ឆ្នាំ២០២០ជិតចូលមកដល់ឆាប់ៗខាងមុខនេះហើយ! វាជាពេលវេលាមួយដ៏ល្មួយអសម្រាប់ការទិញកាដូជូនគ្នាដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ឬក៏ទិញកាដូសម្រាប់ខ្លួនឯងដើម្បីជាការលើកទឹកចិត្ត និងរំឮកថា ចាប់ផ្តើមឆ្នាំថ្មីហើយ។
តាមពិតទៅ ការទិញកាដូជូនគ្នា ឬឱ្យខ្លួនឯងមិនមែនជារឿងថ្មីឡើយសម្រាប់ការឆ្លង។ វាជាទម្លាប់មួយទៅហើយសម្រាប់យុវជនសម័យថ្មី និងមនុស្សសម័យថ្មីនេះ។ អ្នកដែលមានធនធានច្រើន គេអាចនឹងទិញរបស់ថ្លៃៗ ឬប្លែកៗដើម្បីជាកាដូរ។ ប៉ុន្តែខ្ញុំគិតថា មានកាដូពិសេសមួយដែលមនុស្សមួយចំនួនមិនសូវបានគិតដល់សម្រាប់ជាកាដូឆ្នាំថ្មី។
ខ្ញុំគិតថា សៀវភៅគឺជាកាដូដ៏វិសេសសម្រាប់ទិញឱ្យទៅមនុស្សដែលយើងស្រឡាញ់ ឬសម្រាប់ខ្លួនឯងនាឱកាសឆ្នាំថ្មីខាងមុខនេះ។ ហេតុអ្វី? ព្រោះថា សៀវភៅនឹងដិតជាប់ឋិតឋេរជានិរន្ត ហើយថែមទាំងផ្តល់នូវគុណតម្លៃ ចំណេះដឹងថ្មីៗដល់មនុស្សជាទីស្រឡាញ់របស់អ្នកនិងខ្លួនអ្នកផ្ទាល់។ សៀវភៅអាចជម្រុញ និងលើកទឹកចិត្ត ធ្វើឱ្យយើងមានគំនិតល្អៗ បង្រៀននិងអប់រំ ផ្តល់ការកម្សាន្តអារម្មណ៍ បំភ្លឺជីវិត និងពង្រឹងការគិតរបស់យើងផងដែរ។ សៀវភៅគឺជាដូដែលមានតម្លៃទាប តែមានគុណតម្លៃខ្ពស់ឥតគិតថ្លៃបាន ហើយវាក៏អាចជាស្ពានផ្លាស់ប្តូរជីវិត និងអាជីពឱ្យកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ រាល់អ្នកជោគជ័យដែលពឹងលើសមត្ថភាពទាំងអស់ គ្មានអ្នកណាមួយដែលមិនឱ្យតម្លៃ ឬមិនអានសៀវភៅឡើយ។
យើងឃើញថា ទំនោរប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សកាន់តែច្រើនទៅៗឱ្យតម្លៃលើការអានសៀវភៅ ជាពិសេសអ្នកជំនួញ អ្នកដឹកនាំ និងអ្នកដែលបានដឹងពីគុណតម្លៃរបស់សៀវភៅ ហើយពួកគាត់តែងតែចំណាយលុយឥតស្តាយឡើយសម្រាប់ការទិញសៀវភៅនេះ។ តែនេះទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនទៀតមិនសូវចាប់អារម្មណ៍លើការពង្រឹងសមត្ថភាពខ្លួនឯងលើការអានសៀវភៅ ហើយវាក៏ជាកត្តាមួយដ៏សំខាន់សម្រាប់បែងចែកក្រុមអ្នកមានឱកាសជោគជ័យច្រើន និងអ្នកដែលរស់នៅតាមយថាកម្មផងដែរ ព្រោះថា ប្រសិនបើយើងធ្វើដូចគេដូចឯង យើងប្រាកដមានស្ថានភាពដូចអ្នកទាំងនោះផងដែរ។ ប៉ុន្តែ មនុស្សមួយក្រុមដែលឱ្យតម្លៃលើសៀវភៅ ហើយទិញសៀវភៅឱ្យអ្នកដែលខ្លួនស្រឡាញ់ ឬខ្លួនឯងផ្ទាល់ គាត់គឺជាអ្នកបង្ហាញផ្លូវ និងជួយជម្រុញឱ្យមនុស្សដែលគាត់ស្រឡាញ់មានភាពលេចធ្លោ និងដើរលឿនជាងអ្នកដទៃ ព្រមទាំងផ្តល់ឱកាសខ្លួនឯង ឬមនុស្សដែលគាត់ស្រឡាញ់មានភាគរយជោគជ័យខ្ពស់។
វាគឺជាពេលវេលាមួយសមរម្យដែលយើងគួរតែផ្លាស់ប្តូរ និងទិញសៀវភៅជាកាដូសម្រាប់បង្ហាញពីក្តីស្នេហ៍ឬក្តីស្រឡាញ់របស់យើងសម្រាប់មនុស្សដែលនៅជិតខ្លួន និងខ្លួនឯង។កុំភ្លេចឱ្យឱកាសខ្លួនឯងឈានឆ្ពោះទៅរកភាពជោគជ័យដោយការពង្រឹងសមត្ថភាព!
បច្ចុប្បន្នគឺជាសម័យកាលឌីជីថលដែលទាមទារឱ្យយើងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីអាចរស់បានសុខស្រួល និងដើរលឿនជាងគេបាន។ អាស្រ័យហេតុនេះ ការឱ្យកាដូជាសៀវភៅគឺជាជម្រើសដ៏ប្រសើរបំផុតដែលប្រៀបដូចជាយើងឱ្យគុណតម្លៃ ឱ្យចំណេះដឹង និងធ្វើជាពលរដ្ឋគំរូផងដែរ ព្រោះថា ប្រទេសកម្ពុជាត្រូវការអ្នកចេះដឹង ត្រូវការអ្នកឆ្លាតវៃ ត្រូវការអ្នកដើរតាមទាន់សម័យបច្ចេកវិទ្យាដើម្បីភាពរីកលូតលាស់លឿន និងដើម្បីភាពរីកចម្រើនជានិរន្ត។