spot_img
spot_img
Homeហិរញ្ញវត្ថុតើយើងរៀនអ្វីបានខ្លះពីរឿងលុយពីSQUID GAME?

តើយើងរៀនអ្វីបានខ្លះពីរឿងលុយពីSQUID GAME?

-

កាលពីចុងឆ្នាំ២០២១ រឿងភាគរបស់កូរ៉េដែលដាក់បញ្ចាំងនៅលើNetflixបានអង្រួនពិភពលោករហូតមកដល់ពេលបច្ចុប្បនេះដោយសារតែល្បែងមរណៈនៅក្នុងសាច់រឿង។ វាជាខ្សែររឿងមួយដ៏ជក់ចិត្ត និងមានឈុតឆាកជាច្រើនដែលឆ្លុះបញ្ចាំងពីតថភាពសង្គម សារជាតិ និងចិត្តសាស្ត្ររបស់មនុស្ស។ សាច់រឿង​នេះ​បានក្លាយទៅជាផ្ទុះពាសពេញបណ្តាញសង្គម ហើយរហូតដល់អ្នកតាមដានរឿងបានយកហ្គេមដែលមាននៅក្នុងសាច់រឿងមកលេង ហើយក៏មានក្រុមហ៊ុនមិនតិចទេដែលបានបញ្ចូលហ្គេមទាំងនោះនៅក្នុងការធ្វើទីផ្សាររបស់ខ្លួន។

ក្រៅពីភាពជក់ចិត្ត រំជើបរំជួល និងអារម្មណ៍ផុងផុតដោយសារសាច់រឿងនោះ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាអាច​រៀនបានមេរៀនជាច្រើន ហើយក្នុងនោះខ្ញុំសូមលើកយករឿង២ពាក់ព័ន្ធនឹងរឿងលុយមកចែករំលែក។

១. ក្លាយជាអ្នកមានលឿនគឺជាអន្ទាក់

រឿងSQUID GAMEគឺជា​ឧទាហរណ៍ដ៏ល្អដែលឆ្លុះបញ្ចាំងពីសង្គមជាក់ស្តែងដែលយើងកំពុងតែរស់នៅនេះ ថាការអាចក្លាយជា​អ្នកមានលឿនដូចផ្លេកបន្ទរ គឺមិនមានទេនៅក្នុងលោកនេះ ហើយគ្មានផ្លូវកាត់ណាដែល​នាំ​យើងទៅរកភាពមានបានដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។ នៅក្នុងសាច់រឿង មានអ្នកចូលរួមលេងហ្គេមជាច្រើនបានស្ម័គ្រចិត្ត​ចូលរួមលេងហ្គេមនេះដោយសារតែរំពឹងថានឹងអាចបានលុយរាប់លានក្នុងពេលមួយប៉ប្រិ​ចភ្នែកយ៉ាងងាយៗ។ ចូរចងចាំថា អ្វីដែលមានបានលឿន អ្វីដែលគេធ្វើជាធ្នាក់ដើម្បីឲ្យយើងជឿជាក់ថារកលុយបានស្រួល ឬការទាក់ទាញទៅភ្នាល់ល្បែងដើម្បីមានឱកាសឈ្នះលុយមហាសាលគឺជា​វិធីឆ្ពោះទៅរកផ្នូរកប់ខ្លួនឯង និងអស់គូថខោ ឬក៏បង្កើនបំណុលជាក់ជាក់មិនខាន ដែលលទ្ធផលអាចនឹងធ្វើឲ្យយើងហ៊ានធ្វើរឿងអបាយមុខដើម្បីអាច​ស្រង់ដើមឡើងវិញ។

២. អ្នកមិនគួរលាក់បាំងបញ្ហាលុយរហូតដល់ផុងខ្លួននោះទេ

តួរអង្គនៅក្នុងរឿងSQUID GAMEសុទ្ធតែជាអ្នកព្យាយាមមិនទទួលស្គាល់ពីការផុងខ្លួនរបស់ខ្លួនកាន់តែជ្រៅទៅៗនៃបញ្ហាលុយ។ ហើយពួកគេសុទ្ធតែព្យាយាមលាក់បាំងរឿងនេះពីអ្នកជុំវិញខ្លួនរហូតដល់វាយឺតពេលស្រោច​ស្រង់លេងបាន។ ពិតមែនហើយ ការទៅរកជំនួយពីបញ្ហានេះមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែការហ៊ានសួរនាំយកយោបល់ពីអ្នកជិតស្និត ឬអ្នកជំនាញតាំងពីដំបូងគឺជារឿងមួយដែលជួយឲ្យអ្នក​គេចផុតពីជ្រោះមរណៈ និងអាចស្រោចស្រង់បានមុននឹងទុកវារហូតដល់យឺតពេល។ ដូចនេះ ប្រសិន​បើអ្នកជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ អ្នកគួរតែប្រឹក្សាពីមិត្តភក្តិ បងប្អូនដើម្បីស្វែងរកដំណោះស្រាយ ជាជាង​ទុកខ្លួនឲ្យកាន់តែផុងទៅ រហូតដល់ហ៊ានប្រព្រឹត្តរឿងគ្រប់យ៉ាងទាំងអស់ដើម្បីស្រោចស្រង់ស្ថានភាពដែលមិនអាចស្រោចស្រង់បាន!

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