spot_img
spot_img
Homeអនុវត្តន៍តើខ្ញុំត្រូវប្រឡងអ្វីខ្លះដើម្បីដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស?

តើខ្ញុំត្រូវប្រឡងអ្វីខ្លះដើម្បីដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស?

-

ដើម្បី​ដាក់​ពាក្យ​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ថ្នាក់​ឧត្តមសិក្សា​បាន ក្រៅពីមាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​បរិញ្ញាប័ត្រ ឬបរិញ្ញាប័ត្រ​ជាន់​ខ្ពស់  សិស្សានុសិស្ស​ត្រូវ​មានលទ្ធផល​ប្រឡង​កម្រិតមាត្រដ្ឋាន​អន្តរជាតិទៅ​តាម​តម្រូវការ​នៃ​សកលវិទ្យាល័យ​នីមួយៗដូចជា TOEFL IELTS  SAT GRE និង​GMAT ជាដើម។ តម្រូវការ​លទ្ធផល​ប្រឡង​ទាំង​នេះគឺជា​វិធី​មួយ​ដើម្បី​ធ្វើឲ្យ​មាន​ភាព​ស្មើរ​គ្នា​រវាង​សិស្ស​ម្នាក់​ៗដែល​បាន​សិក្សា​នៅ​វិទ្យាល័យ ឬ​សកលវិទ្យាល័យខុស​ៗគ្នា ព្រោះថា សាលា​នីមួយ​ៗ​មាន​កម្រិត​ និង​កម្មវិធី​បង្រៀន​ខុសៗគ្នា ដែល​លទ្ធផល​ការ​សិក្សា​របស់​សិស្ស​២នាក់ដែល​មាន​ពិន្ទុ​ដូចគ្នា តែមក​ពីសាលា​ផ្សេងៗ មិន​ប្រាកដ​ថា​មាន​កម្រិត​ចំណេះដឹង​ និង​សមត្ថ​ភាព​ដូចគ្នា​នោះ​ទេ។ ហេតុនេះហើយ បាន​ជា​គេ​បង្កើត​កម្មវិធី​ប្រឡង​ SAT TOEFL IELTS GRE និង​GMAT នេះ​ឡើង​ដើម្បី​ឲ្យ​សាកលវិទ្យាល័យ​នីមួយៗ​ងាយ​ស្រួល​ក្នុង​ការ​វាយតម្លៃ និង​ជ្រើស​រើស​ និស្សិត​ណា​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បីអាច​ចូលរៀន​ក្នុង​សាលា​របស់​គេបាន។​ សម្រាប់​និស្សិត​ខ្មែរ​យើង​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​អ្នក​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​បរទេស​នោះ លទ្ធផល​ការ​សិក្សា​ខាង​លើ​នេះ​គឺ​ពិត​ជា​មិនអាច​ខ្វះបាន​ឡើយ ព្រោះថា​ សាកល​វិទ្យាល័យ​លំដាប់​ថ្នាក់​អន្តរជាតិ​នៅលើពិភព​លោក គឺ​គេជ្រើសរើស​សិស្ស​ឲ្យចូល​រៀន​ដោយផ្អែក​លើ​លទ្ធិផល​ការប្រឡង​ដូចដែលបាន​រៀបរាប់​ខាង​លើ។ ឱកាសក្លាយជា​បេក្ខជន​ដែល​នឹង​ត្រូវបាន​គេជ្រើសរើស​មាន​ភាគ​រយ​កាន់តែខ្ពស់ ប្រសិន​បើលទ្ធផល​ប្រឡង​របស់​អ្នក​ល្អនោះ។ ថ្ងៃនេះ »គំនិត» នឹងរៀបរាប់​ពី​ប្រភេទ​ការប្រឡង​ទាំងនេះ ដើម្បី​ឲ្យ​សិស្សានុសិស្សទាំង​អស់​បាន​ជ្រាប ព្រោះ​ថា​វាពិតជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​និស្សិត​គ្រប់​រូប​ដែល​មាន​ចិត្ត​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។

