ជម្ងឺផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយរីរូសCovid-19បានធ្វើឱ្យពិភពលោករំជើបរំជួល និងព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែការរាតត្បាតយ៉ាងលឿន ហើយបានឆ្លងដល់មនុស្សរាប់សែននាក់ស្ទើរពាសពេញពិភពលោក។ បញ្ហានេះ បានធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមកាត់បន្ថយការជួបជុំ លែងហ៊ានចេញទៅកន្លែងប្រជុំជន ហើយអាជីវកម្មមិនតិចទេដែលទទួលរងផលប៉ះពាល់ ឬអាចនឹងបិទទ្វារប្រសិនបើវានៅអូសបន្លាយ។ នៅខណៈពេលដែលជួបវិបត្តិនេះ មានអាជីវកម្មជាច្រើនកំពុងត្រដរខ្យល់ ហើយក៏មានអាជីវកម្មមិនតិចទេដែលកំពុងតែមមាញឹកនៅក្នុងកាលទេសៈដ៏ច្របូកច្របល់នេះ។ ក្នុងគ្រោះជម្ងឺផ្លូវដង្ហើមនេះផងដែរ វាក៏ជាមេរៀនដ៏ល្អដែលបានបង្រៀនឱ្យម្ចាស់អាជីវកម្មចេះកែប្រែ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និងផ្តល់សារឱ្យម្ចាស់អាជីវកម្មត្រៀមខ្លួនឱ្យបានល្អជាងមុនបន្ទាប់ពីវិបត្តិនេះបញ្ចប់នៅរយៈពេលមិនយូរប៉ុន្មានទៀតនាពេលខាងមុខ។ ថ្ងៃនេះខ្ញុំសូមលើកយកចំណុច៤ ដែលទាមទារឱ្យអាជីវកម្មនៅកម្ពុជាមានការផ្លាស់ប្តូរ និងសម្របតាមស្ថានភាពពេលមានវិបត្តិ៖
១.ការលក់
ដើម្បីរក្សានិរន្តរភាពអាជីវកម្ម ការផ្លាស់ប្តូរមួយពីការលក់ជួបមុខផ្ទាល់ទៅជាការលក់តាមអនឡាញគឺជាការចាំបាច់មួយដែលខានមិនបានដោយសារតែភាពភ័យខ្លាចការជួបគ្នាផ្ទាល់អាចបង្កការចម្លងជម្ងឺ។ ការធ្វើដូចនេះ ធ្វើឱ្យអតិថិជនមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញ ឬសេវាកម្ម ហើយក៏អាចកាត់បន្ថយហានិភ័យការឆ្លងទៅកាន់បុគ្គលិកផងដែរ។ កត្តានេះ ជម្រុញឱ្យម្ចាស់អាជីវកម្មបត់បែន និងខិតខំប្រឹងប្រែងប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនក្នុងការពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនដើម្បីអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបាននៅពេលមានវិបត្តិ។ ការបន្តផ្តល់សេវាជូនអតិថិជនតាមអនឡាញ នឹងធ្វើឱ្យម្ចាស់អាជីវកម្មរក្សាម៉ូយ និងទំនុកចិត្តបានយ៉ាងល្អ។
“ពេលវេលានេះគឺជាពេវេលាមួយដែលអាចបង្រៀនឱ្យយើងចេះជាងមុន ឆ្លាតជាងមុន និងហ៊ានផ្លាស់ប្តូរនូវអ្វីដែលថ្មីដែលយើងមិនដែលហ៊ានពីមុនមក…!”
