូវការអតិថិជន ព្រមទាំងបញ្ហាដែលពួកគេចង់ឲ្យអ្នកដោះស្រាយឲ្យ បានដល់កម្រិតណា?
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នោះគឺ មានអាជីវកម្មមួយចំនួនតូចតែប៉ុណ្ណោះដែលបានចំណាយពេលគិតវិភាគអំពីអ្វីដែលក្រុមអតិថិជនរបស់ពួកគេត្រូវការ និងចង់បានពិតប្រាកដ។
ហើយអាថ៌កំបាំងក្នុងការចៀសវាងនូវបញ្ហាមួយនេះគឺសាមញ្ញៗទេ ប៉ុន្តែវាក៏មិនមែនជារឿងងាយស្រួលខ្លាំងណាស់ដែរ ក្នុងការស្វែងរកអំពីតម្រូវការជាក់លាក់ណាមួយរបស់អតិថិជន រួចធ្វើឲ្យអាជីវកម្មអ្នកមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែងផ្សេងទៀតដែរ។
ដើម្បីអាចដឹងថាក្រុមអតិថិជនគោលដៅរបស់អ្នកត្រូវការអ្វី ជាដំបូងគឺអ្នកនៅតែត្រូវធ្វើការសិក្សាស្រាវជ្រាវ និងធ្វើតេស្តសាកល្បងនៅលើទីផ្សារ។ ហើយនៅពេលដែលអ្នកដឹងច្បាស់ថាអតិថិជនត្រូវការ និងចង់បានអ្វីហើយ អ្នកក៏មានភាពងាយស្រួលក្នុងការបង្កើនប្រាក់ចំណូល និងអាចធ្វើឲ្យម៉ាកសញ្ញារបស់អ្នកមានប្រជាប្រិយភាពនៅលើទីផ្សារទាំងមូលផងដែរ ព្រមទាំងអាចទាក់ទាញបាននូវអតិថិជនថ្មីៗបន្ថែមទៀតផង។
៤. បង្កើតមាតិកាផ្សព្វផ្សាយដែលផ្ទុយពីអាជីវកម្មរបស់ខ្លួន
ការបង្កើតមាតិកាដែលផ្ទុយពីអាជីវកម្មរបស់ខ្លួននេះ ក៏ជាកំហុសមួយដែលអ្នកគួរតែចៀសវាងដែរ។ អ្នកខ្លះគាត់គិតថា បង្ហោះមាតិកាប្រភេទអ្វីក៏បានដែរ ឲ្យតែ FacebookPage របស់គាត់មានការចូលរួមច្រើន (Engagement) គឺគាត់អាចរកចំណូលបានហើយ។ ប៉ុន្តែភាពពិតជាក់ស្ដែង បើទោះបីជាមាតិកាទាំងនោះទទួលបានការចាប់អារម្មណ៍ ការចូលចិត្ត (Like) ការបញ្ចេញមតិ(Comments) និងការចែករំលែក (Share)ច្រើននៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែសួរថាតើអាជីវកម្មរបស់អ្នកអាចទទួលបានចំណូលពីមាតិកាទាំងអស់ទេ? តើអតិថិជនរបស់អ្នកដឹងថាអ្នកកំពុងតែលក់អ្វីដែរឬទេ?
