នេះគឺជាសំនួរមួយដែលតែងតែត្រូវបានចោទសួរឡើងនៅក្នុងសង្គមរស់នៅរបស់យើងក្នុងពេលបច្ចុប្បន្ន ហើយវាក៏ជាសំនួរមួយដែលមានចម្លើយជាច្រើន។ ពេលខ្លះគេបានលើកឡើងថា មនុស្សម្នាក់ៗត្រូវការទឹកក្នុង១ថ្ងៃ៨កែវ ដែលនេះជាតម្រូវការចាំបាច់សម្រាប់មនុស្សភាគច្រើនក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ប៉ុន្តែ បរិមាណទឹកដែលអ្នកត្រូវទទួលទាន គឺវាមានការប្រែប្រួលទៅតាមកត្តាផ្សេងៗមួយចំនួនដូចជា ភេទ អាយុ កម្រិតសកម្មភាព និងបរិស្ថានជុំវិញខ្លួនអ្នក។
ភេទ: ជាទូទៅ សម្រាប់បុរសពេញវ័យត្រូវការទទួលទានទឹកប្រមាណ១៣កែវក្នុងមួយថ្ងៃ និង៩កែវសម្រាប់ស្ត្រីពេញវ័យ ដែលនេះគឺជាការនែនាំរបស់វេជ្ជបណ្ឌិតជំនាញ។ បរិមាណទឹកទាំងនេះ គឺត្រូវបានធ្វើការកំណត់ និងគណនាដោយផ្អែកទៅលើបរិមាណទឹកដែលត្រូវបានបាត់បង់ជាមធ្យមក្នុង១ថ្ងៃ និងបរិមាណទឹកដែលជាតម្រូការចាំបាច់ដើម្បីទ្រទ្រង់រាង្គកាយ។
សម្រាប់ស្ត្រីមានគ៌ភឬ កំពុងទទួលការព្យាបាល ពួកគេត្រូវការទឹកយ៉ាងតិច១០ ទៅ១៣កែវក្នុង១ថ្ងៃដើម្បីធ្វើការសងនូវការបាត់បងបរិមាណទឹកដែលផ្តល់ទៅអោយទារក។
អាយុ: សម្រាប់កុមារ ដោយសារតែសារពាង្គកាយរបស់គេមានការលូតលាស់ខ្ពស់ ពួកគេត្រូវការទទួលទានទឹកយ៉ាងច្រើន ដែលបរិមាណទឹកដែលពួកគេត្រូវការគឺផ្អែកទៅលើទម្ងន់ដែលគេមាន។ នៅពេលដែលមនុស្សកាន់តែមានវ័យចំណាស់ តម្រូវការបរិមាណទឹកគឺនឹងមានការធ្លាក់ចុះបន្តិចបន្តួច។ នៅពេលដែលអ្នកមានអាយុកាន់តែច្រើន សារពាង្គកាយរបស់អ្នកនឹងចុះអន់ថយ ដែលជាហេតុនាំអោយអ្នកមិនអាចដឹងបានថាអ្នកកំពុងតែខ្វះជាតិទឹក។ ដូចនេះអ្នកត្រូវតែធ្វើការប្រុងប្រយ័ត្ន និងថែរក្សារសុខភាពអោយបានល្អ ដោយធ្វើការទទួលទានទឹកអោយបានគ្រប់គ្រាន់ជាប្រចាំ។
