ប្រសិនបើខ្ញុំសំណួរនេះទៅកាន់ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារ មានមនុស្សមិនតិចទេដែលនឹងឆ្លើយថា អ្នកណាក៏អាចក្លាយជាអតិថិជនរបស់ពួកគាត់ដែរ។ ចម្លើយនេះមិនមែនខុសទាំងស្រុងនោះទេ ប៉ុន្តែភាពពិតជាក់ស្តែងនៅក្នុងពិភពអាជីវកម្ម គឺមិនអាចទៅរួចនោះទេដែលគ្រប់ៗគ្នាសុទ្ធជាអតិថិជននោះ ព្រោះថា យើងមិនអាចចាប់យកចំណែកទីផ្សារបានគ្រប់ស្រទាប់វណ្ណៈ គ្រប់ប្រភេទក្រុមមនុស្សនោះទេ គឺមានករណីតិចតួចបំផុត។
ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃ គឺជាអ្នកដែលចេះស្វែងយល់ និងកំណត់ក្រុមអតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវដើម្បីចំណេញពេលវេលា ចំណេញកម្លាំង និងប្រាក់កាសសម្រាប់ការផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្ម។ ហើយបច្ចុប្បន្នពួកគេបានចាប់ផ្តើមដឹងថា ការចំណាយលុយទៅលើការផ្សព្វលើទំព័រកាសែត ទស្សនាវដ្តី ឬទូរទស្សន៍គឺជាការចំណាយដែលមានតម្លៃថ្លៃ និងមិនមានប្រសិទ្ធផលខ្ពស់បើប្រៀបធៀបនឹងការចំណាយនៅលើFacebook។ ហេតុដូចនេះហើយ បច្ចុប្បន្ន យើងឃើញមានការប្រែប្រួលយ៉ាងខ្លាំងទៅលើការធ្វើយុទ្ធសាស្ត្រទីផ្សារ ដោយម្ចាស់អាជីវកម្ម និងអ្នកទីផ្សារកាន់តែច្រើនឡើងងាកមកផ្តោតទៅលើការផ្សព្វផ្សាយនៅលើបណ្តាញសង្គមយក្សFacebookមួយនេះ។
ប៉ុន្តែ មានម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារមួយចំនួន ជាពិសេសអ្នកចំណូលថ្មី បានយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះទៅលើការកំណត់គោលដៅអតិថិជនទិញ និងអ្នកប្រើប្រាស់របស់ខ្លួន។ ភាគច្រើននៅពេលដែលពួកគាត់ធ្វើការចំណាយលុយផ្សព្វផ្សាយ គាត់មិនបានចាប់អារម្មណ៍ទៅលើការសម្រួចការកំណត់របស់ក្រុមអតិថិជននោះទេ ហើយភាគច្រើនគឺគ្រាន់តែចុច Button Boost តែប៉ុណ្ណោះ។ ហើយខ្លះទៀតថែមទាំងមិនបានរៀបចំយុទ្ធសាស្ត្រការផ្សព្វផ្សាយ ឬក៏មាតិការ ឱ្យស៊ីទៅនឹងអតិថិជនដែលជាអ្នកទិញ ឬអ្នកប្រើប្រាស់របស់ពួកគាត់ឡើយ។ មិនតែប៉ុណ្ណោះ មានម្ចាស់អាជីវកម្មជាច្រើនបានចំណាយលុយទិញ Page ឬLike ដោយមិនបានត្រួតពិនិត្យថាតើអ្នកដែល Like Page ទាំងនោះគឺជាអតិថិជនគោលដៅរបស់គាត់ ឬគ្រាន់តែមនុស្សយន្ត ឬក៏ក្រុមមនុស្សផ្សេងដែលមិនមែនជាអតិថជនសក្តានុពលរបស់គាត់។ បើចំនួនអ្នកLike សុទ្ធតែមិនមែនជាអតិថិជនគោលដៅទេនោះ ចំនួនទាំងនោះគ្រាន់តែតួរលេខតាំងលម្អរប៉ុណ្ណោះ ដែលមិនអាចបង្កើតបានជាការទិញលក់នោះទេ។
ដូចនេះ ថ្ងៃនេះខ្ញុំសូមធ្វើការសង្ខេបអំពីការកំណត់គោលដៅអតិថិជន ដើម្បីអាចឱ្យម្ចស់អាជីវកម្ម និងអ្នកទីផ្សារអាចយកទៅពិចារណាដើម្បីកំណត់គោលដៅរបស់អតិថិជនឱ្យបានត្រឹមត្រូវ ជាពិសេសអតិថិជនដែលមានសក្តានុពលខ្ពស់បំផុត។
តើធ្វើយ៉ាងម៉េច?