២.ដំណើរការប្រតិបត្តិ
ក្នុងស្ថានភាពបច្ចុប្បន្ន អាជីវកម្មជាច្រើននឹងបត់តាមកាលទេសៈដោយកាត់បន្ថយការជួបមុខគ្នាផ្ទាល់ និងចាប់ផ្តើមវិធីសាស្ត្រធ្វើការតាមអនឡាញ។ នេះគឺជាលំហាត់ដ៏ល្អ (អាចថាលំបាក)មួយសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាដែលមិនមានទម្លាប់នេះនាពេលកន្លងមក។ នេះអាចនិយាយបានថាជាឱកាសមួយដើម្បីបញ្ចូលបច្ចេកវិទ្យានៅក្នុងប្រតិបត្តិការងារ និងបង្រៀនបុគ្គលិកនិងម្ចាស់អាជីវកម្មឱ្យចេះប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីរក្សាប្រសិទ្ធភាពការងារទោះបីមិនបានមកការិយាល័យធ្វើការផ្ទាល់ក៏ដោយ។ ក្រៅពីនេះ ការរក្សាអនាម័យឱ្យបានល្អគឺជារឿងមួយដែលត្រូវតែមានដើម្បីកាត់បន្ថយហានិភ័យពីវីរុសដែលអាចបង្កើតជាទម្លាប់ល្អមួយបន្ទាប់ពីវិបត្តិនេះបញ្ចប់។
៣.ការត្រៀមទុនបានល្អជាមុន
ជម្ងឺផ្លូវដង្ហើមថ្មីគឺជាមេរៀនដ៏ជូរចត់មួយសម្រាប់ម្ចាស់អាជីវកម្មដែលមិនបានត្រៀមទុនបម្រុងទុកឱ្យបានល្អ។ យើងប្រាកដជាឃើញអាជីវកម្មមិនតិចទេដែលនឹងត្រូវបាត់សូន្យពីបញ្ជីដោយសារតែបញ្ហាខ្វះទុន ហើយអ្នកដែលអាចឈរជើងបាន គឺជាអាជីវកម្មដែលរឹងមាំ និងមាននិរន្តរភាពយូរអង្វែង។ ក្នុងស្ថានការណ៍ ខ្ញុំគិតថា អាជីវកម្មជាច្រើនត្រូវមានទុនបម្រុងប្រើប្រាស់ដើម្បីទប់ទល់លើការចំណាយប្រតិបត្តិមិនក្រោម៦ខែនោះទេ ដើម្បីអាចឱ្យស្ថានការណ៍ត្រឡប់មកសភាពដើមវិញ។ ប្រសិនបើម្ចាស់អាជីវកម្មមិនមានទុនបម្រុងនោះទេ វាគឺជាការលំហាត់មួយដល់ម្ចាស់អាជីវកម្មដើម្បីស្វែងរកកម្ចីពីប្រភពផ្សេងៗមកទប់ដើម្បីកុំឱ្យការរកស៊ីនេះដួលរលំ។ ហើយវានឹងក្លាយជាមេរៀនដ៏ល្អទៅថ្ងៃក្រោយសម្រាប់ការដោះស្រាយវិបត្តិខ្វះទុននេះ និងធ្វើឱ្យយើងត្រៀមខ្លួនបានល្អជាងនេះ។
៤.បង្កើនប្រសិទ្ធភាព និងទទួលយកការផ្លាស់ប្តូរ
ពេលមានវិបត្តិគឺជាពេលមួយដ៏លំបាក ហើយក៏ជាពេលមួយដែលយើងមានពេលផ្តោតលើការបង្កើនប្រសិទ្ធភាពការងារដើម្បីរស់ និងចេះធ្វើការបត់បែនទៅតាមស្ថានការណ៍ឱ្យបានលឿន។ ពេលវេលានេះគឺជាពេវេលាមួយដែលអាចបង្រៀនឱ្យយើងចេះជាងមុន ឆ្លាតជាងមុន និងហ៊ានផ្លាស់ប្តូរនូវអ្វីដែលថ្មីដែលយើងមិនដែលហ៊ានពីមុនមក ហើយក៏ជាពេលវេលាមួយដែលម្ចាស់អាជីវកម្មចាប់ផ្តើមឱ្យតម្លៃលើអ្នកជំនាញ អ្នកប្រឹក្សាដើម្បីជាជំនួយការក្នុងការដោះស្រាយវិបត្តិដែលសកម្មភាពនេះមានតិចតួចបំផុតនាពេលកន្លងមក។ ថ្វីត្បិតមានអាជីវកម្មមិនតិចទេដែលអាចនឹងបានមេរៀនជូរចត់ តែមេរៀននេះនឹងមានតម្លៃកាត់ថ្លៃមិនបានសម្រាប់បញ្ហាប្រឈមជាច្រើនក្នុងដំណើរការអាជីវកម្មនាថ្ងៃខាងមុខនេះ។