ការចាប់ផ្ដើមអាជីវកម្ម ជាបំណងប្រាថ្នាធំបំផុតសម្រាប់យុវជនសម័យនេះ ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺថា តើពេលវេលាបែបណា ទើបសក្តិសមនិងត្រឹមត្រូវបំផុតដើម្បីចាប់ផ្ដើមអាជីវកម្ម?
បើយោងតាមគេហទំព័រ Forbes បានពន្យល់ប្រាប់ថា គ្មានពេលវេលាដែលសក្តិសមឬត្រឹមត្រូវបំផុតសម្រាប់អ្នកក្នុងការចាប់ផ្ដើមអាជីវកម្មនោះទេ ហើយក៏គ្មាននរណាម្នាក់អាចមកនិយាយប្រាប់ថា ថ្ងៃនេះ ឬពេលណាមួយដែលល្អសម្រាប់អ្នកបានឡើយ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន គឺអ្នកត្រូវបង្កើតពេលវេលាដ៏ល្អបំផុតសម្រាប់អ្នកខ្លួនឯងក្នុងការចាប់ផ្ដើមអាជីវកម្ម ពីព្រោះមានតែអ្នកប៉ុណ្ណោះដែលយល់ពីខ្លួនឯង និងអាចបង្កើតវាឡើងបាន។
លើសពីនេះ ប្រសិនបើអ្នកកំពុងរងចាំពេលវេលាដ៏ល្អក្នុងការចាប់ផ្ដើម នោះប្រហែលជាអ្នកនឹងត្រូវរងចាំជារៀងរហូត។ ប៉ុន្តែ តើត្រូវធ្វើដូចម្ដេច ដើម្បីធ្វើឱ្យសុបិននៃការចង់ចាប់ផ្ដើមអាជីវកម្មរបស់អ្នកក្លាយជាការពិតបាន? ខាងក្រោមនេះ ជាជំហានដែលអ្នកអាចយកអនុវត្តន៍បាន។
1. ប្រើការមានមោទនភាព ជាថាមពលនៃការចាប់ផ្ដើម
ត្រង់ចំណុចនេះ អ្នកសាកគិតស្រមៃពីរឿងអតីតកាលដែលអ្នកបានធ្វើអ្វីបានសម្រេចជោគជ័យ ហើយអ្នកបានចងចាំទេថា នៅពេលនោះអ្នកមានអារម្មណ៍អស្ចារ្យប៉ុណ្ណានៅពេលអ្នកធ្វើបានជោគជ័យ? អ្នកប្រហែលជា មានការមោទនភាពលើខ្លួនឯង និងមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងបំផុត ព្រមទាំងមើលឃើញពីគុណតម្លៃផ្ទាល់ខ្លួនដ៏អស្ចារ្យ។
ដូច្នេះអ្នកអាចសាកល្បងនូវវិធីមួយនេះ ដើម្បីសម្រេចក្ដីសុបិននាពេលបច្ចុប្បន្ន មានន័យថា អ្នកត្រូវសរសេរថា
- តើជីវិតក្នុងក្តីសុបិន្តរបស់អ្នកនឹងទៅជាយ៉ាងណាក្នុងរយៈពេល 5 ឆ្នាំដោយគ្មានដែនកំណត់ឬគិតអំពីរបៀបដែលអ្នកនឹងទៅដល់ទីនោះ?
- តើអ្នកកំពុងរកស៊ីអ្វី?
- តើក្រុមរបស់អ្នកមើលទៅដូចអ្វី?
- តើអ្នកចំណាយពេលទំនេររបស់អ្នកយ៉ាងដូចម្តេច?
- តើមនុស្សនិយាយអ្វីខ្លះអំពីក្រុមហ៊ុនរបស់អ្នកនិងអំពីអ្នក?
- តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ពីមួយថ្ងៃទៅមួយថ្ងៃ?