បញ្ចាក់៖ រាល់វិញ្ញាសារ​ប្រឡង​ទាំង​អស់​ខាងក្រោមនេះ គឺប្រើប្រាស់​ភាសាអង់គ្លេសជា​គោល។

១- SAT

SAT (Scholastic Aptitude Tes/ SAT-I) គឺជា​ការ​ប្រឡង​មួយ​ប្រភេទសម្រាប់​ការ​ដាក់ពាក្យ​បន្តការ​សិក្សារ​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​ជាច្រើន​នៅ​លើពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក។ ការ​ប្រឡង​នេះ​មាន​រយៈពេល​៣​ម៉ោង ដែលជា​ប្រភេទប្រឡង​ធ្វើតេស្ត​សមត្ថភាព​សិស្ស​ផ្នែក គណិតវិទ្យា តក្ក​វិជ្ជា ដែល​ជា​តម្រូវ​ការ​ចាំបាច់​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​នៅ​ក្នុង​មហាវិទ្យាល័យ។ វិញ្ញាសារSAT​ចែកចេញជាបី​ផ្នែក​ធំៗហើយវាជាវិញ្ញាសារ​​សារ​ទម្រង់​បិទ ដែល​ផ្នែក​ទីមួយ​មាន​វិញ្ញាសារ​គណិត​វិទ្យា+តក្កវិជ្ជា និង​ផ្នែក​ទី២​ទាក់​ទង​កម្រិត​ភាសាអង់គ្លេសផ្តោត​លើ​ការ​អាន និង​ ទីបី គឺ​ការ​សរសេរ​អត្ថបទជា​ភាសាអង់គ្លេស។ ផ្នែក​នីមួយៗ​មាន​៨០០ពិន្ទុស្មើរ​ៗគ្នា ដែលមាន​​ពិន្ទុ​សរុបទាំង​អស់​ចំនួន​២៤០០​ពិន្ទុ។ សម្រាប់​មហាវិទ្យា​ល័យ​ខ្លះ គេ​ពិនិត្យមើល​ពិន្ទុផ្នែក​គណិត​វិទ្យា​ និង​តក្កវិជ្ជាប៉ុណ្ណោះ ខណៈដែល​មហាវិទ្យាល័យខ្លះ​ទៀត​ធ្វើ​ការ​វាយ​តម្លៃ​ជ្រើសរើស​និស្សិត​ដោយ​ផ្អែក​លើ​ពិន្ទុ​ទាំង​៣​ផ្នែក។ ជាទូទៅ សម្រាប់​មហា​វិទ្យាល័យ​ដែលមាន​ស្តង់ដារ​ខ្ពស់ គេទាម​ទារ​ឲ្យុ​និស្សិត​មានពិន្ទុ​យ៉ាងតិច​ ៦៧០/៨០០ ឡើង​ទៅផ្នែក​គណិត​វិទ្យា+តក្ក​វិជ្ជា ​ដើម្បី​អាច​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​របស់​គេ​បាន។

នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ប្រហែលជាមិន​ទាន់​មាន​មណ្ឌល​ប្រឡង​នៅឡើយ​ទេ។ ដូចនេះ ចំពោះ​និស្សិត​ដែលមាន​បំណង​ចង់​ប្រឡង​SATនេះ ត្រូវដាក់​ពាក្យ​នៅមណ្ឌល​ប្រឡង​ដែល​មានទីតាំង​នៅប្រទេស​ជិត​ខាង​យើង​ ដូចជា​ វៀតណាម ថៃ សឹង្ហបូរី ។ល។ សម្រាប់​វិញ្ញា​សារ​ត្រៀម​ប្រឡង អ្នកអាច​រក​ទិញ​បាន​នៅតាម​បណ្ណា​គារ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​យើង ដូចជា​បណ្ណាគារ​អន្តរជាតិ ឬនៅ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។

