យុទ្ធសាស្ត្រទីផ្សារ 5Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយជាពិសេសសម្រាប់អាជីវកម្មដែលទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះអ្នកនឹងអាចស្គល់កាន់តែច្បាស់អំពីអាជីវកម្មរបស់អ្នកនិងអតិថិជនគោលដៅរបស់អ្នក។ លើសពីនេះទៅទៀតវាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការនិងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។
តើយុទ្ធសាស្ត្រទីផ្សារ 5Ps មានអ្វីខ្លះ?
១ . Product (ផលិតផល)
ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវតែដឹងឲ្យបានច្បាស់អំពី ព័ត៌មានលម្អិតផ្សេងៗដែលទាក់ទងទៅនឹងផលិតផលឬសេវាកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ត្រូវតែដឹងផងដែរថាតើផលិតផលរបស់អ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះរបស់អតិថិជនហើយដោះស្រាយដោយរបៀបណាដែរ? ពីព្រោះថានៅពេលដែលអតិថិជនមករកអ្នកអ្វីដែលពួកគេរំពឹងចង់បាននោះគឺជាផលិតផលឬសេវាកម្មដែលអាចដោះស្រាយនូវបញ្ហារបស់ពួកគេបាន។ វាដូចជាប្រៀបដូចជាអ្នកជំងឺនិងគ្រូពេទ្យដែរ លុះត្រាដែលពួកគេឈឺទើបពួកគេទៅរកគ្រូពេទ្យ។ មិនមែនសុខៗទៅរកគ្រូពេទ្យនោះទេ។ ដូច្នេះម្ចាស់អាជីវកម្មគឺប្រៀបដូចជាគ្រូពេទ្យអញ្ជឹងអ្នកត្រូវតែដឹងឲ្យបានច្បាស់ថាអ្វីជាបញ្ហានិងតម្រូវការដ៏ពិតប្រាកដរបស់ពួកគេហើយបង្ហាញទៅកាន់អតិថិជនថាអ្នកពិតជាអាចដោះស្រាយបញ្ហារបស់ពួកគេបានមែន។
២ .Price ( តម្លៃ )
តើផលិតផលរបស់អ្នកមានតម្លៃប៉ុន្មាន? នេះគឺជាសំណួរមួយដែលអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ពីព្រោះថាគោលបំណងដ៏ធំបំផុតនៅក្នុងការធ្វើអាជីវកម្មគឺធ្វើយ៉ាងណាឲ្យមានផលចំនេញ ។ ហេតុដូច្នេះហើយអ្នកត្រូវតែមានភាពច្បាស់លាស់ជាមួយនឹងតម្លៃបើមិនដូច្នេះទេអាជីវកម្មរបស់អ្នកអាចប្រឈមមុខនឹងការខាតបង់ជាក់ជាមិនខានទ្បើយ។ កត្តាមួយចំនួនដែលអ្នកត្រូវតែពិចារណានៅពេលកំណត់តម្លៃនៃផលិតផលដែលត្រូវលក់ចេញនោះគឺ ការចំណាយទៅលើថ្លៃដើមនៃផលិតផល មធ្យោបាយដឹកជញ្ជូន ការចំណាយទៅលើបុគ្គលិកហើយមួយផ្នែកតូចទៀតទៅលើការចំណាយនៅពេលដែលអ្នកធ្វើប្រម៉ូសិន ការបញ្ចុះតម្លៃ ជាដើមគឺអ្នកត្រូវគិតទាំងអស់។ អ្នកត្រូវកំណត់ឲ្យបានច្បាស់លាស់នូវតម្លៃនៃផលិតផលរបស់អ្នកដែលធ្វើយ៉ាងណាឲ្យសមាមាត្រនឹងការចំណាយទាំងអស់ហើយក៏ទទួលបាននូវផលចំនេញផងដែរ ។ បន្ថែមពីនេះអ្នកក៏ត្រូវតែ ប្រាកដថាតម្លៃនៃផលិតផលនោះត្រូវទៅតាមតម្លៃទីផ្សារផងដែរ។ អ្នកគួរតែធ្វើការសិក្សាអំពីទីផ្សារដើម្បីដឹងឲ្យបានកាន់តែច្បាស់ថាតើដៃគូរប្រគួតប្រជែងរបស់អ្នកលក់ផលិតផលទាំងនោះនៅក្នុងតម្លៃដូចម្តេច ហើយអ្នកគួរតែកំណត់តម្លៃនៃផលិតផលនោះត្រូវទៅតាមតម្លៃទីផ្សារផងដែរ។ ការកំណត់តម្លៃនៃផលិតផលឲ្យបានត្រឹមត្រូវគឺជារឿងមួយដែលសំខាន់ពីព្រោះថាអតិថិជនអាចនឹងមិនទិញនូវផលិតផលរបស់អ្នកនោះទេប្រសិនបើផលិតផលរបស់អ្នកមានតម្លៃខ្ពស់ជាងដៃគូប្រគួតប្រជែងរបស់អ្នកពេក។