ក្រៅពីកំណត់យកអតិថិជនគោលដៅដែលអ្នកចង់បានកាលពីបើដំណើរការអាជីវកម្មដំបូង (ប្រសិនបើអ្នកធ្លាប់មានកំណត់) ជំហានដែលល្អមួយទៀតគឺការពិនិត្យឡើងវិញ និងវិភាគពីទិន្នន័យអតិថិជនបច្ចុប្បន្ន។
សាកគិតទៅមើល ក្នុងចំណោមអតិថិជនទាំងអស់ តើក្រុមអតិថិជនមួយណាដែលតែងតែមកម្តងហើយម្តងទៀត?តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដទៃពីអាជីវកម្មរបស់អ្នក?តើវាល្អឬទេ ដែលយើងចាប់ផ្តើមរៀបយុទ្ធសាស្ត្រដើម្បីទាក់ទាញក្រុមអតិថិជនទាំងនេះឱ្យកាន់តែច្រើន?
ប្រាកដណាស់គឺល្អ! ព្រោះក្រុមអតិថិជនទាំងនេះបានស្ម័គ្រចិត្តហូតលុយពីហោប៉ៅរបស់ខ្លួនដើម្បីទ្រទ្រង់អាជីវកម្មរបស់អ្នកឱ្យរីកចម្រើន។ ដូចនេះ យើងអាចធ្វើការសិក្សាពីបុគ្គលិកលក្ខណៈរបស់អតិថិជនទាំងនេះ ដើម្បីរៀបចំកំណត់គោលដៅអតិថិជនដោយយោងទៅតាមព័ត៌មានដែលយើងមានមកធ្វើការផ្សព្វផ្សាយ និងរៀបចំមាតិការឱ្យស៊ីទៅនឹងអតិថិជនគោលដៅ។
ចំណុចមួយចំនួនដែលអ្នកត្រូវពិចារណាសម្រាប់អតិថិជនគោលដៅរបស់អ្នក៖
- អាយុ : សារៈសំខាន់នៃអាយុអាស្រ័យទៅលើសេវាកម្ម ឬផលិតផលរបស់អ្នក។ ឧទាហរណ៍ថាអ្នកចង់ផ្សព្វផ្សាយពីសាលាក្មេងៗ អ្នកប្រាកដណាស់ត្រូវផ្សព្វផ្សាយទៅដល់ឪពុកម្តាយរបស់ក្មេងៗទាំងនោះ ដោយអ្នកអាចកំណត់អាយុបានយ៉ាងស្រួល ថាតើឪពុកម្តាយអាយុពីប៉ុន្មានទៅប៉ុន្មានដែលអាចមានកូនៗតូចៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការផ្សព្វផ្សាយពីហាងស៊ុប ប្រហែលជាអាយុមិនមានសារៈសំខាន់ប៉ុន្មាននោះទេ។ ប៉ុន្តែត្រូវចាំថា យើងគួរតែធ្វើការកំណត់គោលដៅជាលក្ខណៈក្រុមអាយុ (ឧទាហរណ៍ចន្លោះពីណា ទៅណា) ជាជាងការកំណត់អាយុជាក់លាក់។