កម្រិតសកម្មភាព: កម្រិតសកម្មភាពរបស់អ្នកគឺជាកត្តាដែលសំខាន់បំផុត ដែលអាចអោយអ្នកធ្វើការសម្រេចថាតើអ្នកគួរទទួលទានទឹកប៉ុន្មានក្នុងមួយថ្ងៃ។ នៅអ្នកពេលដែលអ្នកធ្វើលំហាត់ប្រាណ សារពាង្គកាយរបស់អ្នកនឹងបាត់បង់ជាតិទឹកកាន់តែច្រើនដូចជាការបញ្ចេញតាមរន្ធញើស ដែលជាកត្តានាំអោយអ្នកត្រូវការទទួលទានទឹកច្រើនជាងធម្មតា។ សម្រាប់ការធ្វើលំហាត់ប្រាណតិចជាង៣០នាទី អ្នកគួរតែទទួលទានទឹកបន្ថែម១ ឬ២កែវបន្ថែមជាចាំបាច់។ សម្រាប់ការធ្វើលំហាត់ប្រាណរយៈពេលយូរ ឬក៏ស្ថិតក្រោមអាកាសធាតុក្តៅ អ្នកគួរទទួលទានទឹកបន្ថែមអោយបានយ៉ាងតិច៣កែវក្នុងមួយថ្ងៃ ដើម្បីធ្វើការប៉ះប៉ូវនូវបរិមាណទឹកដែលបានបាត់បង់។
បរិស្ថាន: បរិស្ថានជុំវិញខ្លួនអ្នកក៏ជាកត្តាដែលជះឥទ្ធិពលដល់បរិមាណទឹកដែលអ្នកត្រូវការទទួលទានផងដែរ។ សម្រាប់អ្នកដែលស្ថិតក្នុងតំបន់ដែលមានអាកាសធាតុក្តៅ ពួកគេត្រូវការទឹកច្រើនជាងធម្មតាដើម្បីបំពេញបរិមាណទឹកដែលបាត់បង់តាមរន្ធញើស។ សម្រាប់អ្នកដែលស្ថិតនៅក្នុងរយៈកំពស់ខ្ពស់ ពួកគេត្រូវទទួលទានទឹកអោយបានច្រើនផងដែរ ដោយសារតែកង្វះខាតបរិមាណអុកស៊ីសែននៅក្នុងបរិយាកាសក្នុងតំបន់នោះ ដែលជាហេតុនាំអោយគេមានដំណកដង្ហើមច្រើនដងជាងធម្មតា ហើយធ្វើអោយបរិមាណទឹកក្នុងសារពាង្គកាយបាត់បង់តាមដំណកដង្ហើមនេះ។
អការៈនៃការបាត់ជាតិទឹក: ទឹកមានសារៈសំខាន់ណាស់សម្រាប់មនុស្សសម្រាប់អោយសារពាង្គកាយមានដំណើរការបានល្អ។ វាជាភ្នាក់ងារលាងជម្រះសារធាតុពុលក្នុងរាង្គកាយ ហើយក៏ជាភ្នាក់ងារនាំសារធាតុចិញ្ចឹមសម្រាប់រាង្គកាយយើងផងដែរ។ នៅពេលដែលសារពាង្គកាយយើងមិនមានជាតិទឹកគ្រប់គ្រាន់ វានឹងធ្វើការផ្ញើសញ្ញាទៅអោយខួរក្បាលដែលនាំអោយមានអការៈដូចខាងក្រោម៖
- ឈឺក្បាល
-ស្រេកទឹក
– ស្ងួតមាត់
– សាច់ដុំចុះខ្សោយ
– អស់កម្លាំង
– វិលមុខ
ខណៈពេលដែលការស្រេកទឹកគឺជាសញ្ញាបញ្ចាក់ពីការតម្រូវការទឹក អ្នកមិនគួររង់ចាំរហូតដល់ពេលមានសញ្ញាបែបនេះទើបទទួលទានទឹកនោះទេ ដោយសារការស្រេកទឹកគឺជាអការៈដែលបញ្ចាក់ថាអ្នកកំពុងតែខ្វះជាតិទឹកទៅហើយ។ ទោះបីអការៈស្រេកទឹកអាចធ្វើការព្យាបាលដោយសារការទទួលទានទឹកដ៏ដោយ ការខ្វះជាតិទឹកកម្រិតខ្ពស់ អាចគម្រាមដល់ជិវិតមនុស្សគ្រប់រូបមិនថាក្មេង ឬចាស់នោះទេ។
ដកស្រង់ចេញពី៖ http://www.aquasanastore.com/