spot_img
spot_img
Homeទូទៅតើម្ចាស់អាជីវកម្មគួររក្សាបុគ្គលិកឆ្នើមបែបណា?

តើម្ចាស់អាជីវកម្មគួររក្សាបុគ្គលិកឆ្នើមបែបណា?

-

ក្នុងនាមជាម្ចាស់អាជីវកម្ម តែងតែចង់រក្សាបុគ្គលិកឆ្នើមឱ្យបានច្រើនឱ្យនៅធ្វើការនៅក្នុងក្រុមហ៊ុន ព្រោះពួកគេអាចជួយជំរុញប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ទោះជាបែបនេះក៏ដោយ ក៏ការរក្សាបុគ្គលិកឆ្នើមឱ្យនៅធ្វើការជាមួយយើងបានយូរអង្វែង វាមិនមែនជារឿងដែលងាយស្រួលនោះទេ ដូច្នេះតើត្រូវធ្វើបែបណា ដើម្បីអាចរក្សាបុគ្គលិកឆ្នើមបាន?

ខាងក្រោមនេះ ជាយុទ្ធសាស្រ្ត​មួយចំនួន ដែលម្ចាស់អាជីវកម្មគ្រប់រូបអាចសាកល្បងអនុវត្តន៍បាន៖

1. ទំនួលខុសត្រូវ

បង្ហាញបុគ្គលិករបស់អ្នកឱ្យបានដឹងថា អ្នកជឿជាក់លើពួកគេដោយផ្តល់ឱ្យពួកគេនូវទំនួលខុសត្រូវដែលអនុញ្ញាតឱ្យពួកគេរីកចម្រើននិងជាការងារមួយដែលមានសារៈសំខាន់ខ្លាំងក្នុងក្រុមហ៊ុន។ ធ្វើបែបនេះ ក្នុងគោលបំណងឱ្យពួកគេបានដឹងថា ពួកគេមានតម្លៃខ្លាំងសម្រាប់ក្រុមហ៊ុន ហើយពួកគេក៏មានឱកាសរីកចម្រើនកាន់តែខ្លាំងដែលធ្វើការងារនោះ។

បន្ថែមពីនេះ អ្នកក៏ត្រូវជំរុញ ​និងលើកទឹកចិត្តពួកគេឱ្យទទួលបានជំនាញថ្មីៗ និងផ្តល់ឱកាសសិក្សាបន្តផ្សេងៗទៀត ព្រមទាំងអនុញ្ញាត​ឱ្យពួកគេសាកល្បងនូវអ្វីដែលពួកគេគិតថាល្អ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតថ្មីដែលពោរពេញដោយភាពច្នៃប្រឌិតដែលពួកគេមាន។

ម្ចាស់អាជីវកម្ម ត្រូវចងចាំថា បុគ្គលិកឆ្នើម តែងតែជាបុគ្គលិកចូលចិត្តធ្វើអ្វីថ្មី និងហ៊ានសាកល្បងនូវអ្វីដែលពួកគេគិតថាល្អ ព្រមទាំងពួកគេចូលចិត្តបន្តការរៀនសូត្រជានិច្ច ពីព្រោះពួកគេចង់ធ្វើឱ្យសមត្ថភាពរបស់ពួកគេមានការរីកចម្រើនរហូត និងតែងតែចង់ចេះចង់ដឹងនូវរឿងអ្វីដែលថ្មី ដូច្នេះក្នុងនាមជាម្ចាស់ក្រុមហ៊ុន ត្រូវតែរៀនផ្ដល់ឱកាសសម្រាប់ពួកគេក្នុងការបញ្ចេញនូវសមត្ថភាព។

2. ផ្ដល់ការគោរពនិងឱ្យតម្លៃ

គ្រប់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកឆ្នើម តែងតែចង់ដឹងថាពួកគេត្រូវបានគេគោរព ឱ្យតម្លៃ និងកោតសរសើរកម្រិតណា។ ដូចពាក្យថា មនុស្សអាចភ្លេចរឿងដែលអ្នកបាននិយាយ ប៉ុន្តែពួកគេនឹងចងចាំជានិច្ចនូវរបៀបដែលអ្នកធ្វើឱ្យពួកគេមានអារម្មណ៍ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ ត្រូវតែធ្វើឱ្យបុគ្គលិកឆ្នើមដែលអ្នកចង់រក្សានោះ មានអារម្មណ៍កក់ក្ដៅ មានអារម្មណ៍ថាខ្លួនឯងមានតម្លៃខ្លាំង និងមានអារម្មណ៍ថាពួកគេមានការគោរពនិងកោតសរសើរពួកថ្នាក់ដឹកនាំជាច្រើន។

3. ចែករំលែកប្រាក់ចំណូល

ប្រសិនបើបុគ្គលិកឆ្នើមនោះ បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុន នោះក្នុងនាមជាម្ចាស់អាជីវកម្ម អាចគិតពិចារណាក្នុងការចែករំលែកប្រាក់ចំណូលដែលទទួលបាននោះ កាត់ឱ្យពួកគេមួយចំនួនតាមការកំណត់របស់អ្នក។ ធ្វើបែបនេះ ពួកគេកាន់តែចង់បន្តធ្វើសកម្មភាពឱ្យកាន់តែល្អ និងរីកចម្រើនជាងមុនដើម្បីបង្កើតប្រាក់ចំណូលដល់ក្រុមហ៊ុន ហើយពួកគេក៏បានទទួលប្រាក់ចំណេញមួយចំនួនតូចដែលអ្នកបានផ្ដល់ជូនពួកគេ។

4. ផ្ដល់ប្រាក់រង្វាន់

ក្នុងចំណុចនេះ ម្ចាស់អាជីវកម្មក៏ត្រូវរៀបចំនូវប្រាក់រង្វាន់ លិខិតសរសើរ និងអាចអញ្ចើញអាហារថ្ងៃត្រង់ ឬផ្សេងៗទៀត ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានភាពលេចធ្លោរជាងគេ ដើម្បីធ្វើឱ្យពួកគេកាន់តែមានមោទនភាពចំពោះខ្លួនឯងកាន់តែខ្លាំង។

5. ពេលវេលាសម្រាក

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានការរៀបចំនូវថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិក ទាំងថ្ងៃបុណ្យជាតិធំៗ ថ្ងៃដែលបុគ្គលិកមានការឈឺ និងអាចផ្ដល់ជាពេលវេលាពិសេសដើម្បីដឹកនាំបុគ្គលិកក្នុងការដើរលេងកម្សាន្ត។ ធ្វើបែបនេះ ធ្វើឱ្យបុគ្គលិកមានអារម្មណ៍ខ្លួនឯងមិនសូវមានសម្ពាធខ្លាំង និងមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