- ភេទ: ធម្មតាផលិតផលមួយចំនួនគឺសាកសមជាមួយនឹងតែមនុស្ស ឬមនុស្សស្រី ដូចនេះ នៅពេលការធ្វើការផ្សព្វផ្សាយ យើងត្រូវកំណត់ភេទផងដែរដើម្បីឱ្យការផ្សព្វផ្សាយចំគោលដៅល្អ។ ឧទាហរណ៍ការលក់ផលិតផលថែរស្បែករបស់ស្ត្រី ដូចនេះអតិថិជនចម្បងគឺជានារី។ ប៉ុន្តែត្រូវចងចាំក្នុងចិត្តផងដែរ ថានរណាជាអ្នកទិញ និងនរណាជាអ្នកប្រើប្រាស់ ព្រោះពេលខ្លះ ផលិតផលមួយចំនួនគឺប្តីជាអ្នកទិញឱ្យប្រពន្ធ ឬបុរសទិញជូនសង្សារ ឬគូរកំណាន់ ដែលទាំងនេះសុទ្ធសឹងតែជាកត្តាសម្រាប់ដាក់ក្នុងការកំណត់គោលដៅ។
- ទីតាំង ឬតំបន់: តើទីតាំង ឬតំបន់គឺជាកត្តាសំខាន់ដែរឬទេ?វាអាស្រ័យទៅលើអាជីវកម្មរបស់អ្នក ឧទាហរណ៍ហាងលក់ថ្នាំពេទ្យ អតិថិជនភាគច្រើនគឺជាអ្នកដែលរស់នៅម្តុំៗហាងនោះតែប៉ុណ្ណោះ ដូចនេះយើងអាចកំណត់ការផ្សព្វផ្សាយនៅក្នុងតំបន់គឺជាការប្រសើរបំផុតដើម្បីកាត់បន្ថយការចំណាយ និងបង្កើនចំណូល។ ប៉ុន្តែប្រសិនបើយើងជាអ្នកលក់អនឡាញ ទីតាំង ឬតំបន់មិនមែនជាកត្តាដែលសំខាន់នោះទេ។
- ចំណាប់អារម្មណ៍: ដឹងពីចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តអតិថិជនក៏ជាកត្តាអាចឱ្យយើងផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅបានល្អផងដែរ។ ឧទាហរណ៍ ប្រសិនបើយើងលក់សម្លៀកបំពាក់កីឡា យើងអាចធ្វើការកំណត់ការផ្សព្វផ្សាយទៅដល់អ្នកដែលចូលចិត្តកីឡាបាន ព្រោះថា ការផ្សព្វផ្សាយផលិតផលដែលត្រូវនឹងចំណង់ចំណូលចិត្ត គឺអាចជម្រុញឱ្យការលក់បានច្រើនជាងមុន។
- តួរនាទី ឬតំណែង: វាក៏មានសារៈសំខាន់ទៅតាមប្រភេទសេវាកម្ម ឬផលិតផលផងដែរ ឧទាហរណ៍យើងលក់សំលៀកបំពាក់ធ្វើការថ្លៃៗ ការកំណត់អតិថិជនគោលដៅប្រាកដជាក្រុមអតិថិជនណាដែលអាចមានភាគរយខ្ពស់ដែលមានលទ្ធភាព និងតម្រូវការ ដូចជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង ។ល។
នៅពេលដែលអ្នកបានកំណត់រួចហើយ អ្នកអាចធ្វើការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យត្រូវនឹងគោលដៅ អតិថិជនរបស់អ្នក ហើយជាពិសេសនៅពេលដែលអ្នកចំណាយលុយផ្សព្វផ្សាយនៅលើFacebook អ្នកគួរជ្រើសរើស ក្រុមអតិថិជនទាំងនោះដើម្បីបង្កើនប្រសិទ្ធផល និងការលក់។