ឥឡូវនេះ ចូរមើលអ្វីដែលអ្នកបានសរសេរខាងលើ ហើយស្រមៃថាវាជាការពិតទាំងអស់ នោះអ្នកនឹងមានអារម្មណ៍ថាមោទនភាព នៅពេលដែលអ្នកបាបង្កើតនូវអ្វីដែលជារបស់អ្នក និងជាអ្វីដែលអ្នកចង់បាន និងចង់ឃើញបំផុតនាពេលអនាគត។ នេះគឺជារូបភាពដែលអ្នកអាចសម្លឹងឃើញ ហើយវាជាផែនទីបង្ហាញផ្លូវរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ។ ឥឡូវនេះ អ្នកមានគោលដៅហើយ ដូច្នេះអ្នកគឺកំពុងស្ថិតនៅក្នុងទីតាំងមួយដ៏ល្អប្រសើរជាងមុនដើម្បីចាប់ផ្តើមធ្វើសកម្មភាពឆ្ពោះទៅរកវា។
2. ត្រៀមចិត្តដើម្បីបរាជ័យ
មនុស្សភាគច្រើន តែងតែគិតថាឧបសគ្គធំបំផុតចំពោះភាពជាសហគ្រិន គឺពេលវេលាឬលុយកាក់ប៉ុន្តែជារឿយៗមូលហេតុពិតប្រាកដនោះគឺ មនុស្សមិនចាប់ផ្តើមអាជីវកម្មដោយសារតែពួកគេខ្លាចបរាជ័យ។ ការភ័យខ្លាចនៃការបរាជ័យ អាចធ្វើឱ្យអ្នកទន់ខ្សោយនៅពេលចាប់ផ្ដើមដំបូង ប៉ុន្តែវាមិនមានន័យថា អ្នកខ្សោយ គ្មានសមត្ថភាព ឬគ្មានតម្លៃនោះទេ។ ប្រសិនបើអ្នកអាចផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក នោះអ្នកនឹងរកឃើញថា បរាជ័យគឺជាឧបករណ៍មួយដ៏មានឥទ្ធិពលសម្រាប់ភាពរីកចម្រើន។
ជំនួសឱ្យការភ័យខ្លាច អ្នកត្រូវតែមានឆន្ទៈចង់បរាជ័យ ហើយជឿជាក់លើអ្វីដែលអ្នកកំពុងចាប់ផ្ដើមធ្វើ ថានឹងទទួលបានលទ្ធផលល្អតាមការកំណត់ផែនការរបស់អ្នក។ ចូរចងចាំថា គ្មានសហគ្រិនជោគជ័យណាម្នាក់ ដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យឡើយ ប៉ុន្តែអ្វីដែលសំខាន់ បើបរាជ័យត្រូវតែរៀនពីកំហុសរបស់អ្នក បន្ទាប់មកបម្លែងបញ្ហាទៅជាឱកាសដើម្បីធ្វើឱ្យមានភាពប្រសើរឡើង។
3. ផ្តល់អាទិភាពដល់ចក្ខុវិស័យរបស់អ្នក
អ្នកត្រូវតែកំណត់ចក្ខុវិស័យផ្ទាល់ខ្លួន ថាអ្នកចង់ឃើញខ្លួនឯងបែបណានាពេលអនាគត ពីព្រោះមានតែអ្នកទេ ដែលមានអំណាចខ្លាំងបំផុតក្នុងការសម្រេចចិត្តបង្កើតរឿងជោគជ័យផ្ទាល់ខ្លួនរបស់អ្នកហើយត្រូវការមនុស្សប្រភេទជាក់លាក់ដើម្បីចូលរួមក្នុងការសម្រេចបេសកកម្មរបស់អ្នក។
អ្វីដែលកាន់តែសំខាន់ នោះគឺត្រូវដឹងថាអ្នកគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់អ្នកដោយធ្វើការឆ្ពោះទៅរករូបភាពអនាគតដែលអ្នកចង់ធ្វើឱ្យមានកើតឡើងជាក់ស្ដែង ឬរូបភាពជីវិតដែលអ្នកបានបង្កើត។