ទិញផ្ទះមុន ឬឡានមុន? នេះជាចម្ងល់មួយដែលមនុស្សជាច្រើនពិបាកសម្រេចចិត្តនៅពេលដែលមានលុយក្នុងដៃមានកំណត់។ បើអ្នកសួរមនុស្សទូទៅ ឬស្តាប់ពីការចែករំលែកលើបណ្តាញសង្គម ប្រាកដណាស់ចម្លើយភាគច្រើនគួរនឹងនិយាយថា អ្នកគួរទិញផ្ទះមុន ព្រោះផ្ទះជាទ្រព្យ ហើយឡានទិញទៅនិងធ្លាក់ថ្លៃ ហើយវាបំណុលជាក់ជាមិនខានឡើយ។
ចំណុចសំខាន់បំផុតដែលអ្នកគួរតែគិតយកទៅពិចារណានោះគឺ តើស្ថានភាពអ្នក វត្ថុទាំង២នេះ មួយណាសំខាន់ជាងគេសម្រាប់អ្នក?
ពិតជាត្រឹមត្រូវណាស់ដែលថា អ្នកនឹងខាតលុយប្រសិនបើអ្នកទិញឡាន ព្រោះតម្លៃឡានមិនឡើងនោះឡើយ ហើយបើអ្នកទិញឡានថ្មីវិញ នោះខាតកាន់តែច្រើន។ ក៏ប៉ុន្តែ នេះគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ ដែលអ្នកមិនគួរពិចារណាការទិញឡាន ឬផ្ទះដោយផ្អែកតែតម្លៃទិញលក់នៃវត្ថុនីមួយៗនេះតែមួយមុខប៉ុណ្ណោះទេ។
ចំណុចសំខាន់បំផុតដែលអ្នកគួរតែគិតយកទៅពិចារណានោះគឺ តើស្ថានភាពអ្នក វត្ថុទាំង២នេះ មួយណាសំខាន់ជាងគេសម្រាប់អ្នក? ប្រាកដណាស់ ប្រសិនបើអ្នកទិញឡានសម្រាប់តែភាពឡូយឆាយ និងមិនបានទាញប្រយោជន៍ពីវា អ្នកមិនគួរទិញឡានមុននោះទេ ព្រោះវាមិនបានជួយបង្កើនទ្រព្យអ្នក ហើយបន្ថែមបន្ទុកចំណាយទៀតផង។ ក៏ប៉ុន្តែ ប្រសិនបើការទិញឡាន គឺជាស្ពានមួយដែលធ្វើឱ្យអ្នករកលុយកាន់តែបានច្រើន បង្កើនចំណូល និងជួយសម្រួលការរស់ប្រចាំថ្ងៃដែលអ្នកគិតថាជារឿងចាំបាច់សម្រាប់គ្រួសារ ការមានឡានមុនគឺជាជម្រើសដំបូង។
ការទិញផ្ទះ ពិតណាស់គឺជាទ្រព្យ ដែលមនុស្សជាច្រើនគិតថា វិនិយោគលើផ្ទះនឹងមានផលចំណេញខ្ពស់។ តែរឿងនេះ ក៏មិនមែនជារឿងដែលត្រូវទាំងស្រុងនោះដែរ។ ការវិនិយោគផ្ទះដើម្បីចំណេញ វាទាមទារឱ្យអ្នកចេះស្វែងរកផ្ទះដែលត្រូវ ចេះមើលទីតាំង និងចេះគិតគូរហិរញ្ញវត្ថុថាវានឹងផ្តល់ផលចំណេញប៉ុណ្ណា ព្រោះខ្ញុំឃើញមានមនុស្សមិនតិចទេ ដែលត្រូវរងបំណុលដោយសារតែការទិញផ្ទះបង់រំលស់ដែលការប្រាក់ខ្ពស់ជាងតម្លៃឡើងថ្លៃនៃអចលនវត្ថុនោះ ធ្វើឱ្យពួកគាត់ខាតបង់ទៅវិញ។
សំណួរសួរថាទិញផ្ទះមុន ឬឡានមុន គឺជារឿងដែលសាមញ្ញ តែវាបង្កប់ន័យជ្រៅសម្រាប់មនុស្សគ្រប់រូប ហើយចម្លើយគឺគ្មានមួយណាខុស ឬត្រូវដាច់ខាតនោះទេ ដោយវាអាស្រ័យទៅលើស្ថានភាពជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។ ខ្ញុំឃើញមានការឱ្យយោបល់ជាច្រើន ថាទិញផ្ទះមុន ឬឡានមុនទៅតាមការយល់ឃើញរបស់ខ្លួន តែពួកគាត់ឱ្យយោបល់អ្នកទាំងអស់គ្នាទៅតាមស្ថានភាពរបស់គាត់ តែមិនមែនស្ថានភាពរបស់អ្នកទេ ព្រោះគ្មានអ្នកណាដឹងស្ថានភាពអ្នកជាងអ្នកខ្លួនឯងនោះឡើយ។ ដូចនេះ បើអ្នកស្តាប់គេដោយមិនពិចារណា អ្នកនឹងមានហានិភ័យ មិនថាទាំងការទិញផ្ទះ ឬឡានឡើយ។ ជាក់ស្តែង ខ្ញុំទិញឡានមុនផ្ទះ ហើយដោយសារតែឡាននេះហើយ ដែលធ្វើឱ្យខ្ញុំអាចពង្រីកចំណូល ពង្រីកអាជីវកម្ម និងមានលុយទិញផ្ទះ ទិញដីកាន់តែច្រើន។
ខ្ញុំតែងតែប្រាប់អ្នកជុំវិញខ្ញុំថា កុំស្តាប់ខ្ញុំហើយធ្វើតាមខ្ញុំ ព្រោះនេះគ្រាន់តែជាយោបល់ ព្រោះខ្ញុំមិនដឹងស្ថានភាពគ្រប់ជ្រុងជ្រោយនោះទេ នេះគ្រាន់តែជាយោបល់សម្រាប់យកទៅពិចារណា។ ខ្ញុំចង់ឱ្យមនុស្សទាំងអស់ ចេះធ្វើការគិត វិនិច្ឆ័យ ចេះពិចារណា និងថ្លឹងថ្លែងវិភាគដើម្បីធ្វើការសម្រេចចិត្តបានល្អបំផុត ទើបអ្នកទាំងនោះអាចចៀសផុតពីការបោកប្រាស់ និងការសម្រេចចិត្តដោយកាត់បន្ថយការខុសបានច្រើនបំផុត។