២- GRE

GRE(Graduate Record Examination) គឺជា​វិញ្ញាសារប្រឡង​មាត្រដ្ឋាន​អន្តរជាតិសម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) ឬបណ្ឌិត មាន​ន័យ​ថា ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ទៅ​សិក្សា​ថា្នក់​បរិញ្ញាប័ត្រជាន់ខ្ពស់​ ឬបណ្ឌិតនៅក្រៅប្រទេសនោះ អ្នក​គួរ​តែមាន​លទ្ធផល​ប្រឡងGREនេះ ដើម្បីមានសិទ្ធិ​ដាក់​ពាក្យ​ចូលរៀន​នៅ​សាកល​វិទ្យាល័យស្តង់ដារ​អន្តរជាតិណាមួយ។  បច្ចុប្បន្ននេះ ការប្រឡង​GREមាន​ពីរ​ប្រភេទ​ផ្សេងៗគ្នា ដែលទីមួយគឺ​GREទូទៅ និងទីពីរគឺGRE តាមមុខវិជ្ជា(GRE Subject Test)។ ប៉ុន្តែ​គំនិត​នឹង​លើកយកតែ​ប្រភេទ​វិញ្ញាសារ​ទី១ គឺGREទូទៅ​មក​និយាយ​ប៉ុណ្ណោះ។ GREគឺជា​វិញ្ញាសារប្រឡង​ធ្វើ​តេស្ត​សិស្ស​លើ​សមត្ថភាព ការគិត​ពិចារណារក​ហេតុ​ផល ការ​ដោះស្រាយ​លំហាត់ ការ​វិភាគ និង​ ​សមត្ថភាពសរសេរអត្ថបទប្រកប​ដោយ​ការ​ថ្លឹងថ្លែងជាដើម។ សំនួរ​ភាគច្រើន​គឺ​មិន​ផ្តោតទៅ​លើ​មុខវិជ្ជា​ជាក់លាក់ណាមួយឡើយ ប៉ុន្តែ​ផ្តោត​ទៅលើ​បទពិសោធន៍ និង​ចំណេះ​ដែល​អ្នកបានសន្សំ​តាំង​ពីដើម​មក។ GRE គឺជា​វិញ្ញាសារទម្រង់បិទ ដែល​ប្រព្រឹត្ត​ទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រដែល​មានពិន្ទុ​សរុប​ចំនួន​២៤០០ ហើយ​ចែកចេញជាបីផ្នែកស្រដៀង​នឹង​SATដែរ។ ផ្នែកទីមួយគឺជាការស្ទាបស្ទង់សមត្ថភាព​វិភាគ​ និង​វាយតម្លៃ​អត្ថបទ​ ដូចជា​ស្វែងរកន័យដូច ការបំពេញឃ្លា និង​សំនួរ​ទាក់ទង​នឹង​អត្ថបទ​។ ផ្នែកទី២ គឺទាក់ទង​នឹង​ការ​ដោះស្រាយ​លំហាត់ និយាយ​រួមគឺធ្វើតេស្ត​លើ​សមត្ថភាព ​គណិតវិទ្យា ពិជគណិត ធរណីមាត្រ ការវិភាគទិន្នន័យ ។ល។ ផ្នែកទី៣គឺផ្តោត​លើ​ការ​សរសេរ​អត្ថបទជាភាសាអង់គ្លេស ដោយ​ផ្តោត​ទៅលើ​ការ​ប្រើប្រាស់​ឃ្លោងឃ្លា ការ​សរសេរ​មាន​ភាព​ត្រឹមត្រូវ​ច្បាស់លាស់ សមហេតុផល និង​មាន​ភស្តុតាងត្រឹម​ត្រូវ​តាម​លក្ខណៈវិទ្យាសាស្ត្រ។​