៣ .Place( ទីតាំង)
តើអតិថិជនអាចរកឃើញផលិតផលរបស់អ្នកនៅកន្លែងណា? តាមអនទ្បាញ ឬក៏នៅក្នុងហាងផ្ទាល់? អ្នកត្រូវតែប្រាកថាអតិថិជនអាចរកអ្នកឃើញបានយ៉ាងងាយស្រួលនិងរហ័សថែមទៀតផង។ នៅពេលដែលអ្នកជ្រើសរើសទីតាំងក្នុងការបើកអាជីវកម្មអ្នកគួរពិចារណាទៅលើកញ្ចប់ថវិកានិងប្រភេទនៃផលិតផលរបស់អ្នក ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវតែដឹងឲ្យបានច្បាស់ថាតើអតិថិជនគោលដៅរបស់អ្នកនៅតំបន់ណាហើយពួកគេមានតម្រូវការអ្វីខ្លះ។ជាក់ស្តែងប្រសិនបើអ្នកចង់បើកជាបណ្ណាគារឬក៏ហាងលក់សៀវភៅអ្នកគួរតែជ្រើសរើសទីតាំងណាដែលនៅជិតសាលារៀនឬក៏ទីប្រជុំជនដែលមានមនុស្សច្រើននិងមានតម្រូវការទាក់ទងនឹងផលិតផលរបស់អ្នក។
៤ .Promotion(ប្រម៉ូសិន)
Promotion(ប្រម៉ូសិន) គឺសំដៅទៅលើ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ វិទ្យុ ផ្ទាំងបដា ការធ្វើទីផ្សារឌីជីថល និងទិចនិកនៅក្នុងការលក់ផ្សេងៗដូចជាការបញ្ចុះតម្លៃជាដើម។ ការជ្រើសរើសនូវមធ្យោបាយក្នុងការទំនាក់ទំនងជាមួយអតិថិជនឲ្យបានត្រឹមត្រូវគឺជាកត្តាមួយដ៏សំខាន់ផងដែរ។ ប្រសិនបើអ្នកធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនដែលខុសពីគោលដៅរបស់អ្នកនោះលទ្ធផលដែលអ្នកទទួលបានក៏ខុសពីការរំពឹងទុកដែរហើយថែមទាំងខាតបង់ថវិកាទៀតផង។ ដោយទ្បែកចំពោះការធ្វើប្រម៉ូសិននិងបញ្ចុះតម្លៃវិញអ្នកគួរតែកំណត់ឲ្យបានជាក់លាក់ថាតើអ្នកចង់ធ្វើប៉ុន្មានដងក្នុងមួយឆ្នាំពីព្រោះថាការធ្វើប្រម៉ូសិនច្រើនដងពេកក៏អាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នកផងដែរ។ ហេតុនេះហើយអ្នកគួរតែគិតគូរឲ្យបានច្បាស់លាស់។
៥ People(បុគ្គលិក)
តើអាជីវកម្មរបស់អ្នកត្រូវការបុគ្គលិកដែរឬទេ? ហើយត្រូវការប៉ុន្មាននាក់?តើអ្នកចង់បានបុគ្គលិកដែលមានលក្ខណៈសម្បត្តិបែបណា?ទាំងនេះគឺជាសំនួរមួយចំនួនដែលអ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើការជ្រើសរើសឬជួលបុគ្គលិក ។ ការជ្រើសរើសបុគ្គលិកគឺកត្តាមួយអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់អ្នកផងដែរ។ ប្រសិនបើពួកគេបំពេញភារៈកិច្ចបានល្អហើយមានអតិថិជនច្រើនចូលចិត្តនោះអាជីវកម្មរបស់អ្នកប្រាកដជាអាចរីកចម្រើនទៅមុខយ៉ាងរលូនបាន។ ផ្ទុយទៅវិញ ប្រសិនបើគេធ្វើការងារមិនបានល្អទេនោះអាជីវកម្មរបស់អ្នកក៏នឹងអាចមានបញ្ហាដែរ។ លើសពីនេះទៅទៀតការចំណាយទៅលើបុគ្គលិកច្រើនហួសហេតុពេកក៏អាចមានផលប៉ះពាល់ដល់អាជីវកម្មរបស់អ្នកផងដែរ៕