ជាក់ស្ដែង យើងឃើញមានម្ចាស់អាជីវកម្មមួយចំនួនគាត់តែងតែធ្វើមាតិកា បែបកំប្លែងៗ ជាវីដេអូ Quotes (Life Quotes/ Sucess Quotes) និងមាតិកាផ្សេងៗទៀតដែលវាមិនទាក់ទងគ្នាទាល់តែសោះជាមួយនឹងប្រភេទអាជីវកម្មដែលគាត់កំពុងតែធ្វើ ហើយយូរៗទៅ អ្នកដែលប្រើប្រាស់នៅលើបណ្ដាញសង្គម បានស្គាល់អ្នកត្រឹមតែជាកន្លែងដែលកំសាន្ត ចែករំលែកQuotes និងវីដេអូសប្បាយៗតែប៉ុណ្ណោះ ប៉ុន្តែគេមិនបានដឹងថាអ្នកលក់ផលិតផល ឬផ្ដល់សេវាកម្មអ្វីនោះទេ។ ត្រង់ចំណុចនេះ ពុំមែនមានន័យថា ឲ្យតែការបង្ហោះQuotes Meme ឬវីដេអូកំប្លែងៗជាមាតិកាមិនល្អនោះទេ ប៉ុន្តែអ្នកគួរប្រើមាតិកាទាំងនោះមកច្នៃបែបណាឲ្យវាស៊ីគ្នាជាមួយនឹងអាជីវកម្ម។ Ex: ប្រសិនបើអ្នកជាហាងលក់សៀវភៅ អ្នកគប្បីបង្ហោះអ្វីដែលអ្នកកំពុងតែលក់ និងប្រើQuote ណាដែលស៊ីគ្នាជាមួយនឹងការអាន។
ដូចនេះអ្នកគប្បីគិតអំពីប្រភេទមាតិកាបែបណាដែលវាទាក់ទងជាមួយនឹងអាជីវកម្មរបស់អ្នក ទើបមនុស្សអាចដឹងថាអ្នកលក់អ្វីបាន។
៥. មិនបានបង្ហាញអំពីលក្ខណៈពិសេសរបស់អ្នកទៅកាន់អតថិជន
តើអ្វីជា USP របស់អ្នក?
USP (Unique selling point) គឺជាលក្ខណៈពិសេសប្លែកពីគេ ដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចយកឈ្នះបាន ទាំងគុណភាព ទាំងសេវាកម្ម បូករួមនឹងរបៀបដែលអ្នកអាចដោះស្រាយបញ្ហា ការផ្ដល់នូវទំនិញដែលអតិថិជនត្រូវការ ការផ្ដល់ទំនុកចិត្តក្នុងការប្រើប្រាស់ ឬផ្ដល់ជូននូវតម្លៃពិសេសណាមួយ ទៅកាន់អតិថិជន ដែលដៃគូប្រកួតប្រជែងរបស់អ្នកមិនអាចធ្វើបានដូចអ្នក។
ហើយប្រសិនបើអ្នកមិនបានបង្ហាញអំពីលក្ខណៈពិសេសរបស់អាជីវកម្មអ្នកទៅកាន់អតិថិជនគោលដៅទេ អត្រានៃភាពរីកលូតលាស់របស់ធុរកិច្ចរបស់អ្នកនឹងធ្លាក់ទាបជាងដៃគូប្រកួតប្រជែងជាមិនខាន។
ដូចនេះ ដើម្បីចៀសវាងពីភាពមិនប្រក្រតីក្នុងការធ្វើទីផ្សារ អ្នកត្រូវបង្កើតនូវចំណុចពិសេសណាមួយដែលអ្នកដទៃគ្មាន និងចាប់ផ្ដើមបង្ហាញអំពី USP របស់អ្នកទៅកាន់អតិថិជនគោលដៅអ្នក។ ដែលនេះវាអាចជួយធ្វើឲ្យអតិថិជនបានយល់កាន់តែច្បាស់ ថាហេតុអ្វីបានជាពួកគេត្រូវការ អាជីវកម្មរបស់អ្នក ។
ជារួម បើទោះបីជាអ្នកបានរៀបចំផែនការទីផ្សារបានល្អយ៉ាងណាក៏ដោយក៏កំហុសនៅតែអាចកើតមានឡើងដែរ។ ហើយប្រសិនបើផែនការទីផ្សាររបស់អ្នកមើលទៅហាក់ដូចជា នៅតែពុំប្រសិទ្ធភាពទេ អ្នកគួរតែចំណាយពេលខ្លះ ពិនិត្យទៅលើអ្វីដែលជាចំណុចខ្វះខាត និងឈ្វេងយល់អំពីតម្រូវការដ៏ពិតប្រាកដរបស់អតិថិជនអ្នក។