ដូចនេះ  ប្រសិនបើអ្នកមានគម្រោង​បន្តថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ឬ បណ្ឌិត អ្នកគួរ​តែរៀន​ត្រៀម​GRE​ទុក​ជាមុន។ កាលណាអ្នកទទួលបាន​ពិន្ទុកាន់តែខ្ពស់ អ្នក​នឹង​មាន​ជម្រើសកាន់តែច្រើន​ក្នុង​ការជ្រើសរើសសាកលវិទ្យាល័យ។ សម្រាប់​សៀវភៅរៀន​ត្រៀម​ប្រឡង អ្នកអាច​ទៅរកជាវបាន​ក្នុង​បណ្ណាគារធំៗនៅភ្នំពេញ ឬ​ស្វែង​រក​ឯកសារ​តាមប្រព័ន្ធ​អ៊ិនធឺណិត។ អូ! គំនិត​ភ្លេចប្រាប់ GRE គឺសម្រាប់ជំនាញ វិទ្យាសាស្ត្រពិត និង​វិស្វកម្ម។ សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់តខ្ពស់​ផ្នែក ពាណិជ្ជកម្ម អ្នក​ត្រូវ​ប្រឡង​GMAT ដែល​នឹង​លើកមកនិយាយ​ក្នុង​អត្ថបទ​នេះ​ផងដែរ។ ប៉ុន្តែ​ក៏មាន​សាកលវិទ្យាល័យមួយ​ចំនួន​ក៏​ទទួល​យក​លទ្ធផលប្រឡងGREដើម្បី​ដាក់​ពាក្យ​សុំចូលរៀន​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​ផងដែរ។

៣-GMAT

GMAT (Graduate Management Admission Test) គឺជា​វិញ្ញាសារប្រឡង​មាត្រដ្ឋាន​អន្តរជាតិ​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រសម្រាប់​វាយ​តម្លៃ​​សមត្ថភាព​របស់​បេក្ខជន​ប្រឡងដែលមាន​បំណង​បន្ត​ការ​សិក្សាថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ ឬ​បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម។ រាល់​និស្សិត​ទាំង​អស់​ មិន​ថា​ពួកគេ​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញអ្វី​នោះទេ អាច​ធ្វើ​ការ​ប្រឡង​GMATនេះបាន​ប្រសិន​បើ​ពួក​គេ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ជំនាញ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ជំនាញនេះ​(ពាណិជ្ជកម្ម)។ ​ការ​ប្រឡង​នេះ គឺជា​អ្នក​កាត់​សេចក្តី​ថា​តើ​គួរ​ជ្រើស​រើស​បេក្ខជន​ណា​ដើម្បី​ឲ្យុ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រជាន់​ខ្ពស់​នៅក្នុង​សាកលវិទ្យាល័យជាច្រើន​នៅក្នុង​ពិភពលោក។ ប្រធាន​បទ​ការ​ប្រឡង​គឺចែកចេញជា​បីផ្នែក​ដូច​នឹង​ការ​ប្រឡងGREដែរ។ ការ​ប្រឡង​នេះ​ប្រព្រឹត្តទៅ​រយៈពេល​៣ម៉ោង​៤៥​នាទី នឹងមាន​ពិន្ទុ​សរុប​៨០០ពិន្ទុ។

៤-TOEFL (iBT)

ប្រហែលជា​ប្រិយមិត្ត​ធ្លាប់​ឮ​និង​ស្គាល់​TOEFL (Test of English as a Foreign Language)​​រូចមក​ហើយ។ TOEFLគឺជា​ការ​ប្រឡង​ធ្វើតេស្ត​សមត្ថភាព​ភាសាអង់គ្លេសរបស់​បេក្ខជន​ប្រឡង​ដែល​មក​ពី​ប្រទេស​មិនប្រើប្រាស់​អង់គ្លេស​ជាភាសា​កំណើត ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​ក្នុង​សាកលវិទ្យាល័យដែល​ប្រើប្រាស់​ភាសាអង់គ្លេស​ក្នុង​ប្រព័ន្ធអប់រំ ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក។ TOEFLត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សាកលវិទ្យាល័យ​ច្រើនជាង​៦០០០ នៅក្នុង​១១០​ប្រទេស​នៅ​លើ​ពិភពលោក។ ប្រទេស​កម្ពុជា​យើង​ក៏មាន​មណ្ឌល​ប្រឡង​ប៉ុន្មាន​កន្លែង​ផងដែរ​ ​សម្រាប់​ការ​ប្រឡងនេះ។ TOEFLគឺជា​វិញ្ញាសារ​ប្រឡង​ដែល​ចែកចេញជា​៤ផ្នែក ដែលមាន ការអាន ការ​ស្តាប់ ការ​និយាយ និង​ការ​សរសេរ ដែលមាន​រយៈពេល៤ម៉ោង​កន្លះ។ វាមាន​ពិន្ទុ​សរុបទាំង​អស់​១២០​ពិន្ទុ ឲ្យុជាទូទៅ សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រនៅ​ក្នុង​សាកល​វិទ្យាល័យ​លំដាប់​ពិភពលោក​ គេទាម​ទារ​ឲ្យុ​និស្សិត​មាន​ពិន្ទុTOEFLពី​ ៧៥-៩២ និង ពី៨៦ឡើង​ទៅ​សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រជាន់​ខ្ពស់ និង​បណ្ឌិត។

