ការចាប់ផ្ដើមអាជីវកម្ម សុទ្ធតែអាចកើតមានហានិភ័យ គ្រាន់តែអាជីវកម្មខ្លះមានហានិភ័យទាប និងអាជីវកម្មខ្លះមានហានិភ័យខ្ពស់។ ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មដែលមានកម្រិតហានិភ័យទាប អ្នកអាចអនុវត្តន៍ ក៏ដូចជាយកគំនិតដែលបកស្រាយនៅខាងក្រោម ដើម្បីគិតពិចារណាបន្ថែម។
1. ចាប់ផ្ដើមលើប្រភេទអាជីវកម្មដែលមានហានិភ័យទាប
ដើម្បីចាប់ផ្ដើមអាជីវកម្មដែលមានហានិភ័យទាប ហើយអាចពង្រីកសក្ដានុពលអាជីវកម្មនោះឱ្យមានភាពរីកចម្រើននាពេលអនាគត អ្នកអាចគិតពិចារណាក្នុងការចាប់ផ្ដើមលើប្រភេទអាជីវកម្មដូចជា៖
- ការប្រឹក្សាយោបល់៖ អ្នកអាចប្រើទេពកោសល្យ និងជំនាញដែលអ្នកមានស្រាប់ ដើម្បីជួយផ្ដល់សេវាកម្មលើផ្នែកប្រឹក្សាយោបល់ជូនទៅកាន់ក្រុមអតិថិជនដែលអ្នកបានកំណត់ ក្នុងគោលបំណងជួយពួកគេឱ្យកាន់តែឆាប់សម្រេចបាននូវគោលដៅ ក៏ដូចជាអ្នកអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ខ្លួនឯង។ ឧទាហរណ៍ អ្នកមានជំនាញផ្នែកធ្វើយុទ្ធសាស្រ្តទីផ្សារ ដូច្នេះអ្នកអាចធ្វើការប្រឹក្សាយោបល់ជូនម្ចាស់អាជីវកម្មខ្នាតតូច មធ្យម ដើម្បីប្រឹក្សាយោបល់លើយុទ្ធសាស្រ្តធ្វើទីផ្សារឱ្យមានភាពល្អ។
- ការបង្រៀន៖ ប្រសិនបើអ្នកមានជំនាញនិងសមត្ថភាពលើផ្នែកណាមួយដែលអ្នកអាចបង្រៀនបាន ដូច្នេះអ្នកអាចចាប់ផ្ដើមវាឡើងបាន មិនថាបង្រៀននៅក្នុងថ្នាក់ ឬតាមអនឡាញឡើយ។ ម្យ៉ាងវិញទៀត អ្នកក៏អាចមើលគំរូរបស់គ្រូបង្វឹកមួយចំនួនដែលពួកគេបើកវគ្គសិក្សា ហើយរកប្រាក់ចំណូលពីការបង្រៀននោះ។
- ផ្ដល់សេវាកម្មអាជីវកម្ម៖ ចំណុចនេះសំដៅលើការផ្ដល់សេវាកម្មផ្លូវច្បាប់ ដូចជារៀបចំឯកសារច្បាប់ របៀបចុះឈ្មោះបញ្ជីក្រុមហ៊ុន និងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្ម ហើយអ្នកមានចំណេះដឹងផ្នែកណាមួយដែលអាចផ្ដល់ជាសេវាកម្មជួយដល់ម្ចាស់អាជីវកម្ម ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែមានភាពស្របច្បាប់ មានប្រាក់ចំណូលខ្ពស់ និងអាចដំណើរការអាជីវកម្មបានយូរអង្វែង។
- ទិញ Franchise៖ អ្នកអាចជ្រើសរើសប្រភេទអាជីវកម្មលក់ Franchise ណាដែលអាចទុកចិត្តបាន ជាប្រភេទអាជីវកម្មដែលមានការគ្រប់គ្រងល្អ មានភាពរឹងមាំ និងជួយអ្នកបន្ថែមក្នុងការបើកដំណើរការអាជីវកម្ម ក្រោយពីបានទិញ Franchise ពីកន្លែងណាមួយ។ ការទិញ Franchise គឺមិនសូវចំណាយដើមទុនច្រើន ដូចដែលបើកដំណើរការអាជីវកម្មដោយខ្លួនឯងឡើយ ជាពិសេសអាជីវកម្មនោះមាននៅលើទីផ្សារស្រាប់ ដូច្នេះអ្នកមិនហត់ក្នុងការធ្វើទីផ្សារច្រើនឡើយ។
2. ចាប់ផ្ដើមដោយមានផែនការអាជីវកម្មច្បាស់លាស់
ផែនការអាជីវកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះវាប្រៀបដូចជាក្បួនមួយដែលដឹកនាំអ្នកឱ្យដំណើរអាជីវកម្មបានល្អ ដោយអាចមើលឃើញពីហានិភ័យ មានការត្រៀមខ្លួនទុកជាមុន ដឹងថាអ្នកត្រូវធ្វើអ្វី ខ្វះខាតអ្វី និងមិនធ្វើសកម្មភាពណាដែលចាកឆ្ងាយពីទស្សនវិស័យ បេសកកម្មរបស់ក្រុមហ៊ុន។ ប៉ុន្តែប្រសិនបើអ្នកមិនមានផែនការអាជីវកម្ម នោះនៅពេលចាប់ផ្ដើម អ្នកនឹងពិបាក ដោយមិនដឹងចាប់ផ្ដើមពីចំណុចណា ហើយបញ្ចប់នៅត្រង់ចំណុចណាឡើយ។
3. យល់អំពីបរិបទនៃការធ្វើអាជីវកម្ម
នៅពេលដែលអ្នកបានប្រឡូកក៏ដូចជាបានស្គាល់អំពីបរិបទនៃការធ្វើអាជីវកម្ម ធ្វើឱ្យអ្នកដឹងថា ធ្វើអាជីវកម្មបែបណាទើបល្អ ឬមិនល្អ។ ដូច្នេះទាមទារឱ្យអ្នកបានស្គាល់អំពីបរិបទក្នុងការធ្វើអាជីវកម្មលើវិស័យដែលអ្នកកំពុងចាប់ផ្ដើម។ ហើយនៅក្នុងចំណុចនេះ គឺចង់ឱ្យអ្នកប្រឡូក ក៏ដូចជាធ្វើឱ្យខ្លួនឯងមានបទពិសោធន៍ និងចំណេះជំនាញក្នុងការធ្វើអាជីវកម្មឱ្យបានច្រើន។ ធ្វើបែបនេះ ទើបនៅពេលចាប់ផ្ដើមអាជីវកម្មខ្លួនឯង អ្នកមិនសូវរងនូវហានិភ័យខ្ពស់។