ជាធម្មតាមនុស្សភាគច្រើនមិនចូលចិត្តការជំពាក់បំណុល ជំពាក់លុយកាក់គេនោះទេ ព្រោះវាអាចធ្វើឲ្យពួកគេវ័ណ្ឌកជាមួយនឹងបំណុលអស់ទាំងនោះដកខ្លួនមិនរួច។ក៏ប៉ុន្តែគ្រប់បំណុលទាំងអស់មិនមែនសុទ្ធតែធ្វើឲ្យយើងទាំងអស់គ្នាវីវក់ ឬ ជួបការលំបាកដោយសារតែវានោះទេបើសិនជាយើងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ និង វៃឆ្លាត។នៅក្នុងថ្ងៃនេះដែរ លោក ច្រឹក សុខនីម ដែលជាប្រធានសមាគម CVEA នឹងពន្យល់ប្រាប់អ្នកឲ្យបានយល់ច្បាស់ពីផលប្រយោជន៍នៃការប្រើប្រាស់បំណុលឲ្យបានត្រឹមត្រូវ និង ទទួលបានផលចំណេញមកវិញ។
បំណុលគឺជាការប្រើប្រាស់ធនធានរបស់អ្នកដទៃតាមរយៈការប្រើប្រាស់ជាថវិកា ជាលុយ ឬមួយជា Asset ឬជា Equity នៅក្នុងបណ្ដាលស្ថាប័នផ្សេងៗទៀតដើម្បីទុកជាប្រយោជន៍ ឬ ជាឥទ្ធិពលនៅក្នុងការដោះដូរលើវិស័យជំនួញ។នៅក្នុងវិស័យអចលនទ្រព្យអ្នកអាចស្វែងរកបំណុលតាមរយៈធនាគារ។ធនាគារគឺជាស្ថាប័នឯករាជ្យដែលផ្ដល់នូវប្រាក់កម្ចីជូនដល់អតិថិជនទូទៅនៅក្នុងគោលបំណងលើការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ដូចជាវិនិយោគលើការទិញផ្ទះសម្រាប់ស្នាក់នៅឬ ទិញផ្ទះដើម្បីធ្វើការវិនិយោគ។ ហើយចំពោះ ការវិនិយោគប្រភេទនេះ តើអ្នកគួរធ្វើដូចម្ដេចដើម្បីប្រើប្រាស់បំណុលនេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការវិនិយោគ???
ជាដំបូងអ្នកត្រូវសិក្សាពីគុណតម្លៃនៃប្រភេទអចលនទ្រព្យ ថាតើអចលនទ្រព្យដែលអ្នកកំពុងវិនិយោគជាអចលនទ្រព្យប្រភេទយ៉ាងម៉េច។ បើសិនជាអ្នកវិនិយោគទៅលើលំនៅឋាន មានដូចជាផ្ទះ ដូចជាខុនដូ ឬមួយជាគម្រោងដែលកំពុងតែសាងសង់ អ្នកត្រូវដឹងថាតើអ្នកធ្វើការវិនិយោគនេះដើម្បីផ្ដល់នូវការស់នៅ ឬ មួយក៏វិនិយោគដើម្បីទិញទុកចំណេញ បើសិនជាប្រភេទលំនៅឋានបែបនេះអ្នកត្រូវសិក្សាទៅលើចំណូល មានន័យថាបើអ្នកយកផ្ទះហ្នឹងទៅជួល អ្នកនឹងទទួលបានចំណូលនៃការវិនិយោគហ្នឹងប៉ុណ្ណា ហើយនាពេលអនាគតអ្នកនឹងទទួលបានប្រាក់ចំណេញប៉ុណ្ណា។បើគិតនៅក្នុងរយៈ២ឬ៥ឆ្នាំក្រោយ តម្លៃនៃអចលនទ្រព្យនឹងកើនឡើងធៀបទៅនឹងបំណុល ដូច្នេះប្រាក់ចំណូល បូក ជាមួយនឹងអចលនទ្រព្យនឹងមានកំណើនខ្ពស់ជាងការចំណាយនៃការប្រាក់ ។ដូចនេះ ប្រសិទ្ធភាពនៃការប្រើប្រាស់បំណុលប្រភេទនេះគឺអ្នកអាចទទួលយក បានហើយថែមទាំងចំណេញទៀតផង។
ទី២គឺប្រើប្រាស់បំណុលនៅក្នុងការអភិវឌ្ឍន៍។ បងប្អូនមួយចំនួនគាត់ចង់ធ្វើការអភិវឌ្ឍនូវគម្រោងផែនការរបស់ពួកគាត់ឲ្យមានចីរភាព និង ភាពជឿជាក់ ដូច្នេះគាត់ចាប់ផ្ដើមខ្ចីលុយពីធនាគារដើម្បីធ្វើគម្រោងអភិវឌ្ឍរបស់ពួកគាត់។ តួយ៉ាងបើសិនជាអ្នកមានគម្រោងអភិវឌ្ឍន៍ អ្នកត្រូវវិភាគពីឱកាសនៅក្នុងការវិនិយោគ រួមផ្សំជាមួយនឹងលទ្ធិភាពនៃការសងត្រឡប់បូកជាមួយនឹងប្រាក់បម្រុងទុក បើអ្នកមានធនធានទាំងអស់នេះហើយ បំណុលក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យគឺជាទុន និង ជាលទ្ធិភាពដ៏ល្អបំផុត ពីព្រោះការប្រើប្រាស់នូវបំណុលនឹងធ្វើឲ្យអ្នកចំណេញពេលវេលា មានកម្រិតកំណើតនៃជីវភាពខ្ពស់ ហើយអាចធ្វើឲ្យជីវភាពរបស់អ្នកដើរលឿនជាអ្នកដែលមិនប្រើប្រាស់បំណុល។ដូច្នេះការប្រើប្រាស់បំណុលដែលត្រឹមត្រូវគឺជាហេតុផលចម្បងដែលធ្វើឲ្យសេដ្ឋកិច្ចក្រុមគ្រួសារ មានភាពរីកចម្រើន។