៥-IELTS

IELTS ប្រហែល​ជា​ប្រិយមិត្ត​ក៏បាន​ស្គាល់ផងដែរ​ ព្រោះ​វាមាន​ប្រជាប្រិយគួរ​សម​នៅក្នុង​ប្រទេស​កម្ពុជា​យើង។ គោល​បំណង​របស់​ការ​ប្រឡង​នេះ​គឺប្រហាក់ប្រហែល​TOEFLផងដែរ គឺធ្វើឡើង​ដើម្បីវាស់សមត្ថភាពភាសាអង់គ្លេស​របស់បេក្ខជន។ លទ្ធផលប្រឡង​នេះគឺទទួល​ស្គាល់ដោយ​សាកលវិទ្យាល័យ និង​ស្ថាប័នជាង​២០០០​កន្លែង នៅ​ក្នុង​ប្រទេស​១២០ លើ​សកលលោក ជាពិសេស​នៅ​ប្រទេស​អូស្ត្រាលី។ IELTSគឺសម្រាប់​សិស្ស​និស្សិត​ដែលរស់​នៅ​ក្នុង​ប្រទេស​មិន​ប្រើប្រាស់​ភាសា​អង់គ្លេសជាភាសាកំណើត ហើយ​មាន​បំណង​បន្តការសិក្សារ​ នៅសាកល​វិទ្យាល័យ​ដែលប្រើប្រាស់​ភាសាអង់គ្លេសក្នុង​ប្រព័ន្ធអប់​រំ​ ជាពិសេស​នៅក្នុង​ប្រទេស​អូស្ត្រាលី។ ប្រធាន​បទ​ត្រូវបាន​ចែកចេញ​ជា​៤​ផ្នែកដូចTOEFLផងដែរ​ ដែល​មាន​ ការ​អាន ការស្តាប់​ ការសរសេរ​ និង​ការ​និយាយ ដែលមាន​រយៈពេល​២ម៉ោង​៤៥​នាទី។ ការ​វាយ​តម្លៃ​លទ្ធផល​របស់​បេក្ខជនគឺពី​១ ទៅដល់​៩ ដែល​៩​គឺជា​កម្រិត​ខ្ពស់ជាងគេ។ សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​ក្នុង​សាកលវិទ្យាល័យ​លំដាប់ពិភពលោក គេ​តម្រូវឲ្យុនិស្សិតទទួល​បាន​ពិន្ទុពី​៦,០ ទៅ​៧,៥ហើយ​៧,0 ឡើងទៅ​សម្រាប់ថ្នាក់​បរិញ្ញាប័ត្រជាន់ខ្ពស់ និង​បណ្ឌិត។ នៅ​ប្រទេស​កម្ពុជា​យើង​ក៏មាន​មណ្ឌល​ប្រឡង​ផងដែរ​។ រីឯសៀវភៅសម្រាប់​រៀន​ត្រៀម​គឺមាន​លក់​នៅ​តាម​បណ្ណាគារ​ធំៗក្នុង​ក្រុង​ភ្នំពេញ។

នៅ​មាន​ការប្រឡង​ជា​ច្រើនទៀត​សម្រាប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​ »គំនិត» និង​លើកយក​មក​ចែក​រំលែក​នៅពេលក្រោយ។ សង្ឃឹមថា​អត្ថបទ​នេះ​មាន​ប្រយោជន៍​សម្រាប់​សិស្ស​និស្សិត ដែលមាន​បំណង​ចង់​ទៅ​សិក្សា​នៅ​ក្រៅប្រទេស។

 

បច្ចុប្បន្នកាលកម្ម៖ ១៧-វិច្ចិកា-២០១១

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